ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ពេល​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ កើន​ឡើង អត្រា​គាំទ្រ​លោក Trump ថយចុះ


ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​អំពី​វីរុស​កូរ៉ូណា ខណៈ​ដែល​អនុប្រធានាធិបតី Mike Pence ឈរ​នៅ​ក្បែរ​នោះ សេតវិមាន ថ្ងៃ​សុក្រ ទី​២៤ ខែមេសា ឆ្នាំ​២០២០។
ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​អំពី​វីរុស​កូរ៉ូណា ខណៈ​ដែល​អនុប្រធានាធិបតី Mike Pence ឈរ​នៅ​ក្បែរ​នោះ សេតវិមាន ថ្ងៃ​សុក្រ ទី​២៤ ខែមេសា ឆ្នាំ​២០២០។

នៅ​ពេលចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ កាន់តែ​កើន​ឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក អត្រា​គាំទ្រ​លោក​ប្រធានាធិបតី Donald Trump ថយចុះ។

បើ​យោង​តាម​ការ​ចងក្រង​ការ​ស្ទង់​មតិ​នានា​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​គេហទំព័រ fivethirtyeight.com គេ​ឃើញ​ថា ឈាន​មក​ទល់​នឹង​ដំណាច់​ខែ​មីនា នៅ​ពេល​ដែល​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​មាន​ចំនួន​តិចតួច​នៅ​ឡើយ អត្រា​គាំទ្រ​លោក Trump មាន​ចំនួន ៤៦,៣% ហើយ​មិន​គាំទ្រ​មាន​ចំនួន ៥០,២%។

ក៏​ប៉ុន្តែ​ចាប់តាំង​ពី​ពេល​នោះ​មក គម្លាត​នៃ​អត្រា​គាំទ្រ និង​មិន​គាំទ្រ​លើ​លោក Trump កាន់តែ​ធំ​ទៅៗ នៅពេល​មាន​ដំណឹង​ថា​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ​បាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​មាន​បញ្ហា​ច្រើន​ជាង​មុន ហើយ​លោក Trump បាន​ធ្វើ​សន្និសីទ​កាសែត​សឹង​តែ​រាល់ថ្ងៃ​អំពី​កិច្ចខិតខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ​ទី ២៦ ខែ​មេសា ចំនួនមនុស្ស​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​មាន​ចំនួន ៥ ម៉ឺន ៣ ពាន់ ៩៣៤ នាក់​ហើយ។

គេហទំព័រ fivethirtyeight.com បាន​បញ្ជាក់​ថា នៅ​ពេល​នេះ អត្រា​មិន​គាំទ្រ​លោក​ប្រធានាធិបតី Trump មាន​ចំនួន ៥២,៤% ហើយ​អត្រា​គាំទ្រ​មាន​ចំនួន ៤៣,៨%។

កាល​ពី​ពេល​ថ្មីៗ​នេះ បញ្ជី​មួយ​បង្ហាញ​ថា លោក Trump មាន​អត្រា​មិន​គាំទ្រ​នៅ​ក្នុង​ការ​ស្ទង់​មតិ​ចំនួន ២៤ ក្នុង​ចំណោម​ការ​ស្ទង់​មតិ​ចំនួន ២៥ ដោយ​ការ​ស្ទង់​មតិ​មួយ​បង្ហាញ​ថា ការ​គាំទ្រ​និង​មិន​គាំទ្រ​លើ​លោក Trump មាន​ចំនួន​ស្មើ​គ្នា។

គេហទំព័រ​មួយ​ទៀត​គឺ​គេហទំព័រ realclearpolitics.com បាន​បង្ហាញ​លទ្ធផល​ល្អ​ជាង​មុន​សម្រាប់​លោក Trump ដោយ​មធ្យមភាគ​នៃ​ការ​ស្ទង់មតិ​បង្ហាញ​ថា មាន​ការ​មិន​គាំទ្រ​ចំនួន ៥១,៥% បើ​និង​ការ​គាំទ្រ​ចំនួន ៤៦%។

បញ្ជី​នៃ​ការ​ស្ទង់​មតិ​ចំនួន ១០ របស់​គេហទំព័រ​នេះ នៅ​ខែ​មេសា បង្ហាញ​ថា លោក Trump មាន​ការ​មិន​គាំទ្រ​ច្រើន​នៅ​ក្នុង​ការ​ស្ទង់​មតិ​ចំនួន ៨ ហើយ​នៅ​ក្នុង​ការ​ស្ទង់​មតិ​ពីរ​ទៀត លទ្ធផល​គឺ​ស្មើ​គ្នា។

ពិសេស​ជាង​នេះ​ទៀត អ្នក​ចូលរួម​នៅ​ក្នុង​ការ​ស្ទង់​មតិ​នេះ​ចំនួន ៥០,១% មិន​គាំទ្រ​ចំពោះ​ការ​ដោះស្រាយ​របស់​លោក Trump អំពី​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ ចំណែក​ឯ​ការ​គាំទ្រ​មាន​ចំនួន ៤៧,៣%។

បើ​ក្រឡេក​មើល​លើ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ ការ​ស្ទង់មតិ​ភាគ​ច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក បង្ហាញ​ថា លោក Trump ស្ថិត​នៅ​ពី​ក្រោយ​លោក​អតីត​អនុប្រធានាធិបតី Joe Biden ដែល​ជា​អ្នក​ដែល​ត្រូវ​បាន​សន្មត់​ថា​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ក្រោយ​ពី​យក​ឈ្នះ​បេក្ខជន​ផ្សេងៗ​ទៀត។

លោក Biden នាំ​មុខ​លោក Trump នៅ​ទូទាំង​ប្រទេស​ចំនួន ៦% ឬ ៧% នៅ​ក្នុង​ការ​ស្ទង់​មតិ​ចំនួន ៣ នៅ​សប្តាហ៍​ទី ៤ នៃ​ខែ​មេសា៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG