ខណៈប្រជាពលរដ្ឋកំពុងសម្រុកធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានា ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមួយនេះ ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានពង្រាយមន្រ្តីចរាចរណ៍ជិត៥ពាន់នាក់ ដើម្បីសម្រួល និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា ជាទូទៅក្នុងពិធីបុណ្យជាតិធំៗនៅកម្ពុជា តែងមានករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើងច្រើន ដូច្នេះលោកថា កម្លាំងសមត្ថកិច្ចចរាចរណ៍ជិត៥ពាន់នាក់ ត្រូវបានដាក់ពង្រាយទូទាំងប្រទេសដើម្បីសម្រួលចរាចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។
លោកបន្ថែមថា ក្រៅតែពីកម្លាំងសមត្ថកិច្ចចរាចរណ៍ ក៏នៅមានកម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ទៀត ត្រូវបានពង្រាយឲ្យជួយសម្រួលចរាចរណ៍តាមតំបន់ប្រជុំជនជាច្រើន ដែលរួមមានតាមវត្តអារាមជាដើម ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោក រុន រ័ត្នវាសនា បន្ថែមដោយរំពឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំនេះនឹងថយចុះ ដោយសារស្ថានភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្នាំហាក់មានភាពល្អប្រសើរច្រើន។
លោកមានប្រសាសន៍ថា៖
«ឆ្នាំនេះខ្ញុំឃើញដូចជាការបើកបរ ក៏ដូចជាការចេញដំណើររបស់បងប្អូនមិនលើសកំណត់ មិនដាក់សំពីងសំពោង ឬការផ្តល់សេវាឡានដោយមិនគិតថ្លៃហ្នឹង ខ្ញុំគិតថាជួយបានច្រើន។ ខ្ញុំសង្ឃឹមថា គ្រោះថ្នាក់ចរាចរណ៍ឆ្នាំនេះនឹងថយចុះ»។
ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ រដ្ឋាភិបាលបានដាក់រថយន្តក្រុងសាធារណៈរបស់រដ្ឋចំនួន៦០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទៅតាមបណ្តាខេត្តនានា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
លោក រុន រ័ត្នវាសនា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ទាំងផ្លូវគោក និងផ្លូវទឹក មានការប្រុងប្រយ័ត្ន និងបើកបរដោយទំនួលខុសត្រូវខ្ពស់។
លោកបញ្ជាក់ថា៖
«ក្នុងឱកាសនេះដែរយើងចង់ឲ្យបងប្អូនប្រជាពលរដ្ឋហ្នឹងដំណើរកំសាន្តដោយសុវត្ថិភាព ជួបជុំបងប្អូនគ្រួសារ។ ហើយទន្ទឹមនឹងសុវត្ថិភាពជួបជុំគ្រួសារ សូមធ្វើដំណើរដោយមើលទឹក មើលប្រេង មើលហ្វ្រាំងទាំងអស់។ ហើយសំខាន់មួយទៀតដែលមិនអាចខានបាន គឺថាធ្វើដំណើរដោយម៉ូតូហ្នឹង គឺត្រូវពាក់មួកសុវត្ថិភាពជានិច្ច»។
នៅក្នុងរយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរកាលពីឆ្នាំ២០១៧កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៩៥ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៤៣នាក់ និងរងរបួសធ្ងន់ស្រាល ជិត២០០នាក់។
នៅដើមសប្តាហ៍នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា មានការប៉ុនប៉ងរៀបចំគម្រោងបង្កឲ្យមានអសន្តិសុខនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ។ ទោះយ៉ាងណាលោកថា គម្រោងនោះត្រូវបានលោកដឹងមុន និងទប់ស្កាត់ទាន់ពេល ព្រមទាំងបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចបង្កើនការការពារសន្តិសុខ និងតាមចាប់ជនដែលត្រូវបានគេបញ្ជានោះផងដែរ។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិពាក់ព័ន្ធនឹងការពង្រឹងសុវត្ថិភាព និងសន្តិសុខ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរបានទេ រហូតដល់ល្ងាចថ្ងៃសុក្រនេះ។
ទោះយ៉ាងណាលោក គៀត ច័ន្ទថារិទ្ធ បានប្រាប់សារព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាល កាលពីថ្ងៃចន្ទថា កម្លាំងនគរបាលជាតិរាប់ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។
ពិធីបុណ្យសង្ក្រាន្តដែលធ្លាប់តែល្បីនៅខេត្តសៀមរាប ក៏ត្រូវបានប្រារព្ធនៅតាមខេត្តនានាមួយចំនួនផងដែរ។ ចំណែកអង្គរសង្ក្រាន្តនៅខេត្តសៀមរាបដែលរៀបចំដោយកូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានី នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រនេះ ដោយរំពឹងថា មានពលរដ្ឋជាច្រើនម៉ឺននាក់ចូលរួម៕