ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ពិភាក្សា​អំពី​ការ​រំលូត​កូន​កើត​ឡើង​ ខណៈ​ការ​ប្រមូល​ផ្តុំ​លើក​ទី៤៥​បាន​ធ្វើ​ឡើង​នៅ​រដ្ឋធានី​វ៉ាស៊ីន​តោន


មនុស្ស​ម្នា​ចូលរួម​ក្នុង​ការ​ដើរក្បួន​របស់​ស្ត្រី​ដែល​ប្រមូល​ផ្តុំ​នៅ​ក្បែរ​កន្លែង​រំឭកវិញ្ញាណក្ខន្ធ Lincoln នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។
មនុស្ស​ម្នា​ចូលរួម​ក្នុង​ការ​ដើរក្បួន​របស់​ស្ត្រី​ដែល​ប្រមូល​ផ្តុំ​នៅ​ក្បែរ​កន្លែង​រំឭកវិញ្ញាណក្ខន្ធ Lincoln នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។

ការ​ដើរ​ហែរ​ជា​ក្បួន​ប្រឆាំង​នឹង​ការ​រំលូត​កូន​​លើក​ទី​ ៤៥​ បាន​ធ្វើ​ឡើង​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាល​ពី​សប្តាហ៍​មុន។​ លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ បាន​ថ្លែង​សុន្ទរកថា​នៅ​ព្រឹត្តិការណ៍​គាំទ្រ​ជីវិត​ ដោយ​ប្រឆាំង​នឹង​ការ​រំលូត​កូន​នេះ​ពី​សេតវិមាន។​ ការ​ប្រមូល​ផ្តុំ​នេះ​ ជួន​គ្នា​នឹង​គំរប់​ខួប​លើក​ទី​ ៤៥​ របស់​ការ​សម្រេច​ Roe versus Wade​ ​ដោយ​តុលាការ​កំពូល​ក្នុង​ការ​ធ្វើឲ្យ​ការ​រំលូត​កូន​ស្រប​ច្បាប់​នៅ​សហរដ្ឋ​អាមេរិក។​ អ្នក​គាំ​ទ្រ​ការ​រំលូត​កូន​យល់​ស្រប​នឹង​ច្បាប់​នេះ​ ខណៈដែល​អ្នក​ប្រឆាំង​នឹង​ការ​រំលូត​កូន​ ចង់​ឲ្យ​ការ​សម្រេច​នេះ​មាន​ការ​ផ្លាស់​ប្តូរ។​

កាល​ពី​ឆ្នាំ​ ១៩៧៣​ តុលាការ​កំពូល​បាន​អនុម័ត​ឲ្យ​ស្ត្រី​មាន​សិទ្ធិក្នុង​ការ​រំលូត​កូន​ដោយ​ស្រប​ច្បាប់​ ដោយ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​អាមេរិក​ទី​ ១៤​ ដែល​ការពារ​សិទ្ធិ​ឯក​ជន។​ តាម​រយៈ​វិធីសាស្ត្រ​នយោបាយ​ និង​ការ​ប្រមូល​ផ្តុំ​នានា​ ទាំង​ក្រុម​ប្រឆាំង​នឹង​ការ​រំលូត​កូន​ និង​ក្រុម​គាំ​ទ្រ​ការ​រំលូត​កូន​ បាន​ធ្វើ​ឲ្យ​សំឡេង​របស់​ពួក​គេ​ត្រូវ​បាន​គេ​ដឹង​ឮ។

លោក​ស្រី​ CAROL TOBIAS​ ប្រធាន​គណៈកម្មាធិការ​ជាតិ​ដើម្បី​ការពារ​សិទ្ធិ​មាន​ជីវិត​បាន​ថ្លែង​ថា៖

«យើង​ព្យាយាម​ការ​ពារ​ទារក​ តាម​វិធី​សាស្ត្រ​គ្រប់​បែប​យ៉ាង​ ដែល​យើង​អាច​ធ្វើ​តាម​ច្បាប់​បាន»។

លោក​ស្រី​ ELEANOR SMEAL​ ប្រធាន​មូលនិធី​គាំទ្រ​ស្ត្រី​បាន​ថ្លែង​ថា៖

«យើង​គាំទ្រ​ការ​រំលូត​កូន​ដោយ​ស្រប​ច្បាប់​ និង​ការ​រំលូត​កូន​ដោយ​សុវត្ថិភាព។​ យើង​គាំទ្រ​ស្ត្រី​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ»។​

ក្រុម​អ្នក​ប្រឆាំង​នឹង​ការ​រំលូត​កូន​ សង្ឃឹម​ថា​បុព្ធហេតុរបស់​ពួក​គេ​នឹង​ត្រូវ​បាន​ដើរ​ទៅ​មុខ​ដោយ​រដ្ឋបាល​របស់​លោក​ត្រាំ​ ដែល​ជា​អ្នក​អភិរក្ស។​ នេះ​រួម​ទាំង​លោក​ Neil Gorsuch​ ដែល​លោក​ប្រធានាធិបតី​បាន​តែង​តាំង​ជា​ចៅ​ក្រម​តុលាការ​កំពូល​ ដែល​ជឿ​ជាក់​ថា​ រដ្ឋ​ធម្មនុញ្ញ​មិន​បាន​ការពារ​សិទ្ធិ​រំលូត​កូន​ទេ។

លោក​ស្រី​ Carol Tobias​ បាន​បន្ថែម​ថា​ វិធីសាស្ត្រ​មួយ​ទៀត​ដែល​បំបាត់​ការ​រំលូត​កូន​ គឺ​តាម​រយៈ​ច្បាប់​របស់​រដ្ឋ​និមួយ​ៗ។

លោក​ស្រី​ Carol Tobias​ បាន​និយាយ​ថា៖

«យើង​មិន​ចង់​ឃើញ​ការ​រំលូត​កូន​ស្រប​ច្បាប់​នៅ​គ្រប់​រដ្ឋ​នោះ​ទេ។​ ដូច្នេះ​ បើ​យើង​មាន​សភា​រដ្ឋ​ និង​អភិបាល​រដ្ឋ​ដែល​សហការ​ជា​មួយ​យើង​ ដើម្បី​អនុម័ត​ច្បាប់​ដែល​ការពារ​ទារក​ និង​ម្តាយ​ ខ្ញុំ​គិត​ថា​ នេះ​ពិត​ជា​ប្រសើរ​ខ្លាំង​ណាស់»។

ប៉ុន្តែ​ លោក​ស្រី​ Eleanor Smeal​ បាន​ថ្លែង​ថា​ ការ​ធ្វើ​ឲ្យ​ការ​រំលូត​កូន​មិន​ស្រប​ច្បាប់​ មិន​អាច​ការពារ​មនុស្ស​បាន​ទេ។

លោក​ស្រី​ Eleanor Smeal​ បាន​ថ្លែង​ថា៖

«នៅ​ពេល​ដែល​យើង​បង្ខំ​មនុស្ស​ឲ្យ​បង្កើត​កូន​នៅ​ពេល​ដែល​ពួក​គេ​កំពុង​ជួប​ផល​វិបាក​ នោះ​ អាច​ធ្វើ​ឲ្យ​មាន​ផល​អវិជ្ជមាន​ទៅ​លើ​សុខ​ភាព​របស់​ពួក​គេ​ ហើយ​និង​សុខុមាល​ភាព​របស់​ក្រុម​គ្រួសារ​ពួក​គេ»។

លោក​ស្រី​ Tobias​ បាន​ថ្លែង​ថា​ សកម្មភាព​របស់​រដ្ឋបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​ បាន​បង្ហាញ​ពី​កិច្ច​ប្រឹង​ប្រែង​ក្នុង​ការ​បំបាត់​ការ​រំលូត​កូន។​ ឧទាហរណ៍​ គោលនយោបាយ​ Global Gag Rule​ របស់​លោក​ប្រធានាធិបតី​ ត្រាំ​បាន​បង្ការ​ថវិកា​របស់​សហរដ្ឋអាមេរិក​ ទៅ​អង្គការ​អន្តរជាតិ​ណា​ដែល​គាំទ្រ​ ឬ​ធ្វើ​ការ​រំលូត​កូន។

លោក​ស្រី​ Tobias​ ក៏​សង្ឃឹម​ថា​ ច្បាប់​ដែល​ប្រឆាំង​ការ​រំលូត​កូន​ ដែល​ស្នើរ​ដោយ​សភា​ជាន់​ទាប​ ប្រហែល​អាច​នឹង​ត្រូវ​អនុម័ត​ដោយ​សភា។

លោក​ស្រី​ CAROL TOBIAS​ បាន​ថ្លែង​ថា៖

«យើង​ត្រេក​អរ​ណាស់​ ដែល​ពួក​គេ​បាន​អនុម័ត​មិន​ឲ្យ​ថរិការ​អ្នក​បង់​ពន្ធ​ ទៅ​ប្រើ​ប្រាស់​ក្នុង​ការ​រំលូត​កូន»។

ប៉ុន្តែ​ លោក​ស្រី​ Smeal ​ គិត​ថា​ កិច្ច​ប្រឹង​ប្រែង​ទាំង​នោះ​ មិន​សម​ស្រប​ជា​មួយ​នឹង​គំនិត​សាធារណៈ​របស់​ពលរដ្ឋ​អាមេរិកាំង​ភាគច្រើនអំពី​ការ​រំលូត​កូន​នោះទេ។
លោក​ស្រី​ ELEANOR SMEAL​ បាន​បន្ថែម​ថា៖

«អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​ គឺ​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​ពិបាក។​ មិន​ថា​ស្រប​ច្បាប់​ ឬ​មិន​ស្រប​ទេ​ ការ​រំលូត​កូន​នឹង​កើត​មាន​ឡើង»។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ លោក​ប្រធានាធិបតី​ត្រាំ​ បាន​មាន​ប្រសាសន៍​ថា​ លោក​ជា​អ្នក​គាំទ្រការ​រំលូត​កូន។ ប៉ុន្តែ​ នៅ​អំឡុង​យុទ្ធនា​ការ​ឃោសនា​ប្រធានាធិបតី​របស់​លោក​ លោក​បាន​បង្ហាញ​ពី​ទស្សនៈ​ថា​ គួរ​តែ​មាន​ការ​ពិន័យ​ខ្លះៗ​ចំពោះការ​រំលូត​កូន។​ លោក​ស្រី​ Tobias​ និង​លោក​ស្រី​ Smeal​ សុទ្ធ​តែ​យល់​ថា​ គំនិត​នេះ​មិន​ល្អ​ទេ។

លោក​ស្រី​ CAROL TOBIAS​ បាន​និយាយ​ថា៖

«សកម្មភាព​ប្រឆាំង​ការ​ព​ន្លូត​កូន​ មិន​ដែល​ស្វែង​រក​ការ​ពិន័យ​ទៅលើ​ស្ត្រី​ដែល​រំលូត​កូន​ទេ។​ យើង​ចង់​បញ្ឈប់​អ្នក​ជួយ​រំលូត​កូន​ដោយ​គ្មាន​ច្បាប់»។

នៅ​ក្នុង​ការ​ពិភាក្សាចុង​ក្រោយ​អំពី​ការ​ប្រឆាំង​នឹង​ការ​រំលូត​កូន រដ្ឋបាល​លោក​ត្រាំ​បាន​ឲ្យ​ដឹង​កាល​ពី​ពាក់​កណ្តាល​ខែ​មករា​ថា​ ពួក​គេ​កំពុង​រៀប​ចំ​ការិយាល័យ​ដែល​ការពារ​សិទ្ធិ​សាសនា​នៃ​អ្នក​ដែល​ផ្តល់​សេវា​ព្យាបាល​ រួម​ទាំង​អ្នក​ដែល​ប្រឆាំង​នឹង​ការ​រំលូត​កូន​ផង​ដែរ។

ប្រែសម្រួល​ដោយ លឹម​ ហ្គេចហៀង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG