ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប៉ូលិស ​ទាហាន​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ផ្លូវ​ ពេល​គណបក្ស​ប្រឆាំង​ធ្វើបាតុកម្ម​អហិង្សា


រថយន្ត​​ដឹកអ្នក​​ដំណើរ​​ចូល​ក្រុង​ភ្នំពេញ​ត្រូវ​អាជ្ញាធរ​ឃាត់​​ទុក ដោយ​សំអាង​ថា ​ដើម្បី​រក្សា​សន្តិសុខ។ តែគណ​បក្ស​​ប្រឆាំង​​ថា ​វាជាការ​រារាំង​​​អ្នកចួល​​រួម​បាតុកម្ម​​អហិង្សា។​​
នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ​សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​ដោយ​ការ​បង្កើន​ចំនួន​កុង​ត្រូល​ត្រួត​ពិនិត្យ​នៅ​តាម​ច្រក​ចូលសំខាន់ៗ​មក​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា ​នេះ​ជា​ការ​រំខាន​ដោយ​ចេតនា​ដល់​សកម្ម​ជន​របស់​ខ្លួន​ដែល​មក​ចូល​រួម​មហា​បាតុកម្ម​នៅ​ទីលាន​សួន​ប្រជា​ធិបតេយ្យ​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។​

តាម​បណ្តោយ​ផ្លូវ​ជាតិ​នានា​ឆ្ពោះ​មក​កាន់​ទីក្រុង​ភ្នំពេញ ​គេ​ឃើញ​មាន​សមត្ថ​កិច្ច​ដែល​រួម​មាន​ប៉ូលិស​ និង​នគរបាលជា​ច្រើន​នាក់ត្រូវ​បាន​ដាក់​ប្រចាំ​ការ​នៅ​តាមកុងត្រូល​ល ​ឬ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ជា​ច្រើន​ដំណាក់ ​ដែល​ក្នុង​មួយ​កន្លែងៗ​មាន​ចំនួន​ចាប់​ពី​២​ទៅ​៣​នាក់​រហូត​ដល់​ជាង​២០​នាក់។​

គេ​សង្កេត​ឃើញ​ថា​ រថយន្ត​និង​ម៉ូតូ​ដែល​មាន​ផ្ទុក​មនុស្ស​ច្រើន​ជា​គោលដៅ​នៃ​ការ​ឆែកឆេរ។​

លោកខៀវ សុភ័ក្រ្ត ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​ពន្យល់​ថា ​ការ​បង្កើន​ចំនួន​កុងត្រូលគឺដើម្បី​រឹត​បន្តឹង​ផ្នែក​សន្តិសុខ។​

«យើង​ពិនិត្យ​ក្រែង​មាន​អាវុធ​ កុំ​ឱ្យ​មាន​អាវុធ​ចូល​រាជធានី។​ ត្រួត​ពិនិត្យ​ទាំង​ច្បាប់​ចរាចរណ៍ផង។ ​យើង​ត្រូវ​តែ​ពង្រឹង​សន្តិសុខ​បន្តិច​ហើយ​ ព្រោះ​ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា ​មហា​បាតុកម្ម​ដែល​រៀប​ចំ​ដោយ​គណបក្ស​ប្រឆាំង​ក៏​មាន​ទ្រង់ទ្រាយ​ធំ​មិន​ធម្មតា​ដែរ»។​

លោកខៀវ សុភ័ក្រ្ត​បន្ថែម​ថា ​ការ​រឹត​បន្តឹង​សន្តិសុខនេះ​នឹង​បន្ត​រហូត​ដល់​ពេល​សភា​ប្រកាស​បើក​ជា​ផ្លូវ​ការ។​ បើ​តាម​រដ្ឋ​ធមនុញ្ញ​ ការ​ប្រជុំ​សភា​ដំបូង​ត្រូវ​ធ្វើ​ឡើង​៦០​ថ្ងៃ​ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ពោល​គឺ​កិច្ច​ប្រជុំ​ដំបូង​របស់​រដ្ឋ​សភា​និតិកាល​ទី​៥​នេះ​អាច​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ខែ​កញ្ញា​នេះ។​

ប៉ុន្តែ​លោកឃី វណ្ណដេត ​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ខេត្ត​តាកែវ​ យល់​ឃើញ​ថា​ កុងត្រូលទាំង​នេះ​មាន​គោលដៅ​រំខាន​ដល់​អ្នក​គាំទ្រ​ខ្លួន​ក្នុងការ​ធ្វើ​ដំណើរ​មក​ចូល​រួម​មហា​បាតុ​កម្ម​ ជាជាង​បុព្វហេតុ​សន្តិសុខ។​

«គេ​យក​មូលហេតុ​ត្រួត​ពិនិត្យ​ច្បាប់​ចរាចរណ៍​ និង​ឆែក​អាវុធ​ជាតិ​ផ្ទុះ។​ លក្ខណៈ​ដែល​ឃាត់​នេះ​គេ​មើល​ដែរ​ ពេល​ឃើញ​គេ​ដឹក​កម្មករ​ពេញៗ​ គេ​អត់​ឃាត់​ទេ។​ ប៉ុន្តែ​បើ​ឡាន​ដែល​មាន​លក្ខណៈ​ទៅ​ធ្វើ​បាតុកម្ម​គឺ​គេ​ឃាត់។ ​ពេល​ដែល​យើង​ដោះស្រាយ​បាន​នៅ​កន្លែង​ទី​មួយ​ហើយ​មក​ឃាត់​នៅ​កន្លែង​ទី​ពីរ​ ទី​បី​ទៀត ​ដើម្បី​បង្អាក់​បន្ទុច​កុំ​ឱ្យ​មក​ទាន់​បាតុកម្ម ​មាន​កន្លះ​ម៉ោង​ទៅ​មួយ​ម៉ោង​ក៏​មាន​ដែរ»។​

មន្ត្រី​គណបក្ស​ប្រឆាំង​ដដែល​ឱ្យ​ដឹង​ថា​ រថយន្ត​ដឹក​បាតុករ​ពីរ​គ្រឿង​ត្រូវ​បាន​ឃាត់​ទុក​រហូត​មក​ដល់​ពេល​នេះ។​ ប៉ុន្តែ​អាជ្ញាធរ​បាន​អះអាង​ថា​ ការ​ឃាត់​ទុក​នេះ​ធ្វើ​ឡើង​ដោយសារម្ចាស់​រថយន្ត​មិន​បាន​ត្រួត​ពិនិត្យ​គុណភាព​រថយន្ត​ប្រចាំ​ឆ្នាំ។​

ជា​មួយ​គ្នា​នេះ ​ព្រះ​សង្ឃ​មួយ​ចំនួន​ដែល​និមន្ត​មក​ចូល​រួម​មហា​បាតុកម្ម​នេះ​ត្រូវ​បាន​កាក់​ទុក​នៅកុងត្រូលមួយ​លើ​ផ្លូវ​ជាតិ​លេខ​៦។​ ប៉ុន្តែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ក្រុង​វិញ ​បន្ទាប់​ពី​មាន​អន្តរាគមន៍​ពី​អង្គការ​សិទ្ធិ​មនុស្ស​និង​មន្ត្រី​គណបក្ស​ប្រឆាំង។ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អង្គការ​សង្គម​ស៊ីវិល​និង​មន្ត្រី​គណបក្ស​ប្រឆាំង។​

លោកអ៊ូ វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ យល់​ឃើញ​ថា​ ការ​ដាក់​ពង្រាយ​កង​កម្លាំង​សន្តិសុខ​នៅ​តាម​កុង​ត្រូល​នេះ​មាន​ហេតុ​ផល​ពីរ​យ៉ាង។​

«វា​អាច​ដើម្បី​ការ​ពារ​សន្តិសុខ​ផង​ វា​អាច​គម្រាម​កំហែង​ផង​ ព្រោះ​អាជ្ញាធរ​ក៏​បាន​ប្រកាស​តាម​ទូរទស្សន៍​ជា​សាធារណៈ​ដែរ​ថា​ គាត់​មិន​ចង់​ឱ្យ​មាន​ប្រជា​ពលរដ្ឋ​ចូលរួម​ពី​តាម​ខេត្ត​ទេ។​ ដូច្នេះ​វា​អាច​ជា​មូលហេតុ​មួយ​ដើម្បី​រារាំង​ឬ​ក៏​ព្យាយាម​ដាក់​សម្ពាធ​មិន​ឱ្យ​ប្រជា​ពលរដ្ឋ​ចូលរួម»។

មហា​បាតុកម្ម​ ដែល​មាន​អ្នក​ចូលរួម​ជា​ច្រើន​ម៉ឺន​នាក់​នៅ​ថ្ងៃ​នេះ​ បាន​បញ្ចប់​ទៅ​ដោយ​ពុំ​មាន​ការ​ផ្ទុះ​អំពើ​ហិង្សា​ណា​មួយ​គួរឱ្យ​កត់​សម្គាល់​នោះ​ទេ។​

យ៉ាង​ណា​ក៏​ដោយ ​គេ​សង្កេត​ឃើញ​ថា​ ហាង​លក់​ទំនិញ​មួយ​ចំនួន​បាន​បិទ​ទ្វារ ​ទំនង​ដោយ​សារ​បារម្ភ​អំពី​ការ​ប៉ះ​ទង្គិចណា​មួយ​ក្នុង​មហា​បាតុកម្ម​នេះ។​ ដោយ​ឡែក​សាលា​រៀន​ឯកជន​មួយ​ចំនួន​មាន​ការ​ថយ​ចុះ​ចំនួន​កូន​សិស្ស។​ នេះ​បើ​តាម​ការ​កត់​សម្គាល់​ពី​ឪពុក​ម្តាយ​សិស្ស៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG