ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​និងអ្នក​ជំនាញ​ផ្នែក​បោះ​ឆ្នោត​និយាយ​ខុសគ្នា​រឿង​អត្តសញ្ញាណ​បណ្ណ​សម្រាប់​អ្នកបោះ​ឆ្នោត


រូបភាពឯកសារ៖ មន្រ្តី​​ក្នុង​ខេត្ត​ព្រៃវែង​កំពុង​រៀបចំ​ការិយាល័យ​បោះឆ្នោត​។
រូបភាពឯកសារ៖ មន្រ្តី​​ក្នុង​ខេត្ត​ព្រៃវែង​កំពុង​រៀបចំ​ការិយាល័យ​បោះឆ្នោត​។

ទោះជា​​មានការ​ទទូច​ជារឿយៗ​ពីគណបក្ស​នយោបាយ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា​ ​ត្រូវមាន​​ការ​ពន្លឿន​ការ​​​ការ​ប្តូរ​អត្ត​សញ្ញាណ​បណ្ណ​ និង​ការ​ធ្វើ​ថ្មី​សម្រាប់​​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិបោះ​ឆ្នោត​ ដើម្បី​ឲ្យ​ទាន់​ការ​បោះឆ្នោត​ខាង​មុខក្តី​ ​ តែមន្ត្រី​បូលិស​ជាន់ខ្ពស់​ទទួល​បន្ទុក​ការគ្រប់គ្រង​អត្ត​សញ្ញាណ​បណ្ណ​ បាន​អះអាង​ថា ​ពលរដ្ឋ​អ្នក​បោះឆ្នោត​ជាង​៨​លាននាក់​ហើយ​ដែល​មាន​អត្ត​សញ្ញាណ​បណ្ណ​មកដល់​ពេល​នេះ។​

«ឥឡូវ​នេះ ​យើង​នៅ​តែ​បន្ត​ផ្តល់​ជូន​ប្រជា​ពលរដ្ឋ​រឿង​ទាន់​មិនទាន់​ពេល​បោះឆ្នោត​ គឺ​សំខាន់​ការ​ចូលរួម​របស់​ប្រជា​ពលរដ្ឋ​ដែរ​ ព្រោះ​មធ្យោបាយ​ក្នុងការ​ផ្តល់​ឲ្យហ្នឹង​ ម៉ាស៊ីន​បាន​បំពាក់​ថ្មី​ និង​ចែក​ជូន​ទៅ​តាម​បណ្តា​រាជធានី​ខេត្ត​អស់​ហើយ ​ជាពិសេស​នៅក្នុង​មួយ​សង្កាត់​មាន​ម៉ាស៊ីន​មួយ​ ម៉ាស៊ីន​ចល័ត​មួយ​សម្រាប់​ប្រមូល​ទន្នន័យ។​ ម៉ាស៊ីន​ចល័ត​មាន​ប្រសិទ្ធភាព​ក្នុងការ​ប្រមូល ​ព្រោះវា​ថ្មី។​ រដ្ឋាភិបាល​បាន​បំពាក់​ទៅហើយ។ ​នៅ​បី​ឃុំ​មាន​ម៉ាស៊ីន​មួយ​ទៀត ​ហើយ​នឹង​មិនទាន់​គិត​ម៉ាស៊ីន​នៅក្នុង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ ខណ្ឌ​និមួយៗ​ផង‍»។​ ​

នេះ​បើតាម​ការអះអាង​របស់​លោក​ឧត្តមសេនីយ៍​ឯក​ ប្រ៉ុក ម៉ៃឧត្តម ​អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​អត្ត​សញ្ញាណ​កម្ម។​

លោក​បាន​បន្ត​ថា ​មក​ដល់​ពេលនេះ ​មានអត្ត​សញ្ញាណ​បណ្ណ​ជិត​៩​លាន​សន្លឹក​ហើយ​ត្រូវបាន​ប្រគល់ឲ្យពលរដ្ឋ​ដោយ​បាន​ធ្វើ​ជាបី​ដំណាក់​កាល។​

ដំណាក់​កាលទី១​ ក្រដាស ​ដំណាក់​កាលទី២ ​កាតរឹង​ តែ​អត់មាន​ ឈីប​ទេ ​ហើយ​ដំណាក់​កាល​ក្រោយ​នេះ ​បច្ចេកវិជ្ជា​ទំនើប​ដោយ​សារ​ប្រព័ន្ធ​ Biometrics ​គឺមាន​ Chip​ ជាដំណាក់​កាលទី៣​ចុង​ក្រោយ។​

