ក្រុមសមត្ថកិច្ចកងរាជអាវុធហត្ថ និងប៉ូលិសខេត្តកំពង់ស្ពឺបានរកឃើញទីតាំងផលិតថ្នាំញៀនដ៏ធំមួយនៅថ្ងៃអង្គារនេះ ប៉ុន្តែមិនបានចាប់ជនសង្ស័យណាម្នាក់នោះទេ។
ទីតាំងផលិតគ្រឿងញៀននោះស្ថិតនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកមួយនៃភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ដែលស្ថិតនៅចម្ងាយ៧៨ គីឡូម៉ែត្រខាងលិចរាជធានីភ្នំពេញ។
នៅក្នុងការចុះបង្រ្កាបនៅព្រឹកថ្ងៃអង្គារនេះ ក្រុមសមត្ថកិច្ចមិនបានរកឃើញធាតុផ្សំនៃគ្រឿងញៀនដែលនៅសេសសល់ច្រើននោះទេ ក៏ប៉ុន្តែបានរកឃើញឧបករណ៍ផលិតគ្រឿងញៀនជាច្រើន។
លោកវីរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានដឹកនាំប្រតិបត្តិការនេះជាមួយក្រុមប៉ូលិសមានប្រសាសន៍ថា ឆ្មាំចាំកសិដ្ឋានម្នាក់បានរាយការណ៍ជូនអាជ្ញាធរបន្ទាប់ពីឆ្មាំកសិដ្ឋានរូបនោះធំក្លិនចម្លែកខ្លាំងក្នុងកសិដ្ឋាននេះ។
«ក្នុងនោះមានទឹកគាត់បានចាក់ចូលនៅក្នុងប្រឡាយ ហើយម្សៅក៏បានចាក់ចូលនៅក្នុងប្រឡាយដែរ ហើយយកដីកប់។ ខ្ញុំឃើញមានតែសម្ភារៈរបៀបផលិតហ្នឹងនៅមាន មានធុង មានអីផ្សេងៗច្រើនដូចជាធុងជ័រចំណុះមួយរយលីត្រចំនួន៧១ធុង និងចំណុះ៥០លីត្រចំនួន១១ធុង និងថង់ដែលហៅថាការ៉ុងជាតិផ្សៅហ្នឹងមានចំនួន១២០ការ៉ុង និងមួយចំនួនទៀតគាត់ធ្វើការចាក់ចោលទឹក ហើយនឹងកប់សារធាតុនេះនៅក្នុងប្រឡាយទាំងអស់»។
លោក ចាន់ ដា មានប្រសាសន៍ថា ក្រុមសមត្ថកិច្ចកំពុងតាមរកចាប់ខ្លួនជនជាប់សង្ស័យនៅឡើយ។
មានក្លិនឆួលយ៉ាងខ្លាំងនៅក្នុងបន្ទប់ផលិតគ្រឿងញៀនដែលស្ថិតក្នុងរោងផ្ទាល់ដីសង់បណ្តោយថ្ងៃ។ ក្នុងរោងនេះមានការសង់ជាបន្ទប់ខណ្ឌមានសណ្ឋានដូចជាទ្រុងចិញ្ចឹមជ្រូក។មានចំហាយធ្វើឲ្យក្រហាយភ្នែកយ៉ាងខ្លាំងនៅទីនេះ។
ក្នុងកសិដ្ឋានដដែលព័ទ្ធជុំវិញដោយរបងថ្ម និងបិទទ្វារជិតដែលអ្នកភូមិមិនអាចមើលឃើញ ពីក្រៅបានទេ។ មានរោងប្រក់សង្កសីដូចៗគ្នានេះជាច្រើនទៀត ហើយរោងមួយចំនួនត្រូវប្រើជាឃ្លាំងសម្រាប់ផ្ទុកសារធាតុផ្សុំរបស់គ្រឿងញៀន។
ក្រុមបច្ចេកទេសត្រួតពិនិត្យគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃបានធ្វើការពិសោធន៍បឋមនៅទីកន្លែងដែលរកឃើញនេះ។ ប៉ុន្តែមិនទាន់មានការសន្និដ្ឋានជាផ្លូវការនៅឡើយ។
លោក ម៉ែន សុផល ប្រធានបច្ចេកទេសនៃការិយាល័យប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃមានប្រសាសន៍ថា គ្រឿងញៀនផលិតនៅទីនេះអាចជាប្រភេទគ្រឿងញៀនម្យ៉ាងដែលមានឈ្មោះថា ម៉េតំហ្វេតាមីនទឹកកក។
«ដូចជាកែវបាឡុង ទុកយូរណាស់ ពីតុងអាស៊ីត ហើយសាធាតុមួយចំនួន ឈើធុង ពីតុងអាស៊ីតហ្នឹង វាសម្រាប់បម្រើឲ្យផលប្រយោជន៍ដល់គ្រឿងញៀន។ គ្រឿងញៀននេះ បើវាផលិតចេញមកគឺម៉េតំហ្វេតាមីនទឹកក។ អាហ្នឹងវាមានផលប៉ះពាល់ច្រើនណាស់ ប៉ះពាល់ដល់សរសៃប្រសាទ អារម្មណ៍មិននឹងនរពេលដែលយើងប្រើគ្រឿងញៀនហ្នឹងទៅគឺប៉ះពាល់ដល់សុខភាពយើងយ៉ាងខ្លាំងបំផុត»។
កម្ពុជាបានក្លាយជាប្រទេសមានទីតាំងផលិតគ្រឿងញៀនផង និងសម្រាប់ការរត់ពន្ធគ្រឿងញៀនឆ្លងកាត់ផង។
កាលពីប៉ុន្មានខែមុនក្រុមសមត្ថកិច្ចកម្ពុជាបានរកឃើញទីតាំងផលិតគ្រឿងញៀនក្នុងក្រុងភ្នំពេញ។ ដោយឡែកអង្គភាពប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃខ្មែរបានចាប់បានសារធាតុសម្រាប់ផលិតគ្រឿងញៀនចំនួនប្រមាណប្រាំមួយតោននៅក្នុងស្រុកភ្នំស្រួចនេះដែរ កាលពីប៉ុន្មានឆ្នាំកន្លងទៅ។ ម្សៅគ្រឿងញៀនទាំងនោះត្រូវបានរកឃើញចម្ងាយប្រមាណតែពីរគីឡូម៉ែតប៉ុណ្ណោះ ពីទីតាំងរកឃើញថ្មីនេះ។
ដោយឡែកថ្មីនេះការសែត The Age របស់ប្រទេសអូស្រ្តាលីបានភ្ជាប់ការរត់ពន្ធគ្រឿងញៀនពីកម្ពុជាទៅអូស្រ្តាលីជាមួយនឹងលោកឧញ៉ា ហ៊ុន តូ ក្មួយប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន។ ក៏ប៉ុន្តែលោក ហ៊ុន តូ បានច្រានចោលការផ្សព្វផ្សាយនោះ៕