ប៉ូលិសបាននិយាយថា ក្រុមអ្នកវាយប្រហារដែលគេមិនដឹងអត្តសញ្ញាណបានធ្វើការវាយប្រហារនៅក្នុងអគារមានហាងលក់ទំនិញច្រើនមួយនៅក្នុងប៉ែកខាងកើតនៃក្រុងបាកដាដ (Baghdad) ដោយបានបាញ់កាំភ្លើងទៅក្នុងផ្នែកមួយមានមនុស្សអ៊ូអរក្រោយពីគ្រាប់បែកក្នុងឡានមួយគ្រឿងបានផ្ទុះនៅខាងក្រៅអគារនោះ ហើយបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៧នាក់ស្លាប់។
ប្រភពសន្តិសុខបាននិយាយថា គេដឹងមិនច្បាស់លាស់ទេថាតើពួកអ្នកធ្វើការវាយប្រហារដែលប្រហែលមានពាក់អាវកាក់អត្តឃាតបានសម្លាប់មនុស្សឬបានចាប់មនុស្សធ្វើជាចំណាប់ខ្មាំងឬទេនៅក្នុងអគារ Jawaher mall នៅក្នុងសង្កាត់ Jadida នៃក្រុង Baghdad ដែលមានអ្នកស្រុកភាគច្រើនជាអ្នកកាន់សាសនាឥស្លាមនិកាយShi'ite។
ក្រុមប៉ូលិសនិងប្រភពពេទ្យបាននិយាយថា មានមនុស្ស៧នាក់ត្រូវបានសម្លាប់និងមានមនុស្សយ៉ាងតិចណាស់១៤នាក់ទៀតត្រូវបានរបួសនៅក្នុងការផ្ទុះគ្រាប់បែកក្នុងឡាន។
ប៉ូលិសវរសេនីយ៍ឯកម្នាក់បាននិយាយថា ជនប្រដាប់អាវុធនៅតែស្ថិតនៅក្នុងមជ្ឈមណ្ឌលលក់ទំនិញនោះនៅឡើយ ហើយលោកបានថ្លែងបន្ថែមថាមានការព្រួយបារម្ភថា ក្រុមអ្នកធ្វើការវាយប្រហារមានពាក់ខ្សែក្រវាត់ដាក់គ្រឿងផ្ទុះសម្រាប់ធ្វើអត្តឃាត។
លោកបានពណ៌នាអគារផ្សារទំនើបនេះថាជាអគារមួយមានបួនឬប្រាំជាន់នៅក្នុងតំបន់ពាណិជ្ជកម្មមានសកម្មភាពមមាញឹកមួយក្នុងសង្កាត់ al-Jadida នៃផ្នែកខាងកើតក្រុងBaghdad ដែលមានអ្នកស្រុកភាគច្រើនជាអ្នកកាន់សាសនាឥស្លាមនិកាយShi'ite៕