ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលីស៖​ គ្រោះ​ថា្នក់​ចរាចរណ៍​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​បីថ្ងៃ​ ក្នុង​ឆ្នាំ​២០១៨​ ថយ​ចុះ​ទាំង​ករណី​ស្លាប់​ និង​របួស


រូបឯកសារ៖ ប៉ូលីស​ចរាចរណ៍​ កំពុង​ជួយ​សម្រួល​លំហូរ​ចរាចរណ៍​ជូន​ពលរដ្ឋ​កម្ពុជា ដែល​ធ្វើដំណើរ​ទៅកាន់​ស្រុក​កំណើត​ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៣ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​​​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ​បើក​ហួស​ល្បឿន​ មិន​គោរព​សិទ្ធិ​ បើក​ជែង​ បត់​គ្រោះថ្នាក់​ ​បើក​បរ​ដោយ​មាន​ជាតិ​ស្រវឹង​ ​មិន​ប្រកាន់​ស្តាំ​​ និង​បើកបរ​ដោយ​ងងុយ​ដេក។

បន្ទាប់ពី​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​រយៈពេល​៣​ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី​១៤​ ​ដល់ថ្ងៃទី​១៦​ ខែ​មេសា ត្រូវ​បាន​បញ្ចប់​ ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ​បាន​ចេញ​របាយការណ៍​មួយ​បង្ហាញ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ​ ​មាន​ការ​ថយ​ចុះ​ ​ដោយ​សារ​ប្រជា​ពលរដ្ឋ មាន​ការ​យល់​ដឹង​ពី​គ្រោះថ្នាក់​ ​និង​ច្បាប់​ចរាចរណ៍​បាន​ច្រើន​ជាង​មុន។​

គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​២០១៨​ ​រយៈពេល​៣​ថ្ងៃ​ កើត​ឡើង​ចំនួន​៥៥​លើក​ ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​២៦​នាក់​ ​របួស​ធ្ងន់​៥៨​នាក់​ ​និង​ស្រាល​២៣នាក់។​ ​តួលេខ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ​មានការថយ​ចុះ​ ​បើ​ធៀប​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​រយៈពេល ៣​ថ្ងៃ​ ដូច​គ្នា​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ ​ឆ្នាំ​២០១៧។​

បើ​តាម​របាយការណ៍របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ​ចេញ​កាល​ពី​ថ្ងៃទី​១៦​ ​ខែ​មេសា​ ​បង្ហាញថា​ ​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោក​ទូ​ទាំង​ប្រទេស​ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិខ្មែរ​ រយៈពេល​៣​ថ្ងៃ​ គិត​ពី​ថ្ងៃ​ទី​១៤​ ​ដល់ ថ្ងៃទី​១៦​ ​ខែ​មេសា​ ​ឆ្នាំ​២០១៨​ ​ថយ​ចុះ​១៩​លើក​ ​មនុស្ស​ស្លាប់​ថយចុះ​៣​នាក់​ ​របួស​ធ្ងន់​ថយ​ចុះ​២៣នាក់​ ​និង​របួស​ស្រាល​ថយ​ចុះ៣៤​នាក់។​

បើ​តាម​របាយការណ៍​ដដែល​បញ្ជាក់​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់ចរាចរណ៍​ រួម​មាន​ ​បើក​ហួស​ល្បឿន​ មិន​គោរព​សិទ្ធិ​ បើក​ជែង​ បត់​គ្រោះថ្នាក់​ ​បើក​បរ​ដោយ​មាន​ជាតិ ស្រវឹង​ ​មិន​ប្រកាន់​ស្តាំ​ និង​បើកបរ​ដោយ​ងងុយ​ដេក។​

លោក​ ​រុន រ័ត្នវាសនា​ ​ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ​និង​សណ្តាប់ធ្នាប់​សាធារណៈ​ ​ប្រាប់ VOA​ ​នា​រសៀល​ថ្ងៃ​អង្គារនេះ​ថា​ ​ការ​ថយ​ចុះ​នៃ​ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ ​ឆ្នាំ​២០១៨​នេះ​ ​បង្ហាញ​ពី​ភាព​វិជ្ជមាន​ដែលបណ្តាល​មកពី​ប្រជាពលរដ្ឋ​មានការ​យល់ ដឹង​ច្រើន​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ ​និង​ច្បាប់​ចរាចរណ៍។

លោក​បន្ថែម​ថា​ ​បើទោះ​បី​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការ​ថយចុះក្តី​ ​ប៉ុន្តែ​លោក​ថា​ ​ប្រជា​ពលរដ្ឋ​ត្រូវ​តែ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ ​និង​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បើកបរ​ ​ជាពិសេស​ពាក់ព័ន្ធ​នឹងស្ថានភាព​ល្បឿន និង​ការពិសារ​គ្រឿង​ស្រវឹង។​

លោក​បញ្ជាក់​ថា៖​

«យើង​ឃើញ​ថា​ តួលេខ​នេះ​គឺ​ល្អ​បំផុត​ហើយ​ដែល​យើង​ឃើញ​ថា​ ​បើ​ទោះបី​ជា​មធ្យោបាយ​ធ្វើ​ដំណើរមាន​ការ​កើនឡើង​យ៉ាងណា​ក៏​ដោយ ក៏​បន្តែ​តួលេខ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ហ្នឹង​មាន​ការ​ថយ​ចុះ​វិញ។ ហើយ​យើង​សូម​ឲ្យ​មាន​ការ​ថយ​ចុះ​ជា​រៀង​រហូត​ ​អញ្ចឹង​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ​ការ​ធ្វើ​ដំណើរ​របស់​គាត់​ ​ត្រួត​ពិនិត្យ​មើល​បច្ចេកទេស​ ​មើល​ហ្វ្រាំង​ ​ពាក់​មួក​សុវត្ថិភាព​ ​ឬ​បើកបរ​ហ្នឹង​គោរព​ច្បាប់​ចរាចរណ៍»។​

គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៣​ថ្ងៃ​ ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ ​កាលពី​ឆ្នាំ​២០១៧​ក​ន្លង​ទៅ​ ​មាន​ចំនួន​៧៤​លើក​ ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២៩​នាក់​ ​របួស​ធ្ងន់​៨១​នាក់​ ​និង​របួស​ស្រាល​៥៧​នាក់៕

XS
SM
MD
LG