«អញ្ចឹង ​បើតាម​លក្ខណៈ​ប្រជាសាស្ត្របូក ​អត្តសញ្ញាណ​បណ្ណ​ចាស់​ បូក​និង​អត្តសញ្ញាណ​បណ្ណ​ថ្មី​ យើង​គិត​សន្មត់​ថា ​ប្រជាពលរដ្ឋ​អាចនឹង​គ្រប់គ្រាន់​ដើម្បី​កាន់​ទៅ​បោះឆ្នោត​ ចុះ​ឈ្មោះ​បោះឆ្នោត​ហើយ‍»។​

ក្រុម​មន្ត្រី​ឃ្លាំមើល​ការបោះ​ឆ្នោត​បាន​និយាយ​ថា​ ពលរដ្ឋ​កម្ពុជា​ជាច្រើន​មិនទាន់​បាន​ទទួល​អត្តសញ្ញាណ​បណ្ណ​ដែល​ជា​ឯកសារ​ចាំបាច់សម្រាប់​ការ​ចុះឈ្មោះ​បោះឆ្នោត​ ជាពិសេស​ពលរដ្ឋ​ទើបគ្រប់​អាយុ​បោះឆ្នោត។​

លោក​គល់ បញ្ញា ​នាយក​ប្រតិបត្តិនៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ ខុមហ្វ្រែល ​បាន​ថ្លែង​ថា ​ឯកសារ​អត្ត​សញ្ញាណ​បណ្ណ​ ជាឯកសារ​គោល​ ក្នុង​ចំណោម​ឯកសារ​ផ្សេងៗ ​ដែល​ពលរដ្ឋ​ជាច្រើន​ត្រូវការ​ចាំបាច់។​

«តែទោះបី ​ជា​យ៉ាងណា​ យើងនឹង​សិក្សា​ឲ្យ​ស៊ីជម្រៅពីបញ្ហា​នេះ​ មុន​នឹង​យើង​ឲ្យ​អនុសាសន៍​ឲ្យ​ចំគោល​ដៅ​ទៅ​ក្រសួង​មហាផ្ទៃ​ ធ្វើម៉េច​ដើម្បី​ឲ្យមាន​ការរៀបចំ​ចេញ​អត្តសញ្ញាណ​បណ្ណ​ជាតិខ្មែរ​នេះទៅ​ប្រជា​ពលរដ្ឋ​ឲ្យបាន​គ្រប់គ្នា​ ពីព្រោះ​អត្តសញ្ញាណ​បណ្ណ​ជាតិ​ខ្មែរ​នេះ​ជា​ឯកសារ​គោល​សំខាន់​ណាស់​សម្រាប់​ចុះ​ឈ្មោះ​ផង ​សម្រាប់​បោះឆ្នោត​ផង​ ដែល​នៅ​ក្នុង​ច្បាប់​បោះឆ្នោត​យើងថ្មី​នេះ​ គេ​យក​ជាឯកសារ​ គោល‍»។​

លោក​សម គន្ធាមី ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​និចហ្វិក​ បាន​លើកពីក្តីបារម្ភ​រឿង​អត្ត​សញ្ញាបណ្ណ​ដែល​មាន​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ផ្តល់​ជូន​ពលរដ្ឋ​ពី​អាជ្ញាធរ។​

«តែ​(អាជ្ញាធរ)​គាត់​សង្ឃឹម​ថា​ គាត់​នឹង​ពន្លឿន។ ​ប៉ូលិស​អត្តសញ្ញាណ​បណ្ណ​ហ្នឹង​ ធ្វើឲ្យ​បាន​ច្រើន​ ហើយ​បើ​សិន​ជាខ្វះខាត​អី​ អត់ទាន់​ គេ​នឹង​ធ្វើ​ឲ្យ​មេឃុំ​ហ្នឹង​បញ្ជាក់​អត្តសញ្ញាណ​ហ្នឹង​ដើម្បី​ឲ្យអ្នក​ដែល​អត់ទាន់​មាន​អត្ត​សញ្ញាណ​បណ្ណ​ហ្នឹង​អាច​ចុះឈ្មោះ​បាន‍»។​

ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​លើក​ឡើង​ដូច្នេះ​ដោយ​យោង​ថា​ បូករួម​ទាំង​មនុស្ស ​ដែល​ទើប​គ្រប់​អាយុ​១៨ឆ្នាំ​និង​តួលេខ​អ្នក​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ ​សង្កាត់​សរុប ​ទំនង​ជា​កើន​ដល់​ចំនួន​១០​លាន​នាក់ដែល​មាន​សិទ្ធិ​បោះឆ្នោត​នៅឆ្នាំ​២០១៧​ខាង​មុខ​ ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ជាង​១៥​លាន​នាក់។​ ​

ទោះជា​យ៉ាងណា​ក៏ដោយ​លោក​ឧត្តម​សេនីយ៍​ឯក​ ម៉ៃឧត្តម​បាន​អះអាង​ពីការ​ប្តេជ្ញា​ចិត្ត​របស់​អាជ្ញាធរ​រដ្ឋាភិបាល។​

«អញ្ចឹង ​យើង​អត់​មាន​ថា​ អត់​ធ្វើ​ទេ​ យើង​នៅ​តែបន្ត​ធ្វើ​ដដែល។​ នេះជា​គោល​ការណ៍​នយោបាយ ​ដែលជា​ការ​បេ្តជ្ញា​ចិត្ត​កម្រិតខ្ពស់​របស់​រាជ​រដ្ឋាភិបាល​គឺចង់​ឲ្យប្រជា​ពលរដ្ឋ​មាន​អត្ត​សញ្ញាណ​បណ្ណ​គម្រូថ្មី​ប្រើ​ប្រាស់​គ្រប់​គ្នា‍»។​

ទោះជា​យ៉ាងណា​ក៏ដោយ ​លោក​បាន​ទទួល​ស្គាល់​ថា​ កន្លង​មក​មាន​ភាព​យឺត​យ៉ាវខ្លះ​ ដោយសារ​តែ​ការ​ប្រមូល​ទិន្នន័យ​មាន​ភាព​យឺតយ៉ាវ​ពី​ឃុំ​សង្កាត់​ ហើយ​បញ្ជូន​មក​ថ្នាក់​ជាតិ​ តាមប្រព័ន្ធ​អ៊ីនធើណិត​ និង​ក្រៅ​ប្រព័ន្ធ​នេះ។​ ហើយ​ទាំង​ក្រសួង​និង​អគ្គ​ស្នងការ​នរគបាល​បាន​ណែនាំ​ដល់​មន្ត្រី​មូលដ្ឋាន​ឲ្យ​ពន្លឿន​កិច្ចការ​នេះ​ហើយ។​

ប្រតិកម្ម​ចំពោះ​សំណួរ​អំពី​ជន​បរទេស​មាន​កាន់​អត្ត​សញ្ញាណ​បណ្ណ​ខ្មែរ​ដែល​ជា​ការ​រអ៊ូរទាំ​សម្រាប់​ក្រុម​ប្រឆាំង​និង​ពល​រដ្ឋ​ខ្មែរ​នោះ ​លោក​ឧត្តម​សេនីយ៍​ឯក​ ម៉ៃឧត្តមថ្លែង​ថា ​លោក​ជា​មន្ត្រីបច្ចេក​ទេស ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​រឿង​ដែល​ពាក់​ព័ន្ធ​នឹង​នយោបាយ​ទេ។​ លោក​ក៏​បាន​បន្ថែម​សេចក្តី​ថា ​តម្លៃ​កំណត់​សម្រាប់ធ្វើ​អត្តសញ្ញាណ​បណ្ណ​គឺ​ត្រឹម​ តែ​១០០០០​រៀល​ តែប៉ុណ្ណោះ ​ដែល​រយៈ​ពេល​គឺត្រូវធ្វើ​ក្នុង​កាល​កំណត់​ជាក់លាក់​គឺ​៣០ថ្ងៃ ​នៃ​ថ្ងៃ​ធ្វើការ។​

លោក​ឧត្តម​សេនីយ៍ឯក​ប្រ៉ុក ម៉ៃឧត្តម​ អគ្គ​នាយក​រង​នៃ​អគ្គនាយក​ដ្ឋាន​អត្តសញ្ញាណ​កម្ម ​បាន​បញ្ជាក់​ថា​ ទោះជា​អត្តសញ្ញាណ​បណ្ណថ្មី​មិន​អាច​ប្រគល់​ជូន​បានឬ​មិនអាច​ដូរបាន​មែន​ តែ​អត្ត​សញ្ញាណ​បណ្ណ​ចាស់ ​ទោះ​ជា​ផុត​កំណត់​ក្តី​គឺនៅ​មាន​សុពលភាព​ អាច​ប្រើប្រាស់​បាន​ដល់​ថ្ងៃ​ទី៣១ ​ខែ​ធ្នូ​២០១៨។​

ប្រទេស​កម្ពុជា​កំពុង​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ដែល​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ជប៉ុន​និង​សហគមន៍​អឺរ៉ុប។​ តែ​រដ្ឋាភិបាល​មិន​ទាន់​បាន​ប្រកាស​ពីថ្ងៃបោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ដែល​គេ​គ្រោង​ធ្វើនៅ​ក្នុង​ឆ្នាំ​២០១៧​ នៅ​ឡើយ​ទេ​ ហើយ​ស្ថាប័ន​គ.ជ.ប.​ដែល​ត្រូវ​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ចុះ​ឈ្មោះ​ទូទាំង​ប្រទេស​ឡើង​ វិញ​ក៏​មិនទាន់​បាន​ចាប់​ផ្តើម​ដែរ ​ដោយត្រូវរង់​ចាំ​សម្ភារៈ​និង​ថវិកា​ជំនួយ​នានា៕


XS
SM
MD
LG