សហរដ្ឋអាមេរិក ដោយសហការជាមួយចក្រភពអង់គ្លេស និងប្រទេសកាណាដា បានដាក់ចេញផែនការទណ្ឌកម្មថ្មីលើប្រទេសបេឡារុសកាលពីថ្ងៃច័ន្ទ នៅខួបមួយឆ្នាំនៃការចាប់ផ្តើមត៉វាប្រឆាំងលទ្ធផលបោះឆ្នោតនៅក្នុងប្រទេសនេះ ដែលត្រូវបានគេមើលឃើញជាទូទៅថា មានការលួចបន្លំនោះ។
ចាប់តាំងពីពេលនោះមក ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បានប្រើសកម្មយ៉ាងឃោរឃៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធី និងក្រុមប្រឆាំងនយោបាយរបស់លោក។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា «ដោយមិនគោរពឆន្ទៈដ៏ច្បាស់លាស់របស់ពលរដ្ឋបេឡារុស របបលោក Lukashenko បានប្រព្រឹត្តការលួចបន្លំសន្លឹកឆ្នោត និងបន្ទាប់មកទៀត បានបើកយុទ្ធនាការយ៉ាងឃោរឃៅបង្ក្រាបអ្នកប្រឆាំង។
ដោយចាប់ឃុំខ្លួនអ្នកតវ៉ាដោយសន្តិវិធីរាប់ពាន់នាក់ និងឃុំឃាំងសកម្មជន សង្គមស៊ីវិល អ្នកសារព័ត៌មាន និង អ្នកទោសនយោបាយជាង៥០០នាក់ ព្រមទាំងបង្ខំឲ្យយន្តហោះដឹកអ្នកដំណើរបរទេសមួយគ្រឿងចុះចតក្នុងទឹកដីរបស់ខ្លួនផ្ទុយពីបទដ្ឋានជាសាកលនោះ សកម្មភាពរបស់របបលោក Lukashenko គឺជាការប្រឹងប្រែងខុសច្បាប់ក្នុងការបន្តកាន់អំណាច ទោះខាតបង់យ៉ាងណាក៏ដោយ»។
ទណ្ឌកម្មរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កាណាដា និងចក្រភពអង់គ្លេសនេះគឺសំដៅទៅលើឧស្សាហកម្មសំណង់ ថាមពល រ៉ែប៉ូតាស្យូម និងឧស្សាហកម្មថ្នាំជក់របស់រដ្ឋាភិបាលលោក Lukashenko ដែលក្រសួងហិរញ្ញវត្ថុអាមេរិកពណ៌នាថា ជា«ប្រភពចំណូលដ៏សំខាន់»របស់រដ្ឋាភិបាលលោក Lukashenka។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក អ្នកស្រី Janet Yellen បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «រួមជាមួយដៃគូគឺប្រទេសកាណាដា និងចក្រភពអង់គ្លេស នៅថ្ងៃនេះយើងកំពុងបង្ហាញការបន្តថ្កោលទោសជាអន្តរជាតិប្រឆាំងសកម្មភាពរបស់របបលោក Lukashenko ដែលផ្ទុយលទ្ធិប្រជាធិបតេយ្យ»៕