ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​សង្គ្រោះជាតិ​សុំ​ឱ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ការគំរាម​សម្លាប់​លោក​ កឹម សុខា


លោក​ កឹម សុខា​ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវជន​អនាមិក​ម្នាក់​​ប្រើ​ប្រាស់​គណនីយ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ឈ្មោះ​ ផែង វណ្ណៈ​ ផ្ញើ​សារ​​គំរាម​សម្លាប់។
លោក​ កឹម សុខា​ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវជន​អនាមិក​ម្នាក់​​ប្រើ​ប្រាស់​គណនីយ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ឈ្មោះ​ ផែង វណ្ណៈ​ ផ្ញើ​សារ​​គំរាម​សម្លាប់។
ភ្នំពេញ៖ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ទាមទារ​ឱ្យអាជ្ញាធរមាន​សមត្ថកិច្ច ​បើក​ការ​ស៊ើប​អង្កេត​ចំពោះ​ការ​ផ្ញើ​សារ​គំរាម​កំហែង​សម្លាប់​លោក​កឹម សុខា​ តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

កាល​ពី​ថ្ងៃពុធ​ ជន​អនាមិក​ម្នាក់​ដោយ​ប្រើ​ប្រាស់​គណនីយ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ឈ្មោះ​ ផែង វណ្ណៈ​ បាន​ផ្ញើ​សារ​សរសេរ​ជា​អក្សរ​ខ្មែរ​ដោយ​ភ្ជាប់​ជាមួយ​នឹង​រូប​ភាព​កាំភ្លើង​ខ្លី​និង​គ្រាប់​ចំនួន​៧​គ្រាប់។​

នៅ​ក្នុង​បណ្តាញ​គណនីយ​សង្គម​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះ ​ផែង វណ្ណៈ ​បាន​សរសេរ​ថា ​ទុក៧គ្រាប់​ឱ្យលោក​កឹម សុខា។ ​គ្រាប់ទី​១បាញ់​ចំដៃ​ឆ្វេង​ គ្រាប់​ទី២​បាញ់​ចំ​ដៃ​ស្តាំ​ គ្រាប់​ទី​៣​បាញ់​ចំជើង​ឆ្វេង​ គ្រាប់​ទី​៤​បាញ់​ចំជើង​ស្តាំ​ គ្រាប់​ទី​៥​បាញ់​ចំ​ពោះ​ គ្រាប់​ទី​៦បាញ់​ចំ​បេះ​ដូង​និង​គ្រាប់​ទី​៧​បាញ់​ចំ​ក្បាល​លោក​ កឹម សុខា។​

លោក យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិបាន​ចាត់​ទុក​ថា ​នេះជា​សារ​គំរាម​កំហែង​ដល់​សុវត្ថិភាព​លោក ​កឹម សុខា​ ហើយ​លោក​ទាមទារ​ឱ្យអាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​តែ​បើក​ការ​ស៊ើប​អង្កេត​ ដើម្បី​នាំ​ជន​សង្ស័យ​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់។

លោក​និយាយ​ថា៖​

«ខ្ញុំ​យល់​ឃើញ​ថា​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ដើម្បី​កុំឱ្យមាន​បទ​ឧក្រិដ្ឋ​របៀប​ហ្នឹង​ចំពោះ​អ្នក​នយោបាយ»។​

សារ​គំរាម​កំហែង​លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ចែក​ផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ និង​បាន​ផ្សព្វ​ផ្សាយ​លើ​ទំព័រ​ការ​សែតក្នុង​ស្រុក​ផង​ដែរ។​

លោក​ កឹម សុខា​ មិន​អាច​ស្នើ​សុំ​ដើម្បី​ទំនាក់​ទំនង​បាន​ទេ ​ដោយ​សារ​លោក​កំពុង​ជាប់​រវល់​នៅ​ឯ​សហរដ្ឋ​អាមេរិក។​

លោក​ ផែង វណ្ណៈ​ ដែល​មាន​រហ័សនាម​ហៅថា​ទិវា​០៣​ អតីត​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរ​បាល​ក្រុង​ភ្នំពេញ ​ដែល​មាន​គណនីយ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ដែល​ត្រូវ​បានគេ​ជឿជាក់​ថា​ បាន​ប្រើ​ជា​សារ​គំរាម​កំហែង​ដល់លោក​កឹម សុខា​ បាន​បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​នេះ។

