ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ព្រមាន​សហរដ្ឋ​អាមេរិក​កុំ​ឲ្យ​ចាប់ផ្ដើម «សង្គ្រាម​ត្រជាក់​ថ្មី» ជាមួយ​នឹង​ខ្លួន


រូប​ឯកសារ៖ លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន Wang Yi ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ កាលពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។
រូប​ឯកសារ៖ លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន Wang Yi ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ កាលពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។

រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​ថា «កម្លាំង​នយោបាយ» មួយ​ចំនួន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​យក​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​ចិន និង​សហរដ្ឋ​អាមេរិក​ធ្វើ​ជា​ចំណាប់ខ្មាំង និង​កំពុង​ជំរុញ​ឲ្យ​មហា​អំណាច​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត​ទាំង​ពីរ​នៅ​លើ​ពិភពលោក​នេះ​ឆ្ពោះ​ទៅ​រក «សង្គ្រាម​ត្រជាក់​ថ្មី​មួយ»។

ថ្លែង​នៅ​ក្រៅ​សម័យ​ប្រជុំ​របស់​រដ្ឋសភា​ចិន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​និយាយ​ថា «វីរុស​នយោបាយ​កំពុង​រាតត្បាត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក» ដែល «កំពុង​ប្រើ​គ្រប់​ឱកាស​ទាំង​អស់​ដើម្បី​វាយ​ប្រហារ និង​បង្ខូច​កេរ្តិ៍​ឈ្មោះ​ប្រទេស​ចិន»។

លោក Wang Yi បាន​បញ្ជាក់​ថា ប្រទេស​ចិន​គ្មាន​គោល​បំណង​នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ ឬ​ក៏​ជំនួស​សហរដ្ឋ​អាមេរិក​នោះ​ទេ ហើយ​ថា សហរដ្ឋ​អាមេរិក​គួរតែ​លះបង់​ចោល​នូវ «គំនិត​ចង់​បាន​របស់​ខ្លួន ដែល​ចង់​ផ្លាស់ប្ដូរ​ប្រទេស​ចិន និង​បញ្ឈប់​ប្រជាជន​ចិន​ទាំង ១ ពាន់ ៤ រយ​លាន​នាក់ នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ទំនើប​នីយកម្ម»។

រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន​លើ​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដូចជា​បញ្ហា​ពាណិជ្ជកម្ម បច្ចេកវិទ្យា និង​ជំងឺ​កូវីដ១៩ ជា​ដើម។ លោក Trump ផ្ទាល់​បាន​ចោទ​ប្រកាន់​ថា វីរុស​កូរ៉ូណា ដែល​បង្ក​ឲ្យ​កើត​ជំងឺ​កូវីដ១៩ នេះ មាន​ប្រភព​ចេញ​ពី​មន្ទីរពិសោធន៍​មួយ​នៅ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន ដែល​ជា​កន្លែង​ដែល​វីរុស​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​កាល​ពី​ចុង​ឆ្នាំ​មុន។

មួយ​វិញ​ទៀត សំណើ​ច្បាប់​ថ្មី​របស់​ប្រទេស​ចិន​សម្រាប់​ទីក្រុង​ហុងកុង គឺ​ជា​បញ្ហា​ផ្ទុះ​ឡើង​ថ្មី​ចុងក្រោយ​បង្អស់​រវាង​ភាគី​ទាំង​ពីរ។ សំណើ​ច្បាប់​សន្តិសុខ​ថ្មី​នេះ​ត្រូវ​បាន​អ្នក​រិះគន់​អះអាង​ថា នឹង​គំរាមកំហែង​ដល់​ឋានៈ​ពាក់​កណ្ដាល​ស្វ័យត​របស់​ទីក្រុង​ហុងកុង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG