រដ្ឋាភិបាលកម្ពុជានិយាយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលចិន អាចការពារពលរដ្ឋខ្មែរ ដែលជាប់នៅក្រុងវូហាន (Wuhan) បាន ហើយថា រដ្ឋាភិបាលកម្ពុជាមិនមានគម្រោងជម្លៀសអ្នកទាំងនោះមកកម្ពុជានោះទេ ខណៈប្រទេសជាច្រើនកំពុងស្វះស្វែងជម្លៀសប្រជាជនរបស់ពួកគេមកប្រទេសខ្លួនវិញ។
មេរោគកូរ៉ូណា ដែលបង្កជាជំងឺរលាកសួតថ្មីនេះ ត្រូវបានគេរាយការណ៍ថា មានប្រភពពីផ្សារលក់សត្វព្រៃមួយក្នុងទីក្រុងវូហាន (Wuhan) នៃប្រទេសចិន។
បន្ទាប់ពីមានការផ្ទុះមេរោគរលាកសួតថ្មីនេះ រដ្ឋាភិបាលចិនបានបិទមិនឲ្យមានការធ្វើដំណើរចេញចូល ឬឆ្លងកាត់ទីក្រុងនេះ កាលពីសប្តាហ៍មុន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគដែលបង្កឲ្យប្រជាជនចិនយ៉ាងហោចណាស់ ១០០នាក់ស្លាប់ និងមនុស្សជាង ៤.៥០០នាក់ ភាគច្រើនជាជនជាតិចិន បានឆ្លងមេរោគនេះ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសប្រាប់ VOA ថា៖ «ទី១នីតិវិធីនៅខេត្តហ្នឹង តាមខ្ញុំដឹង គឺគេអត់ឲ្យមានការធ្វើដំណើរចេញចូលនោះទេ»។
លោកបន្ថែមថា ស្ថានទូតកម្ពុជានៅទីនោះ ក៏បានទាក់ទងជាប្រចាំទៅនិស្សិតខ្មែរទាំង២៣រូប។ លោកថា អាជ្ញាធរខ្មែរធ្វើការជាមួយអាជ្ញាធរចិន ដើម្បីធ្វើយ៉ាងឲ្យក្រុមនិស្សិតទាំងនោះ នៅកន្លែងមានសុវត្ថិភាព និងមានម្ហូបអាហារត្រឹមត្រូវ ក៏ដូចជាចាត់វិធានការនានាដើម្បីទប់ស្កាត់កុំឲ្យពួកគេ ឆ្លងមេរោគនេះ។
«ចំណុចមួយទៀត គឺរដ្ឋាភិបាលកម្ពុជាគឺទុកចិត្តលើរដ្ឋាភិបាលចិន ក្នុងការគ្រប់គ្រងស្ថានការណ៍នេះបាទ»។
អ្នកនាំពាក្យពាក្យរូបនេះបន្ថែមថា អ្នកទាំងនោះមានសុខភាពល្អ៖ «តាមការសាកសួរទៅគឺគាត់មានសុខភាពល្អទេបាទ។ គឺអត់អីទេ»។
ប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងបញ្ជូនជើងហោះហើរពិសេសដែលរៀបចំទុកដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនពីទីក្រុងវូហាន នៅយប់ថ្ងៃអង្គារ ខណៈដែលរដ្ឋាភិបាលអាមេរិកក៏កំពុងរៀបចំជើងហោះហើរដូចគ្នានេះផងដែរ។ នេះបើយោងតាមសារព័ត៌មាន The Guarian របស់ចក្រភពអង់គ្លេស។ ឯប្រទេសកូរ៉េខាងត្បូងនិងបារាំង ក៏មានបំណងជម្លៀសពលរដ្ឋចេញនៅសប្តាហ៍នេះផងដែរ។
លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់ VOA ថា ក្រសួងបានពិនិត្យនិងតាមដានប្រជាពលរដ្ឋខ្មែរដែលបានចាកចេញពីវូហាន មកលេងកម្ពុជានាពេលបុណ្យចូលឆ្នាំចិនដើម្បីឲ្យប្រាកដថា ពួកគេមិនមានផ្ទុកមេរោគកូរ៉ូណាថ្មីនេះទេ។
លោកបញ្ជាក់ថា៖ «យើងបានពិនិត្យកម្តៅនិស្សិតដែលគាត់បានមកពីតាមខេត្តនានារបស់ប្រទេសចិនហ្នឹង ហើយក្នុងនោះក៏មានវូហានដែរ ប៉ុន្តែមកដល់ពេលនេះយើងពុំទាន់រកឃើញថាគាត់មានរោគសញ្ញាអីគួរឲ្យកត់សម្គាល់ទេ»។
លោកបន្ថែមថា ប្រសិនបើក្រុមនិស្សិតទាំងនោះ អាចមានរោគសញ្ញានៅថ្ងៃបន្ទាប់ទៀត ពួកគេត្រូវទាក់ទងទៅក្រសួងសុខាភិបាលដើម្បីតាមដានសុខភាពបន្ត។
មេរោគនេះក៏ត្រូវបានគេរកឃើញថា រីករាលដាលក្នុងប្រទេសផ្សេងៗទៀតដូចជាប្រទេសសិង្ហបុរីម៉ាឡេស៊ី ស្រីលង្កា នេប៉ាល់ អូស្ត្រាលី អាល្លឺម៉ង់ ថៃ វៀតណាម បារាំង កាណាដា និងប្រទេសកម្ពុជាផងដែរ៕