នាយករដ្ឋមន្ត្រីខ្មែរ លោកហ៊ុន សែន នឹងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក និងគ្រោងទៅបំពេញទស្សនកិច្ចការទូតផ្សេងទៀតនៅប្រទេសគុយបា និងជប៉ុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយកាលពីថ្ងៃចន្ទម្សិលមិញ។
សេចក្តីប្រកាសចុះថ្ងៃ ទី១៩ ខែកញ្ញារបស់ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា ទស្សនកិច្ចរបស់លោកហ៊ុន សែន នៅក្រៅប្រទេសនឹងមានរយៈពេល១សប្តាហ៍ គឺគិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ។
បើតាមសេចក្តីប្រកាសដដែល លោកនាយករដ្ឋមន្ត្ រីហ៊ុន សែន នឹងចូលរួមសម័យប្រជុំលើកទី៧៧របស់មហាសន្និបាតអង្គការសហប្រជាជាតិក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡា» ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២២នៅបុរីញូវយ៉ក។
អំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក លោក ហ៊ុន សែន នឹងមានជំនួបមួយចំនួន រួមមានជំនួបជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោកCharles Michel។
នៅប្រទេសគុយបា លោក ហ៊ុន សែន នឹងមានជំនួបជាមួយលោកប្រធានាធិបតីនៃរដ្ឋកុម្មុយនិស្តមួយនេះគឺលោក Miguel Diaz-Canel Bermudez ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ។ ចំណែកនៅប្រទេសជប៉ុន លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោកShinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា៕