ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការជួញដូរ​ថ្នាំ​ញៀន​ទ្រង់​ទ្រាយ​តូច​តែ​កើន​ឡើង


ប៉ូលិស​ដុត​បំផ្លាញ​ចោល​ថ្នាំញៀន​ដែល​ចាប់បាន​នៅ​ក្នុង​ឆ្នាំ២០១០។
ប៉ូលិស​ដុត​បំផ្លាញ​ចោល​ថ្នាំញៀន​ដែល​ចាប់បាន​នៅ​ក្នុង​ឆ្នាំ២០១០។

ការជួញដូរ​ថ្នាំ​ញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ទ្រង់​ទ្រាយ​តូចៗ​ដែល​ពិបាក​ក្នុង​ការ​បង្រ្កាប​ហើយ​ការប្រើប្រាស់​ថ្នាំ​ញៀន​ហាក់​មិន​មាន​ការថមថយទេ​បើ​ទោះបី​ជា​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្លាំង​ពី​រដ្ឋាភិបាល​ក៏ដោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​អ្នក​ជំនាញ។

លោក​មាស​ សុវណ្ណ ​ប្រធាន​សមាគម​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​សារ​គ្រឿង​ញៀន​កម្ពុជា ​បាន​បញ្ជាក់​ក្នុង​បទ​សម្ភាស​ជាមួយ​នឹង​វីអូអេ​ថា៖

«ធំៗ​បើ​និយាយ​ទៅ​វា​ អាធំវា​បំបែក​ទៅ​ជា​ទ្រង់​ទ្រាយ​តូចៗ​ វាបំបែក​ទៅជាមួយ​ក្រុម​អ្នក​ប្រើ​ប្រាស់​ របៀប​ប្រើ​ប្រាស់​ចែក​ចាយ»។​

គ្រាន់​តែ​ក្នុង​រយៈ​ពេល​បីខែ​ចុងក្រោយ​នេះ​គេហទំព័រ​ជាផ្លូវ​ការ​របស់​អគ្គស្នងការ​នគបាល​ជាតិ​បាន​កត់​ត្រា​ការបង្រ្កាប​ករណី​ជួញដូរ​ថ្នាំ​ញៀន​ចំនួន​៩៣ ​ករណី។

ការជួញដូ​មាន​នៅទីតាំង​ជាច្រើន​ក្នុង​នោះ​ដូច​ជា​រាជធានីភ្នំពេញ ខេត្ត​ពោធិ៍សាត់ បាត់​ដំបង​ បន្ទាយ​មាន​ជ័យ កោះកុង កំពង់​ស្ពឺ​ កំពង់​ចាម​និង​ខេត្ត​ព្រះសីហនុ​ជាដើម។

សម្រាប់​ខេត្តព្រះសីហនុ​ ដែល​នៅ​ជាប់​ឆ្នេរ​សមុទ្រ​កម្ពុជានិង​សម្បូរ​ទៅដោយទេសចរ​ក្នុង​ស្រុក​និង​បរទេស​មាន​ការ​ចាប់​ខ្លួនចំនួន​បួន​ករណី​ដែរ​ក្នុង​នោះមាន​ករណី​បុរស​អ្នកបើក​តាក់ស៊ី​ម្នាក់ ឈ្មោះ ឆាយ មាន អាយុ​៤០​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្ត​ព្រះសីហនុ ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៤។ ​ក្នុងពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​១​កញ្ចប់​ធំ និង​១៣​កញ្ចប់​តូច មាន​ទម្ងន់​២,៣​ក្រាម។ ​

នៅ​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤​កន្លង​ទៅ​នេះ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុកព្រៃនប់​បាន​ចុះ​បង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​ដោយ​បាន​ធ្វើការ​ឃាត់​ខ្លួន​ជន​សង្ស័យ​១នាក់​ឈ្មោះ នាង រដ្ឋា ភេទ​ប្រុស អាយុ១៨ឆ្នាំ​មុខរបរ មិន​ពិត​ប្រាកដ និង​ចាប់​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន​ចំនួន ៤​កញ្ចប់ (ធំ១ កញ្ចប់​តូច ៣កញ្ចប់) ។

រីឯករណី​ទីបី​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បានធ្វើការ​ឃាត់ខ្លួន​ក្មេង​អាយុ​១៤​ឆ្នាំ​ម្នាក់ និង​អាយុ​១៩​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការរក្សា​ទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ដោយ​ដកហូត​បាន​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន​៧​កញ្ចប់​តូចស្មើនឹង​១​ក្រាម​។

ហើយ​ករណី​ចុងក្រោយ​កើត​ឡើង​នៅ​ថ្ងៃ​ទី១៤ ខែវិច្ឆិកា ​ដោយ​ បានឃាត់​ខ្លួន​មុខ​សញ្ញា​ ចែកចាយ រក្សា​ទុក​គ្រឿង​ញៀន​ម្នាក់ ឈ្មោះ ​វ៉ាង គីមស្រ៊ុន ​ភេទប្រុស​ អាយុ២៤ឆ្នាំ​ មុខរបរ​ កម្មករ​រោងចក្រ​ រីឯ​វត្ថុតាង​ចាប់​ដកហូត​បាន​ថ្នាំញៀន​មេតំហ្វេតាមីន​ ១កញ្ចប់ ​ស្មើ​នឹង​ ០.៨ក្រាម។​

លោក​ សាន់ ប៊ុនថន ​ស្នងការរង​នគរបាល​ខេត្ត​ព្រះ​សីហនុ​ទទួល​បន្ទុក​គ្រឿង​ញៀនបាន​ទទួល​ស្គាល់​ពី​ការប្តូរ​រូបភាព​ជួញដូរ​គ្រឿងញៀន៖

«វាអត់​មាន​ទ្រង់​ទ្រាយ​ធំ​ទេ​ឥឡូវ​នេះ។ ករណី​ដែល​យើង​បង្រ្កាប​បាន​វា​អត់​មាន​ធំ ​ផង​ ហើយ​អ្នក​ប្រើប្រាស់​ច្រើន​តែ​កម្មករ​នេសាទ​ ដល់​ចាប់​បាន​អ្នក​យក​មក​ពី​ ភ្នំពេញ​ផ្ទាល់​បាន​តែ​តិចតួច​ដូច​ជា​ចំនួន​មួយ​ជី​ ពីរ​ជី។ វាអត់​អ្នក​យក​មក​ច្រើន​ហើយ​ឥឡូវ​វា​អត់​មាន​មេក្លោង​ធំៗ​ផង។ វា​មាន​តែ​អ្នក​រកស៊ី​មួយ​រយៈ​នេះ​មាន​តែសិស្ស​និស្សិត​។ មក​វា​យក​មួយ​ជី​ពីរជី វាអត់​មាន​មេក្លោង​ធំៗ»។

ប៉ុន្តែ​តាម​ប្រភព​ព័ត៌មាន​ដែល​វីអូអេ​ទទួល​បាន​ឱ្យ​ដឹង​ថា​ការបង្រ្កាប​សកម្មភាព​ជួញដូរ​ថ្នាំ​ញៀន​នៅ​ខេត្ត​ព្រះ​សីហនុ​មាន​ភាព​មិនសូវ​សកម្មទេ​ដោយ​បង្រ្កាប​បាន​តែ​អ្នក​ជួញដូរ​តូចតាច​និង​អ្នក​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ក្នុង​ខណៈ​ពេល​ដែល​អ្នក​ដែល​ជួញដូរ​ធំដុំ​នៅ​បន្ត​ធ្វើ​សកម្មភាព​យ៉ាង​អាណាធិបតេយ្យ។

ប្រភព​ដដែល​នោះ ​បញ្ជាក់​ថា​ការលក់​ដូរ​គ្រឿងញៀន ​មាន​ធ្វើ​នៅ​ ទីមួយ ​តំបន់​ឧត្តុនិយម​ដែល​មាន​ជន​បរទេស​ច្រើន ​ទីពីរ​នៅ​ភូមិ​ថ្មី ​ដែល​មាន​កន្លែង​លក់​ដូរ​ផ្លូវ​ភេទ ​ទីបី​នៅ​តំបន់​ភ្នំខៀវ​រហូត​ដល់​អូ​មួយ ​និង​ទីបួន​នៅ​តោពីរ​ អូរឈើទាល។

ការលក់​ដូរ​មាន​ទ្រង់​ទ្រាយ​តូចៗ​ដែល​លក់​ថ្នាំ​ញៀន​ប្រភេទ​ទឹកកក​ (ICE) ​ក្នុង​មួយ​កញ្ចប់​ដែល​មាន​ប្រហាក់​ប្រហែល​នឹង​១០០​គ្រាប់​ប៊ីចេង​តម្លៃ២០​ដុល្លារ​និង​កញ្ចប់​ធំ​ជាង​នេះ​តម្លៃ​៤០​ដុល្លារ។ ​ពួកគេ​ប្រើ​ប្រាស់​រូបភាព​ជាច្រើន​នៅ​ក្នុង​ការ​លក់​ដូរ​រួមទាំង​ការ​ចូលរួម​របស់​អ្នក​រត់​ម៉ូតូឌុប​ដោយ​លក់​ឱ្យ​អ្នក​ប្រើ​ប្រាស់​ហើយ​ក៏​រំសាយ​ចេញ​ភ្លាម​ដើម្បីធ្វើ​ឱ្យ​ប៉ូលិស​ពិបាក​ក្នុង​ការ​តាម​ដាន​ចាប់។

ប្រភព​ដដែល​ឱ្យដឹង​ថា​សកម្មភាព​ជួញដូរ​និង​ប្រើ​ប្រាស់​គ្រឿងញៀន​ចាប់​ផ្តើម​មាន​សកម្មភាព​ខ្លាំង​ត្រឹម​ឆ្នាំ២០១១​មក​ហើយ​ហាក់​មិន​មាន​ការថយ​ចុះ​ទេ។

មេខ្យល់​រង​(ហៅ​ថា​ជើងសារ)ដែល​លក់​ដូរ​យ៉ាង​សកម្ម​ប៉ុន្តែ​មិន​រងការ​បង្ក្រាបត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា​ អាតៃ​ និង​អាងាំង។ បុរស​ទាំងពីរនាក់ទទួល​យក​ផ្ទាល់​ពី​មេធំ​ម្នាក់​ប្រចាំ​ក្រុង​ព្រះ​សីហនុ​ដែល​ជា​ស្រ្តី​ជន​ជាតិ​វៀតណាម ​(ហើយ​វីអូអេ​សូម​មិន​បញ្ចេញ​ឈ្មោះនៅ​ពេល​នេះ)។

លោក​វរសេនីយ៍ឯក​ សាន់ ប៊ុនថន ​ស្នងការ​រង​បញ្ជាក់​ប្រាប់​វីអូអេថា​ លោក​បាន​ដឹង​ពី​សមាសភាព​ជន​ទាំងពីរ​ដែរ ​ប៉ុន្តែ​ធ្លាប់​បាន​ចាប់​ហើយ​តែ​ហាក់​មិន​មាន​ការរាងចាលអ្វី​ទេ។

លោក​បាន​បន្ថែម​ថា៖ ​«ពួកវា​ដូច​ជា​មិន​ទ្រង់​ទ្រាយ​ធំ​អ្វី​ទេ​ សុទ្ធ​តែ​ធ្លាប់​ចាប់​ដាក់​ពន្ធនាគារ​ម្តង​ហើយ។ វា​ភាគ​ច្រើន​អញ្ចឹងៗ​វា​អត់​រាង​ទេ។ ពេល​ចេញ​មក​វិញ​វា​នៅ​តែ​បង្ករ​ ព្រោះ​របរ​អញ្ចឹងៗ​វា​ស្រួល។ មិន​មែន​ជា​មេក្លោង​ទេ ពួកហ្នឹង​វា​ជាជើង​សារ»។

ជា​រៀង​រាល់​ឆ្នាំ​ប្រទេស​កម្ពុជា​បាន​ដាក់​ផែនការ​ដើម្បី​កាត់​បន្ថយ​តម្រូវការ​គ្រឿងញៀន​ និង​ប្រឆាំង​ការផលិត​ ការដាំ​ដុះ ​ការចម្រាញ់​ ការចរាចរណ៍ ​និង​ការស្តុកទុក​ប៉ុន្តែ​ហាក់​មិន​ទទួល​បាន​ផល​អ្វី​ធំដុំ​ទេ។ ​ក្នុង​ឆ្នាំ​២០១៣​មាន​បទល្មើស​ជួញដូរ​គ្រឿងញៀន​ចំនួន​៨៨៩​ករណី ដែល​ជា​ការ​កើនឡើង​លើស​ពី​ឆ្នាំ​២០១២ ​ដែល​មាន​តែ​៨១៨​ករណី​ប៉ុណ្ណោះ ​ហើយ​មាន​ជន​សង្ស័យ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ចំនួន​១.៨៣០​នាក់។ នេះ​បើតាម​របាយការណ៍​ការងារ​ឆ្នាំ​២០១៣​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដែល​បាន​ចេញផ្សាយ​នៅ​ដើម​ឆ្នាំ​២០១៤។

លោក​មាស​ សុវណ្ណ ​ប្រធាន​សមាគម​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​សារ​គ្រឿង​ញៀន​កម្ពុជា​បាន​បញ្ជាក់​ថា​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ភាគច្រើន​មាន​អាយុក្រោម​៤០ឆ្នាំហើយ​សកម្មភាព​នៃ​ការ​ជួញដូរ​និង​ប្រើ​ប្រាស់​ហាក់​មិន​មាន​ការថយ​ចុះ​ទេ។

ដោយ​ឡែក​នៅ​ក្នុង​ក្រុង​ព្រះ​សីហនុ​ លោក​លី ឌី ​ដែល​ជា​សមាជិក​ក្រុមប្រឹក្សាខេត្តមើល​ឃើញ​ថា​សកម្មភាព​នៃ​ការ​ជួញ​ដូរ​ថ្នាំ​ញៀន​និង​ការ​ប្រើ​ប្រាស់​បាន​កើត​មាន​ឡើង​យ៉ាង​ច្រើន​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​ប៉ុន្តែ​លទ្ធភាព​នៃ​ការ​ចាប់​បាន​គឺ​មិន​ទាន់​ចំ​ចំណុច​នៅ​ឡើយ។​ លោក​បាន​លើក​ពីផល​ប៉ះពាល់​មួយ​ចំនួន​មក​លើ​អ្នកប្រើ​ប្រាស់​ដែល​ពេល​នេះ​មាន​រហូត​ដល់​នារី​ក្មេងៗថា៖

«អ្វី​ដែល​យើង​បាន​ល្បង​សួរ​ក្មេង​ស្រី​ខ្លះ​ដែល​មាន​បញ្ហា​ដែល​ពាក់​ព័ន្ធ​វាថា​វាចាញ់​បោក​គេ​ដោយសារ​គេ​ទៅ​ កុហក​វា​ថា​ថ្នាំ​នេះ​អាច​ធ្វើ​ឱ្យ​រាងវាស្អាត​សាច់​វា​ស​រាង​វា​ស្រឡូន​អញ្ចឹង​ទៅ។ អញ្ចឹង​វា​ជឿ​តាម​គេ​វា​ចាប់​ផ្តើម​ប្រើថ្នាំ។ ​ដល់​ពេល​ប្រើ​ថ្នាំ​វា​មិន​ទៅ​ជា​លក្ខណៈ​អញ្ចឹង​វា​ទៅ ជា​លក្ខណៈ​ញៀន។ ពេល​ថា​ញៀន​គឺ​វា​មិន​អាចផ្តាច់​បានធ្វើ​អ្វី​ក៏​វា​ហ៊ាន​ធ្វើ​ដែរ»។​

លោក​បាន​បន្ថែម​ទៀត​ថា​៖

«មាន​រហូត​ដល់​កូន​អ្នក​ត្រឹម​ត្រូវ​ខ្លះ​ជ្រុល​ខ្លួន​អញ្ចឹង​ហើយ​ដើរ​ចេញ​ពីផ្ទះ​ទៅនៅ​ជា​ហ្វូង​ជាបក្ស​ជាពួក​ជាក្រុម​អញ្ចឹង​ទៅ​បែក​ចេញ​ពីផ្ទះ​អស់​ហើយ​បើ​ចំពោះ​ជន​បរទេស​ខ្លះ​វា​ទៅ​ជា​លក្ខណៈ​ឆ្កួត»។​

តាម​ប្រភព​ជាច្រើន​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុបាន​ប្រាប់​វីអូអេ​ឱ្យ​ដឹង​ថា​មាន​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធដែល​មាន​ឋានៈ​ខ្ពស់​ខ្លះ​នៅ​ក្នុង​ខេត្ត​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ការពារ​ជាខ្នង​បង្អែក​ដល់​អ្នក​ជួញ​ដូរ​ទាំង​នោះ​ដោយ​ទៅ​ទា​រយក​ប្រាក់​មួយ​ចំនួន​ជា​ប្រចាំ​ខែ​ពីស្ត្រី​ជន​ជាតិ​វៀតណាម​ម្នាក់​នោះ​ហើយ​ស្រ្តី​នោះ​មាន​លទ្ធភាព​រហូត​ប្រើ​ប្រាស់​កងកម្លាំង​មាន​សមត្ថកិច្ច​បង្រ្កាប​ដៃ​គូ​ប្រកួត​ប្រជែងបាន។ នេះ​បើ​តាម​ប្រភព​ម្នាក់​ដែល​ធ្លាប់​ប្រឡូក​ក្នុង​របរជួញដូរ​ថ្នាំ​ញៀននោះ​ហើយសុំ​មិន​បញ្ចេញ​ឈ្មោះ។

​ប៉ុន្តែ​លោក​ស្នងការ​រង​ប៉ូលិសសាន់​ ប៊ុនថន​បានបដិសេធ​ថា​ក្រុម​របស់​លោក​មិន​មាន​ជាប់​ពាក់​ព័ន្ធ​អ្វី​ទេនៅ​ពេល​ដែល​វីអូអេ​បាន​សាកសួរ។

«តាំងពីខ្ញុំ​ឡើង​ស្នងការ​រង​មក​ខ្ញុំ​រឹតបន្តឹង​សម្បើម​ណាស់​។ ខ្ញុំ​មិន​ដែល​ធ្វេស​ប្រហែលរឿងហ្នឹង​ខ្ញុំ​ដាក់​ផែនការ​តឹងតែ​ង​រហូត»។​

លោកឧត្តម​សេនីយ៍ ខៀវ សាម៉ន ​នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថាអ្នក​ដែល​ប្រព្រឹត្ត​ល្មើស​មិន​អាច​រួច​ខ្លួន​បាន​ទេ​ហើយអង្គភាព​របស់​លោក​បាន​បង្រ្កាប​អ្នក​ដែល​ជួញដូរ​ឆ្លងដែន​និង​ក្នុង​ស្រុក​បាន​ជាប្រចាំ។​

«យើង​ប្រតិបត្តិ​ការ​បង្រ្កាប​បាន​ច្រើនណាស់។ អ្នក​ណា​ក៏ដោយ​ឱ្យ​តែ​ជាមនុស្ស​ល្មើសច្បាប់​ ខុស​ច្បាប់​រួម​ចំណែក​ខាង​ការងារ​ល្មើស​គ្រឿង​ញៀន​ អនុវត្តច្បាប់​គឺ​ខ្ញុំ​ប្រតិបត្តិ​ហើយ»។​

ក្នុង​ពេល​កន្លង​មក​អាជ្ញា​ធ​កម្ពុជា​ធ្លាប់​បាន​ចាប់​ឃាត់​ខ្លួន​ឧត្តម​សេនីយ៍​យោធា​និង​ប៉ូលិស​ជាច្រើន​រូប​ដែល​សង្ស័យ​ថា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រឿងញៀន​បញ្ជូន​ទៅ​តុលាការ៕

XS
SM
MD
LG