លោក​បាន​និយាយ​ថា ​មាន​ជន​ទី៣​បាន​យក​គណនីយ​ដែល​មាន​ឈ្មោះ​ដូចគ្នា​ទៅផ្ញើ​សារ​ទៅ​គំរាម​លោក ​កឹម សុខា។​

លោក​និយាយ​ថា៖

​«ការ​គំរាម​កំហែង​លោក​ កឹម សុខា​ លោក​ស្អីតាម​ហ្វេស​ប៊ុក​ហ្នឹង​ខ្ញុំ​បដិសេធ​ខ្ញុំ​អត់​មាន​ទេ​...​ ចង់​ជម្រាប​បង​ថា ​ខ្ញុំ​អ្នក​រៀន​ចេះ​ដឹង​មួយ​ដែរ​ហើយ​ជាអ្នក​អនុវត្ត​ច្បាប់​ផង​ខ្ញុំ​ក៏​ល្ងង់​ម៉េ្លះ​ដែល​យក​ឈ្មោះ​ខ្លួន​ឯង រូប​ខ្លួន​ឯង​ Account​ ខ្លួន​ឯង​ទៅ​គំរាម​គាត់​ហ្នឹង។ ​ខ្វះ​អ្វីបង​Account​ ក្លែង​ក្លាយ​ច្រើន​ណាស់​យើង​ចង់​បង្កើត​ចង់​គំរាម​អ្នក​ណា​ យក​Account​ក្លែង​ក្លាយ​ប្រើទៅ​ចាំ​បាច់​យក​មក​ប្រើ​ខ្លួន​ឯង?»។​

លោក​ ឧត្តម​សេនីយ៍​ឯក​ ខៀវ សុភ័គ​ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​និង​លោក​ គៀត ច័ន្ទថារិទ្ធ​អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ មិន​អាច​ស្នើ​សុំ​ដើម្បី​ទំនាក់​ទំនង​បាន​ទេ។​

លោក​ឧត្តមសេនីយ៍​ឯក​ ជួន សុវណ្ណ​ ស្នងការ​នគរ​បាល​ក្រុង​ភ្នំពេញ​ត្រូវ​បាន​អ្នក​លើក​ទូរស័ព្ទ​ដែល​មាន​សំឡេង​ដូច​គ្នា​បេះ​បិត​នឹង​លោក​ជួន សុវណ្ណ​និយាយ​ថា ​លោក​ជាអ្នក​ជំនួយ​ការ​ទៅ​វិញ​ហើយ​បាន​ប្រាប់​ថា​លោក​ជួន សុវណ្ណ​កំពុង​ជាប់​រវល់។​

«ខ្ញុំ​មិន​មែន​ស្នង​ការ​ទេ។ ​ខ្ញុំ​ជំនួយការ ​គាត់​កំពុង​ជាប់​ប្រជុំ។ ​គាត់​ទុក​ទូរស័ព្ទ​ខ្ញុំ​នៅ​ខាង​ក្រៅ»។​

លោក​ ចាន់ សូវ៉េត​ អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក​បាន​បញ្ជាក់​ថា​ ការ​គំរាម​កំហែង​នេះ ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​តែធ្វើ​ការ​ស៊ើប​អង្កេត​ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​ថា ​គេមាន​ចេតនា​ធ្វើ​ឃាត​លោក​ កឹម សុខា ​ឬ​ក៏​យ៉ាង​ណា។

លោក​និយាយ​ថា​៖​

«​បើសិន​ជា​មិន​មាន​ការ​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ​រក​ឱ្យឃើញ​ដើម្បី​ផ្តទ្ទាទោស​ជន​ល្មើស​ទេ ​វា​ធ្វើ​ឱ្យជន​ដទៃ​ផ្សេង​ទៀត​នៅ​តែមាន​ឱកាស​ក្នុង​ការ​គំរាម​កំហែង​ដោយ​គ្មានការ​ភ័យ​ខ្លាច»។​

កាល​ពី​ខែ​មុន​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ក្រោយ​ពីបាន​ផ្ញើ​សារ​បរិហារ​កេរ្តិ៍​កងកម្លាំង​មាន​សមត្ថកិច្ច​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​តែ​ក្រោយ​មក​បាន​ដោះ​លែង​វិញ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG