ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នយោបាយ​ខ្មែរ​ខ្វែង​មតិ​គ្នា​អំពី​ប្រជាធិបតេយ្យ​ក្នុង​សារ​ជូនពរ​ចូលឆ្នាំ​ថ្មី


រូប​ឯកសារ៖ លោក សាយ​ ឈុំ​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ថ្ងៃទី១​ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​ សង្កាត់​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

ដោយ​ហេតុថា​ ​កម្ពុជា​ក៏​កំពុង​ឆ្ពោះ​ទៅ​រក​ការ​​បោះឆ្នោត​ជ្រើស​តាំងតំណាង​រាស្ត្រ​នៅ​ពេល​ខាង​មុខ​នេះ​ ​លោក​ ​សាយ ឈុំ​ ​ក៏បានលើក​ឡើង​ក្នុង​សារ​លិខិត​​របស់​លោក​ថា​ ​ប្រជាពលរដ្ឋ​ខ្មែរ​ នឹង​មាន​សិទ្ធិ​ក្នុង​ការ​បង្កើត​រដ្ឋសភា​​ដែល​នឹង​នាំដល់​ការ​ជ្រើស​តាំង​រដ្ឋាភិបាល​ថ្មី​មួយ។

នាឱកាស​ជិត​ដល់​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ ​ប្រពៃណី​ខ្មែរ​ ​មេដឹកនាំ​ព្រឹទ្ធសភា​កម្ពុជា​ បាន​ផ្ញើ​សារ​លិខិត​ជូនពរ​ដល់​ ​សម្តេច​ព្រះមហាសង្ឃរាជ​ទាំងពីរ​គណៈ​ ​អង្គព្រះមហាក្សត្រ​ ​និង​មេដឹក​នាំ​កំពូល​ៗ​កម្ពុជា​ ដោយ​បាន​បង្ហាញ​ពីការ​ប្តូរ​ផ្តាច់​ ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា​ ទៅតាម​គន្លង​ប្រជាធិបតេយ្យ​សេរី​ ​ពហុបក្ស។

យ៉ាងណាក្តី​ ​ការណ៍​នេះ​ ​គឺ​ផ្ទុយ​ពី​ការអះអាង​របស់​លោក​ ​សម រង្ស៊ី​ ​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ដែល​យល់​ថា​ ពន្លឺ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​នៅ​មិនទាន់​ភ្លឺខ្លាំង​នៅឡើយ​ នៅគ្រា​ដំណើរ​ការ​រៀបចំ​បោះឆ្នោត​បច្ចុប្បន្ន​ត្រូវបាន​លោក​ចោទ​ថា​ ជា​ដំ​ណើរ​ការ​បោះឆ្នោត​ក្លែង​ក្លាយ។

ក្នុង​សារលិខិត​របស់​លោក​ សាយ​ ឈុំ​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ចេញផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន​ស្និទ្ធនឹង​រដ្ឋាភិបាល​នៅថ្ងៃ​ពុធ​នេះ​បាន​សរសេរ​ថា​៖

«អាស្រ័យ​ដោយមានការ​ខិតខំ​ប្រឹងប្រែង​ជា​អតិបរមា​ របស់​កម្លាំង​មហាសាមគ្គី​ជាតិ​ដ៏រឹងមាំ​ ព្រម​ជាមួយ​ការ​ឧបត្ថម្ភ​គាំទ្រ​របស់​ប្រទេស​ជាមិត្ត​ជិត​ឆ្ងាយ​ និង​អង្គការ​អន្តរជាតិ​នានា​ ប្រជាជាតិ​យើង​ជម្នះ​បាន​នូវ​ឧបសគ្គ​ និងការ​លំបាក​តូច​ធំ​ផង​ទាំង​ឡាយ​ប្រកបដោយ​ជោគជ័យ។​ យើង​បំពេញបាន​ល្អ​នូវ​ភារកិច្ច​ការ​ពារ​សនិ្តភាព​ និង​ការ​អភិវឌ្ឍ​ ការពារ​ឯករាជ្យ​ អធិបតេយ្យ​ និង​បូរណភាព​ដែន​ដី​ ជាពិសេស​បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ មាន​កំណើន​ខ្ពស់​ជា​បន្តបន្ទាប់​ ហើយ​ប្រជាពលរដ្ឋ​ទាំង​មូល​ សុទ្ធ​តែ​ទទួល​បាន​គុណប្រយោជន៍​ដោយ​សមធម៌​ និង​តម្លាភាព»។

លោក​សាយ​ ឈុំ​ ដែល​ជា​ប្រធាន​ព្រឹទ្ធសភា​ផងនោះ​ បានបន្ត​ថា៖ «ដោយឡែក​ ស្ថាប័នព្រឹទ្ធសភា​បាន​បន្តរួម​ចំណែក​ពូន​ជ្រុំ​ប្រជាធិបតេយ្យ​ភាវូបនីយ​កម្ម​សង្គម​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ និង​ឲ្យ​ការ​អនុវត្ត​គោល​នយោបាយ​វិមជ្ឈការ​ ​និង​វិសហមជ្ឈការ​កាន់​តែ​ទូលំ​ទូលាយ​ ​សំដៅ​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ប្រជា​ពលរដ្ឋ​ លើក​កម្ពស់​ការ​គ្រប់​គ្រង​សេដ្ឋកិច្ច​សង្គម​ធានា​ការ​ពារយុត្តិធម៌​ ​និង​ការ​គោរព​សិទ្ធិមនុស្ស​ ដើម្បី​ភាព​រីកលូតលាស់​ និង​ភាព​សុខដុមរមនា​យូរ​អង្វែង​នៃ​សង្គម​ជាតិយើង​»។

ដោយ​ហេតុថា​ ​កម្ពុជា​ក៏​កំពុង​ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត​ជ្រើស​តាំងតំណាង​រាស្ត្រ​នៅ​ពេល​ខាង​មុខ​នេះ​ ​លោក​ ​សាយ ឈុំ​ ​ក៏បានលើក​ឡើង​ក្នុង​សារ​លិខិតរបស់​លោក​ថា​ ​ប្រជាពលរដ្ឋ​ខ្មែរ​ នឹង​មាន​សិទ្ធិ​ក្នុង​ការ​បង្កើត​រដ្ឋសភាដែល​នឹង​នាំដល់​ការ​ជ្រើស​តាំង​រដ្ឋាភិបាល​ថ្មី​មួយ។

លោកបាន​បញ្ជាក់​ថា៖

«ក្រោម​ដំបូល​នៃរដ្ឋធម្ម​នុញ្ញ​ និង​ក្រោមព្រះរាជកិច្ចដឹកនាំ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​សីហមុនី​ ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា​ ជា​ទីគោរព​សក្ការៈដ៏ខ្ពង់​ខ្ពស់​បំផុត ព្រះរាជាណាចក្រ​កម្ពុជា​បន្តអនុវត្ត​របបប្រជាធិបតេយ្យ​ សេរី ពហុបក្ស​ និងនីតិរដ្ឋ​ ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវខ្ពស់។ ជាក់​ស្តែង​ ការបោះឆ្នោត​សកល​ ដើម្បី​ជ្រើសតាំង​តំណាងរាស្រ្ត​ នាថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​ ខាងមុខនេះ​ គឺជា​ឱកាស​ដ៏វិសេស​វិសាល​ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​អាច​សម្តែង​នូវសិទ្ធិ​ធ្វើ​ជាម្ចាស់​របស់​ខ្លួន​ ដើម្បី​បង្កើត​រដ្ឋសភា​នីតិកាល​ទី​៦ និង​ជ្រើសតាំង​រាជរដ្ឋាភិបាលអាណត្តិ​ថ្មី»។

ប៉ុន្តែ​សារជូន​ពរចូល​ឆ្នាំ​ ​របស់​លោក​សម រង្ស៊ី​ អតីតប្រធានគណបក្ស​សង្គ្រោះជាតិ​ មានន័យផ្ទុយ​ពី​សារ​លិខិត​របស់លោក​សាយ ឈុំ។​ នេះបើតាម​សារ​របស់​លោក​ សម រង្ស៊ី​ ដែល​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នៅ​ថ្ងៃ​ពុធនេះ។

លោក​ សម រង្ស៊ី ដែល​ជាប្រធាន​ចលនា​សង្គ្រោះជាតិ​ផងដែរនោះ​ ​បានសរសេរ​ថា៖​

«​ក្នុង​ឱកា​ស​បុណ្យចូល​ឆ្នាំថ្មី​ ប្រពៃណី​ខ្មែរ​ ឆ្នាំ​ ច សំរឹទ្ធិស័ក​ ពុទ្ធ​សករាជ​ ២៥៦២នេះ ខ្ញុំសូម​ប្រសិទ្ធិពរ​ជូន​បង​ប្អូនជនរួមជាតិ ព្រម​ទាំង​ក្រុម​គ្រួសារ នៅក្នុង​ប្រទេស​កម្ពុជា​ និង​នៅក្រៅ​ប្រទេស​ សូម​ឲ្យមាន​សុខភាព​ល្អ​ សុភមង្គល​ក្នុង​គ្រួសារ និង​ទទួលបាន​ជោគជ័យ​ ក្នុង​កិច្ចការ​និងមុខរបរ​ទាំងអស់ សូមឲ្យ​បាន​សម្រេច​ដូចសេចក្តីប្រាថ្នា»។

លោក ​សម រង្ស៊ី បាន​បន្ថែមថា៖

«​ចំពោះ​ប្រទេស​កម្ពុជា​យើង​ ខ្ញុំ​សូម​បួងសួង​ដល់​ ​វត្ថុ ស័ក្តិ​សិទ្ធ​ទាំងអស់ក្នុងលោក--ហើយខ្លួន​ខ្ញុំនិង​អ្នក​តស៊ូ​ទាំងអស់​ ​ក្នុង​ជួរគណបក្សសង្គ្រោះជាតិ និង​ចលនា​សង្គ្រោះ​ជាតិ​ យើង​ក៏នឹងខិតខំ​ខ្លួន​យើង​ទាំងអស់​គ្នា​ ​ធ្វើ​យ៉ាង​ណា​--ឲ្យប្រជារាស្ត្រខ្មែរ ចាប់​ផ្តើម​បានឃើញ​នូវពន្លឺប្រជាធិបតេយ្យ សេរីភាព និង​យុត្តិធម៌ ​យ៉ាងពិតប្រាកដ ក្នុងឆ្នាំថ្មីនេះ។ ជា​ពិសេស​ សូមឲ្យ​ដំណើរ​ការ​បោះឆ្នោត​ក្លែងក្លាយ​សព្វថ្ងៃ​ ​ក្លាយ​ទៅជា​ដំណើរការ​បោះឆ្នោត​ត្រឹមត្រូវ​វិញ ក្នុង​ពេលមួយសមស្រប ដើម្បី​ឲ្យ​ប្រជា​រាស្ត្រ​ខ្មែរ​ ​មាន​ឱកាស​បង្ហាញ​ឆន្ទៈ​របស់​លោកយ៉ាង​ពិត​ប្រាកដ​ដែលអ្នក​នយោបាយ​ទាំង​អស់​ ត្រូវ​តែ​គោរព​ដាច់​ខាត»។

ក្នុងសារ​ដាច់​ដោយឡែកមួយទៀត​ដែលត្រូវបាន​បង្ហោះលើ​ទំព័រហ្វេសប៊ុក​ របស់​លោក​ សម រង្ស៊ី បាន​សរសេរ​ថា៖

«​លោក ហ៊ុន សែន​ បាន​បំផ្លិច​បំផ្លាញ​លទ្ធិប្រជាធិប​តេយ្យ​ និង​បំបាត់​សិទ្ធិមនុស្ស​ ដោយរារាំង​មិន​ឲ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​បំបិទ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ឯករាជ្យ»។

សារ​នយោបាយ​នេះ​ គឺ​ជាការ​ផ្តល់​សក្ខីកម្ម​របស់អ្នកស្រី​ មូរ​ សុខហួរ​ អនុប្រធានគណ​បក្សគណបក្ស​សង្គ្រោះជាតិ​ ដែលត្រូវបានរំលាយ។​ អ្នកស្រី​មូរ សុខហួរ​ បានលើក​ឡើង​យ៉ាងដូច្នេះ​ នៅចំពោះ​មុខ​សភា​សហព័ន្ធ​របស់​ប្រទេស​កាណាដា។

លោក​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ ​បានការ​ពារ​ប្រធានបក្ស​របស់​លោក​ គឺ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

លោក​សាយ​ ឈុំ​ បានថ្លែង​កោតសរសើរ​លោក​ហ៊ុន សែន​ ដោយ​ចាត់​ទុក​លោក​ហ៊ុន សែន​ថា​ ជា​មេដឹក​នាំ​ដ៏ឈ្លាសវៃ​ ​«ដែល​ក្នុង​ឆ្នាំ​កន្លងទៅ​បាន​បំពេញ​តួនាទី​ដ៏ឧត្តុង្គ​ឧត្តម​ ហើយ​បាន​នាំមកនូវការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ល្អប្រសើរ​មួយ​កម្រិត​ថែមទៀត»។

សារ​នយោបាយមានខ្លឹម​សារ​ផ្ទុយគ្នា​អំពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅកម្ពុជា​ របស់​អ្នកនយោបាយ​ខ្មែរ​ដែលកំពុង​ក្តាប់​អំណាច​ និង​អ្នកនយោបាយ​ខ្មែរ​ ដែល​បាន​រត់​គេច​ខ្លួនចេញទៅក្រៅប្រទេស បាន​ធ្វើឡើង​ មុន​បី​ថ្ងៃ​នៃ​ការប្រារព្ធ​ពិធីចូលឆ្នាំ​ប្រពៃណីខ្មែរ​ ដែលនឹង​ប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃទី​ ១៤​ ដល់​ថ្ងៃ​ទី​១៦​ ខែ​មេសា​ខាងមុខនេះ។បើរាប់​ពីពិធី​បុណ្យចូល​ឆ្នាំនេះទៅ​ ប្រទេស​កម្ពុជា​ នៅមានពេល​ប្រមាណជាង​បីខែ​ទៀតតែប៉ុណ្ណោះ សម្រាប់ដំណើរការ​រៀបចំការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ ដែល​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ហៅកាត់​ថា​ (គ.ជ.ប.)​ បាន​សម្រេច​ជាផ្លូវ​ការ​កាលពីពេល​ថ្មីៗនេះថា​ ការបោះឆ្នោត​សម្រាប់​នីតិកាល​ទី៦នេះ​ នឹង​រៀបចំនៅថ្ងៃ​ទី​ ២៩​ ខែ​កក្កដា​ ឆ្នាំ​ ២០១៨។

VOA ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក​ ​ឌឹម សុវណ្ណារុំ​ អ្នកនាំពាក្យ​របស់​គ.ជ.ប.​ អំពីការ​ចោទប្រកាន់​របស់​លោក​សម រង្ស៊ី​ ដែល​ចោទថា​ ដំណើរការបោះឆ្នោតសព្វថ្ងៃ​ ជាដំណើរការបោះឆ្នោត​ក្លែងក្លាយ តែ​លោក​ជាប់ប្រជុំ។

យ៉ាងណាក៏ដោយ​ ​គ.ជ.ប.​ ​បានចេញសេចក្តីប្រកាស​មួយ​កាលពីពេល​ថ្មីៗនេះថា​ ការបោះឆ្នោត​ខាង​មុខ​នឹង​មិន​ខុស​ច្បាប់នោះទេ​ ខណៈដែល​មានការ​លើកឡើង​អំពី​អវត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

សេចក្តីប្រកាស​របស់​ គ.ជ.ប​ ចុះថ្ងៃទី​១០ ខែ​មេសា​ ឆ្នាំ​ ២០១៨​ បានស្រង់ប្រសាសន៍របស់​លោក​ ស៊ិក ប៊ុនហុក​ ប្រធាន គ.ជ.ប ថា៖

«គ.ជ.ប.​ ​គឺ​ជា​អង្គការ​ដែលមាន​សមត្ថកិច្ច​រៀបចំ​ចាត់​ចែង​ និង​គ្រប់គ្រង​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ ​និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ ព្រម​ទាំង​ការ​បោះឆ្នោត​ផ្សេង​ទៀត​ តាម​ការ​កំណត់​នៃ​ច្បាប់»។

សម្រាប់​ក្រុម​អ្នកសង្កេត​ការណ៍​បោះឆ្នោត​ដែលមិន​រណប​នឹង​រដ្ឋាភិបាល​ មិនបាន​ផ្តល់​ការសន្និដ្ឋាន​ថា ការ​បោះឆ្នោត​ខែកក្កដា​ខាងមុខ​ខ្វះភាពស្រប​ច្បាប់​ឬយ៉ាងណា​នោះឡើយ​ តែពួកគេ​ថា​ នឹង​ធ្វើការ​សម្រេច​ចិត្ត​មួយ​សម្រាប់​ការ​ចូលរួមសង្កេត​ការណ៍បោះឆ្នោត​នេះ​ ​នៅ​ពេល​ការ​ចុះ​បញ្ជី​ឈ្មោះ​គណ​បក្ស​នយោបាយ​ ​និងបេក្ខជន​ត្រូវបាន​បញ្ចប់​នៅពាក់​កណ្តាល​ខែឧសភា។

រីឯក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ ក៏​កំពុង​តាមដាន​យ៉ាង​ដិតដល់​ចំពោះការ​វិវត្តន៍នានា​នៃ​នយោ​បាយ​នៅកម្ពុជា​ ដោយ​ក្នុង​នោះ​មាន​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ ដែល​បាន​ព្រមាន​ជារឿយ​ៗ​ថា​ ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាក់លាក់​មួយ​ អាចនឹង​ធ្វើ​ឡើង​ ប្រសិន​បើ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​មិន​បកក្រោយ​ស្តារ​លំហ ប្រជាធិបតេយ្យ​ឡើងវិញនោះ។ លំហ​ប្រជាធិបតេយ្យសមស្របមួយ​ដែល​សហគមន៍​ទាំងពីរ​ចង់​បាន​ គឺការ​បោះឆ្នោត​ដែលមានគណបក្ស​ប្រឆាំង​សង្គ្រោះជាតិ​ចូលរួម និង​ការ​ធានា​បាន​នៃសេរីភាព​ក្រុម​អង្គការ​សង្គមស៊ីវិល​ ក៏ដូច​ជា​ប្រពន្ធផ្សព្វផ្សាយ​ឯករាជ្យ​ ដែលមិន​ស្តាប់​បង្គាប់​តាម​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែលលោក​សាយ ឈុំបានកោតសរសើរ​នោះ​ មិនញញើត​នឹង​ទណ្ឌកម្ម​របស់​អន្តរជាតិឡើយ។

លោក​ហ៊ុន សែន​ ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រប់គ្រង​ប្រទេស​ជាង​៤០ឆ្នាំ​មក​នោះ​ ​បាន​ប្រកាស​នា​ពេល​កន្លង​មក​ជា​ញឹក​ញាប់ថា​ ​ការ​បោះឆ្នោតនឹង​នៅ​តែ​ប្រព្រឹត្ត​ទៅជា​ធម្មតា​តាម​ការ​គ្រោង​ទុក​ បើ​ទោះ​មិន​មាន​អ្នក​អង្កេត​ការណ៍​ ​ឬ​គណបក្ស​ប្រឆំាង​ចូលរួម​ក៏​ដោយ​ ​ហើយ​បើ​ទោះ​ជា​គ្មាន​ការ​ទទួលស្គាល់​ពី​ប្រទេស​នៅ​បស្ចិមលោក​ក៏ដោយ៕

XS
SM
MD
LG