ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pompeo​ ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​តួកគី​ដើម្បី​កាត់​បន្ថយ​ភាពតានតឹង​នៃ​ទំនាក់ទំនង​ទ្វេភាគី


លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ចាប់​ដៃ​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី​ការបរទេស​តួកគី Mevlut Cavusoglu នៅ​ក្រសួង​ការបរទេស ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។
លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ចាប់​ដៃ​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី​ការបរទេស​តួកគី Mevlut Cavusoglu នៅ​ក្រសួង​ការបរទេស ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិកលោក Mike Pompeo និង​រដ្ឋមន្ត្រី​ការបរទេស​តួកគី លោក Mevlut Cavusoglu បាន​អះអាង​សារ​ជា​ថ្មី​អំពី​ការ​ប្តេជ្ញាចិត្ត​របស់​ពួកគេ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ក្តី​បារម្ភ​នានា​រួមទាំង​បញ្ហាភេរវកម្ម​ជាដើម​ នៅ​អំឡុងពេល​កិច្ចពិភាក្សា​កាល​ពី​ថ្ងៃចន្ទ​ ដែល​មាន​បំណង​ដោះស្រាយ​បញ្ហា​តានតឹង​នៃ​ទំនាក់ទំនង​ទ្វេភាគីរវាង​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​អង្គការ​អូតង់​ទាំង​ពីរ​នេះ។

រដ្ឋមន្ត្រី​ទាំងពីរ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​បន្ទាប់​ពី​បញ្ចប់​ការពិភាក្សា​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា «ប្រទេស​ទាំងពីរ​បាន​ផ្លាស់ប្តូរ​ទស្សនៈវិស័យ​ទៅ​វិញ​ទៅ​មក​អំពីបញ្ហា​ទ្វេភាគី​ និង​បញ្ហា​ក្នុង​តំបន់​ និង​បាន​បញ្ជាក់​សារ​ជា​ថ្មី​ពី​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​គ្រប់ទម្រង់​និង​រូបភាព​ទាំងអស់»។ ចំណុច​សំខាន់​នៅ​ក្នុង​របៀបវារៈ​នៃ​កិច្ចពិភាក្សានេះ​គឺ​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ចំពោះ​កងជីវពល​ស៊ីរី​ឃឺដ YPG នៅក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម។ រដ្ឋាភិបាល​ក្រុងអង់ការ៉ា​បាន​ហៅ​ក្រុម YPG ថា​ជា​ក្រុមភេរវកម្ម​ និង​បាន​ចោទ​ប្រកាន់​កងជីវពលនេះ​ថា​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុមបះបោរ​ឃឺដ​ក្នុង​ប្រទេស​តួកគី។

លោក Cavusoglu បាន​ថ្លែង​កាល​ពី​ថ្ងៃសៅរ៍ ​នៅ​មុន​ធ្វើ​ទស្សនកិច្ច​ទៅ​សហរដ្ឋអាមេរិក​ថា «សហរដ្ឋអាមេរិក​មាន​បំណង​សហការ​ជាមួយ​អង្គការ​ភេរវកម្ម​នៅក្នុង​ប្រទេសស៊ីរីជាង​ ហើយ​យើង​កំពុង​ព្យាយាម​ផ្លាស់ប្តូរ​ជំហ​របស់​ពួកគេ»៕

XS
SM
MD
LG