ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​សិង្ហបុរី​ចាប់​ខ្លួន​មនុស្ស​៣​នាក់​ដែល​កាន់​លិខិត​ឆ្លង​ដែន​ខ្មែរ​ក្នុង​សំណុំ​រឿង​លាង​លុយ​កខ្វក់​និង​ក្លែង​បន្លំ​ឯកសារ


ភស្តុតាំងដែលកម្លាំងសមត្ថកិច្ចរបស់សិង្ហបុរីរឹបអូសបានពីករណីបង្ក្រាបលើជនល្មើស ១០ នាក់ ក្នុងនោះបីនាក់កាន់លិខិតឆ្លងដែនកម្ពុជា ពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់និងបន្លំឯកសារ។ (Facebook/Singapore Police Force)
ភស្តុតាំងដែលកម្លាំងសមត្ថកិច្ចរបស់សិង្ហបុរីរឹបអូសបានពីករណីបង្ក្រាបលើជនល្មើស ១០ នាក់ ក្នុងនោះបីនាក់កាន់លិខិតឆ្លងដែនកម្ពុជា ពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់និងបន្លំឯកសារ។ (Facebook/Singapore Police Force)

ក្រោយ​នគរបាល​សិង្ហបុរី​បានឃាត់​ខ្លួន​មនុស្ស​ ១០ ​នាក់​ សង្ស័យ​ក្នុង​បទ​ល្មើស​លាង​លុយ​កខ្វក់ និង​ក្លែង​បន្លំ​ឯកសារ ​ដែល​ក្នុង​នោះ​មាន​មនុស្ស​ ៣ ​នាក់​កាន់​លិខិត​ឆ្លង​ដែន​ខ្មែរ​ អាជ្ញាធរ​កម្ពុជាកំពុង​តែ​ស៊ើប​អង្កេត​ករណី​នេះ។​

​អ្នក​ទាំង​ ៣ ​ដែល​កាន់​លិខិត​ឆ្លង​ដែន​ខ្មែរ​នោះ​ ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ជា​ឈ្មោះ​ ហើយ​ពួកគេ​បាន​ទទួល​សញ្ជាតិ​ខ្មែរ​ចន្លោះ​ឆ្នាំ​ ២០១៨ ​និង​ឆ្នាំ​ ២០១៩។

កាល​ពី​ថ្ងៃ​អង្គារ ​កម្លាំង​នគរ​បាល​សិង្ហ​បុរី​ បាន​ឃាត់​ខ្លួន​មនុស្ស​ ១០ ​នាក់ សង្ស័យ​ក្នុង​បទ​ល្មើស​លាង​លុយ​កខ្វក់ និង​ក្លែង​បន្លំ​ឯកសារ ដែល​ក្នុង​នោះ​មាន​មនុស្ស​៣​នាក់ មាន​ឈ្មោះ​ជា​ជន​ជាតិ​ចិន ​ប៉ុន្តែ​កាន់​លិខិត​ឆ្លង​ដែន​ខ្មែរ។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ប៉ូលិស​សិង្ហបុរី ឈ្មោះ ​Singapore Police Force និង​សារ​ព័ត៌មាន​សិង្ហបុរី​ឈ្មោះ ​Channel News Asia ឬ​ហៅ​ថា ​CNA ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ១៦ ខែ​សីហា​នេះ

មនុស្ស​ផ្សេង​ទៀត មាន​សញ្ជាតិ​ស៊ីប​ តួកគី ចិន និង​ វ៉ានូទូ (Vanuatu)។ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់ ​កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ​សីហា ​ក្រោយ​មាន​ការ​បង្ក្រាប​របស់​ប៉ូលិស​សិង្ហបុរី ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​ការ​លាង​លុយ​កខ្វក់ និង​បទ​ល្មើស​ក្លែង​បន្លំ​ឯកសារ។ ​នេះ​បើ​តាម​សារ​ព័ត៌មាន ​CNA។

​ពួកគេ​ទាំង​ ១០​ នាក់​នោះ មាន​បុរស​ ៩​ នាក់​ និង​ស្រ្តី​ម្នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី​ ៣១ ​ឆ្នាំ​ទៅ​ ៤៤ ​ឆ្នាំ។​ ទំហំ​ទឹក​ប្រាក់ ​ដែល​រួម​មាន​អចលន​ទ្រព្យ រថយន្ត គណនី​ធនាគារ ​លុយ​សុទ្ធ និង​របស់​របរ​ផ្សេងៗ ​ត្រូវ​បាន​រឹប​អូស ដែល​មាន​តម្លៃ​ប្រមាណ ​៧៣៦ លាន​ដុល្លារ​អាមេរិក។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ប៉ូលិស​សិង្ហ​បុរី។

បើ​តាម​សារ​ព័ត៌មាន​ CNA ​អ្នក​កាន់​លិខិត​ឆ្លង​ដែន​ខ្មែរ​មាន​ ៣ ​នាក់ គឺ​មាន​ឈ្មោះ ស៊ូ បោវលីន​ (Su Baolin) អាយុ​ ៤១​ ឆ្នាំ ដែល​ត្រូវបាន​ចោទ​ប្រកាន់​ក្លែង​បន្លំ​ឯកសារ។ ​ម្នាក់​ទៀត​ឈ្មោះ ចិន គីង​យ៉ាន​ ​(Chen Qingyuan) អាយុ​ ៣៣ ​ឆ្នាំ រង​ការ​ចោទ​ប្រកាន់​ថា​លាង​លុយ​កខ្វក់ និងអ្នក​ទី​បី​ឈ្មោះ ស៊ូ វិនឈៀង​ (Su Wenqiang) អាយុ​ ៣១ ឆ្នាំ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លាង​លុយ​កខ្វក់។

​លោក ឆាយ គឹម​ខឿន ​អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ ថ្លែង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ អាជ្ញាធរ​កម្ពុជា​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ផ្លូវ​ការ​ពី​ភាគី​សិង្ហ​បុរី​នៅ​ឡើយ​ទេ​លើ​ករណី​នេះ។

លោក​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេ​ក្រាម​ជា​អក្សរ​ថា៖ «យើង​ទទួល​បាន​ដំណឹង​នេះ ​តាម​រយៈ​សារព័ត៌មាន​ដែរ និង​មិន​ទាន់​បាន​ទទួល​ការ​ជូន​ដំណឹង​ជា​ផ្លូវ​ការ​ពី​អាជ្ញាធរ​សិង្ហ​បុរី​នៅ​ឡើយ»។

​បើ​តាម​ព្រះរាជ​ក្រឹត្យ​ដែល​វីអូអេ​បាន​ពិនិត្យ លោក ចិន គីងយ៉ាន ​(Chen Qingyuan) ជនជាតិ​ចិន​មក​ពី​ខេត្ត​ហ្វូជៀន [Fujian] ​ទទួល​បាន​សញ្ជាតិ​ខ្មែរ ​នៅ​ថ្ងៃ​ទី​ ១៤ ខែ​សីហា ​ឆ្នាំ​ ២០១៨។ លោក ​ស៊ូ ​បោវ​លីន​ (Su Baolin) ​ជនជាតិ​ចិន មក​ពី​ខេត្ត​ហ្វូជៀន ទទួល​បាន​សញ្ជាតិ​ខ្មែរ នៅ​ថ្ងៃទី​ ២៦​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៩ និង​ឈ្មោះ ​ស៊ូ វិនឈៀង​ (Su Wenqiang) ជន​ជាតិ​ចិន មក​ពី​ខេត្ត​ហ្វូជៀន ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ នៅ​ថ្ងៃទី ៧ ខែ​តុលា ឆ្នាំ​ ២០១៩។​

វីអូអេ​មិន​ទាន់ទទួល​បានការ​ឆ្លើយ​តប​ជា​សារ​ អ៊ីម៉ែល​ពី​ស្ថានទូត​សិង្ហបុរី​ និង​ស្ថាន​ទូតចិន​ប្រចាំ​កម្ពុជា​ បាន​នៅ​ឡើយ​ទេ។

​លោក ស៊ឹង សែន​ករុណា ​អ្នក​នាំ​ពាក្យ​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​កត់​សម្គាល់​ថា​ ករណី​ជន​បរទេស​ចិន​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​កម្ពុជា​ដែល​ប្រព្រឹត្ត​បទ​ល្មើស ក៏​ធ្លាប់​កើត​ម្តង​រួច​មក​លើ​ទឹក​ដី​ប្រទេស​ថៃ​ កាល​ពី​ឆ្នាំ​ ២០២២។ ​លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ត្រូវ​តែ​ពិនិត្យ​លើ​គុណសម្បត្តិ​របស់​ជន​បរទេស​ឱ្យ​បាន​ច្បាស់ មុន​នឹង​ផ្តល់​សញ្ជាតិ​ខ្មែរ​ ដើម្បី​កុំ​ឱ្យ​ប៉ះ​ពាល់​មុខ​មាត់​រដ្ឋា​ភិបាល​កម្ពុជា។​

លោក​ថ្លែង​ថា៖ «បើ​អាច​បញ្ឈប់​បាន ​សូម​បញ្ឈប់​ការ​ផ្តល់​សញ្ជាតិ​ឱ្យ​ជន​បរទេស​ ដែល​មិនមាន​គុណ​សម្បត្តិ​អ្វី​ក្នុង​ការ​ចូល​រួម​ជួយ​កសាង​ប្រទេស​ជាតិ​តាម​រូបភាព​មនុស្ស​ធម៌​ ជា​ជាង​ឱ្យ​ទៅ​ជន​ដែល​យក​លុយ​មក​ទិញ​សញ្ជាតិ។ ​ហើយ​ការ​ដែល​ប្រើ​ប្រាស់​លុយ​ទិញ​សញ្ជាតិ​បាន​នេះ​ វា​ធ្វើ​ឱ្យមាន​ការ​ប៉ះ​ពាល់​ទៅ​ដល់​មុខ​មាត់រ​បស់​ប្រទេស​យើង ក៏​ដូច​ជា​រដ្ឋា​ភិបាល​ប្រទេស​យើង​លើ​ឆាក​អន្តរ​ជាតិ»។

តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ Bangkok Post​ របស់​ថៃ​ កាល​ពី​ថ្ងៃទី​ ១៣ ​ខែសីហា ឆ្នាំ​ ២០២២ លោក ស៊ឺ ជីជាំង(She Zhijiang)ជា​អ្នក​ជំនួញ​ជន​ជាតិ​ចិន​ម្នាក់​ដែល​បាន​ទទួល​សញ្ជាតិ​ខ្មែរ ​បាន​រត់​គេច​ពី​អាជ្ញាធរ​ចិន​ចាប់​តាំង​ពីឆ្នាំ​ ២០១២​ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន ​ក្នុង​ទឹក​ដី​ថៃ ​តាមដីកា​ចាប់​ខ្លួន​អន្តរ​ជាតិ​ពី​បទ​ «បើកកាស៊ីណូ​អនឡាញ​ខុស​ច្បាប់»។

​រដ្ឋាភិបាល​កម្ពុជា​អាច​ផ្តល់​សញ្ជាតិ​ឱ្យ​ជន​បរទេស​បាន ​ប្រសិន​បើ​បុគ្គល​ណា​ម្នាក់​បរិច្ចាគ​ប្រាក់​យ៉ាង​ហោចណាស់​ ២៥​ ម៉ឺន​ដុល្លារអាមេរិក។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ Bangkok Post ​កាលពី​ខែ​សីហា ​ឆ្នាំ ២០២២។

​លោក តុប នេត អគ្គនាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ករណីនគរ​បាល​សិង្ហបុរី​ឃាត់​ខ្លួន​មនុស្ស​ ដែល​មាន​ទាំង​អ្នក​កាន់​លិខិត​ឆ្លង​ដែន​កម្ពុជា​ គឺ​អាជ្ញាធរ​កម្ពុជា​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ផ្លូវ​ការ​ពី​សិង្ហបុរី​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ថា​ អាជ្ញាធរ​កម្ពុជា​កំពុង​តែ​ស្រាវ​ជ្រាវ​ករណី​នេះ។

​លោក​ថ្លែង​ថា៖ «យើង​កំពុង​ស្រាវ​ជ្រាវ​ដែរ​ ព្រោះ​ឯកសារ​របស់​គាត់​យើង​កំពុង​ពិនិត្យ​មើល​ [គឺ] ឯកសារ​ផ្លូវ​ការ ​វា​មិន​ទាន់​មក​ដល់។ យើង​កំពុង​ស្រាវ​ជ្រាវ​ឱ្យ​ជាក់​លាក់​សិន»។

​លោក ​តុប នេត បញ្ជាក់​ថា​ ការ​ផ្តល់​សញ្ជាតិ​ឱ្យ​ជន​បរទេស គឺ​អាជ្ញាធរ​កម្ពុជា​តែង​តែអនុវត្ត​ត្រឹម​ត្រូវ​តាម​ច្បាប់​ស្តីពីសញ្ជាតិ។ លោក​ថា ​លក្ខខណ្ឌ​សុំ​ចូល​សញ្ជាតិ​ខ្មែរ​មាន​ច្រើន​ ដូចជា​សញ្ជាតិ​ខ្មែរ​ពី​កំណើត តាមរយៈ​ការ​រៀបអាពាហ៍​ពិពាហ៍​ និង​តាម​រយៈ​ការ​ផ្តល់​សញ្ជាតិ​តូប​នីយ​កម្មជា​ដើម។

​ចំពោះ​ជនបរទេស​ណា​ដែល​បាន​ធ្វើ​អំណោយ​ជា​សាច់​ប្រាក់​ដែល​មាន​ផល​ប្រយោជន៍​សម្រាប់ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម ពួកគេអាច​ដាក់​ពាក្យ​សុំ​ចូល​សញ្ជាតិ​ខ្មែរ​បាន​ ប៉ុន្តែ​ជន​នោះ​ក៏​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួ​យ​ចំនួន​ទៀត​ផង​ដែរ។ នេះ​បើ​តាមលោក តុប នេត។ ​ប៉ុន្តែលោក​បដិសេធ​មិនបញ្ជាក់​ចំនួន​ទឹក​ប្រាក់ ដែ​ល​ជន​បរទេស​ត្រូវ​ផ្តល់​ជា​អំណោយ​ក្នុង​ទំហំ​ប៉ុន​ណា​ ទើប​អាច​ស្នើ​សុំ​សញ្ជាតិ​ខ្មែរ​បាន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG