កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសឥណ្ឌានាឆ្នាំ២០២២ នេះ ទៅតាមការអញ្ជើញរបស់មេដឹកនាំរដ្ឋាភិបាលទីក្រុង New Delhi គឺលោកណារិន ដ្រាម៉ូឌី (Narendra Modi)។
ដំណឹងនៃការទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌារបស់ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា កើតមានឡើងក្នុងជំនួបមួយតាមប្រព័ន្ធវីដេអូ រវាងលោកហ៊ុន សែន និងមេដឹកនាំរដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃទី១៨ ខែឧសភា។
អ្នកវិភាគវាយតម្លៃជាមុនអំពីការទៅបំពេញទស្សនកិច្ចរបស់លោកហ៊ុន ម៉ាណែតនៅប្រទេសឥណ្ឌាថា មានទិដ្ឋភាពពីរ គឺមួយជាការបង្កើនចំណងទាក់ទងកម្ពុជា និងឥណ្ឌា និងទីពីរគឺលោកហ៊ុន សែនចង់បង្ហាញនូវមុខមាត់ថ្មីនៃអនាគតមេដឹកនាំរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញ ខណៈលោកហ៊ុន ម៉ាណែតត្រូវបានគណបក្សកាន់អំណាចជ្រើសរើសឱ្យធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោកគិន ភា ប្រាប់វីអូអេថា បើនិយាយជារួម ឥណ្ឌាជាប្រទេសមហាអំណាចមួយនៅក្នុងតំបន់អាស៊ីកណ្តាល ដែលចង់ពង្រីកអំណាចក៏ដូចជាឥទ្ធិពលរបស់ខ្លួនទៅកាន់តំបន់ក៏ដូចជាពិភពលោក។ តែបើនិយាយដោយឡែកវិញ ការបង្កើតឱ្យមានការប្រាស្រ័យទាក់ទងគ្នារវាងបុគ្គល និង បុគ្គលគឺជាផ្នែកមួយនាំឱ្យប្រជាជាតិទាំងពីរមានទំនាក់ទំនងគ្នាកាន់តែស្និទ្ធស្នាល ពីព្រោះលោក ហ៊ុន ម៉ាណែតនឹងអាចក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាផងដែរ។
លោកនិយាយថា៖«ពីព្រោះឯកឧត្តមហ៊ុន ម៉ាណែត យូរនិងឆាប់ មុននិងក្រោយ លោកនឹងក្លាយទៅជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ អ៊ីចឹងការចេញដំណើរមុននៃការរៀបចំទំនាក់ទំនងបែបនេះ ខ្ញុំគិតថាឥណ្ឌាក៏ប្រហែលជាមិនខុសពីប្រទេសជប៉ុនដែរ ដែលតែងតែយល់អំពីគេហៅថាវប្បធម៌នយោបាយនិងចិត្តសាស្ត្រ នយោបាយនៃសង្គមកម្ពុជា»។
បើតាមលោកគិន ភា ការរឹតចំណងការទូតជាមួយឥណ្ឌា បានធ្វើឱ្យកម្ពុជាត្រូវគេមើលឃើញថាកំពុងបង្កើតឱ្យមានភាពចម្រុះនៃការកសាងចំណងការទូតរបស់ខ្លួន និងការពង្រីកសកម្មភាពពាណិជ្ជកម្មទាំងជាមួយរដ្ឋាភិបាលទីក្រុងNew Delhi និងរដ្ឋាភិបាលប្រទេសផ្សេងទៀត។
លោកថ្លែងថា៖«ប្រទេសទាំងពីរមិនទាន់មានទំនាក់ទំនងវិស័យពាណិជ្ជកម្មធំ[ជា]ដុំកំភួនមែន ក៏ប៉ុន្តែខ្ញុំគិតថាទៅថ្ងៃអនាគតគឺនឹងអាចមានផលប្រយោជន៍ច្រើនទៀតសម្រាប់លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាមួយនឹងប្រទេសឥណ្ឌា»។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទស្សនកិច្ចលោកហ៊ុន ម៉ាណែតទៅកាន់ប្រទេសឥណ្ឌាជាផ្នែកមួយនៃការរឹតចំណងទាក់ទងទ្វេភាគីរបស់ប្រទេសទាំងពីរ ខណៈនៅឆ្នាំ២០២២នេះគឺជាខួបលើកទី៧០ឆ្នាំនៃការកសាងចំណងការទូតរបស់ប្រទេសទាំងពីរនេះ។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុនណាយល់ថា រដ្ឋាភិបាលទីក្រុង New Delhi មានបំណងឈ្វេងយល់ពីទស្សនវិស័យ នយោបាយ ក៏ដូចជាអនាគតនៃភាពជាអ្នកដឹកនាំកម្ពុជា ក្នុងដំណើរទស្សនកិច្ចរបស់លោកហ៊ុន ម៉ាណែតនៅប្រទេសឥណ្ឌា។
យ៉ាងណាក៏ដោយ បើតាមលោក វណ្ណ ប៊ុនណា ទំនាក់ទំនងកម្ពុជានិងឥណ្ឌាគឺមានភាពស្និទ្ធស្នាលខ្លាំងក្នុងផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រ ខណៈចំណងទាក់ទងខាងសេដ្ឋកិច្ចនិងនយោបាយ គឺប្រទេសទាំងពីរអាចត្រូវការពេលបន្ថែមទៀត ដើម្បីធ្វើឱ្យមានជាប្រយោជន៍សម្រាប់ភាគីទាំងពីរ។
មួយវិញទៀត លោកនិយាយថា កម្ពុជាដែលខិតខំពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយឥណ្ឌានោះ គឺដោយសារប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ចង់ធ្វើឱ្យមានតុល្យភាពនៃទំនាក់ទំនងកម្ពុជាជាមួយចិនក៏ដូចជាមហាអំណាចដទៃទៀត។
លោកប្រាប់វីអូអេកាលពីថ្ងៃចន្ទថា៖ «ដោយសារឥណ្ឌាត្រូវបានគេមើលឃើញថា គឺជាប្រទេសមួយដែលចាប់ផ្តើមប្រកួតប្រជែងឥទ្ធិពលជាមួយចិននៅក្នុងតំបន់ផងដែរ។អ៊ីចឹងទេ បើសិនជាកម្ពុជាទាញទំនាក់ទំនង ឬ ក៏ពង្រឹង ទំនាក់ទំនងជាមួយឥណ្ឌាកាន់តែខ្លាំងហ្នឹង វាធ្វើឱ្យកម្ពុជាមានតុល្យភាពក្នុងការទំនាក់ទំនងជាមួយចិនឬក៏មហាអំណាចផ្សេងទៀតផងដែរ»។
ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីឥណ្ឌាណារិន ដ្រាម៉ូឌី កាលពីថ្ងៃទី១៨ ខែឧសភា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងឥណ្ឌាបានកើនប្រមាណ៣០០លានដុល្លានៅក្នុង២០២១ ទោះបីជានៅសម័យកាលវាយលុកខ្លាំងនៃជំងឺកូវីដ១៩មានការថយចុះក៏ដោយ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកហ៊ុន សែន។
ដោយចង់បាននឹងការជំរុញបន្ថែមទៀតនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ លោកហ៊ុន សែនបានស្នើដល់ប្រទេសឥណ្ឌា២ចំណុច ក្នុងជំនួបដដែលជាមួយមេដឹកនាំឥណ្ឌានោះ គឺជំរុញនូវការបញ្ចប់នីតិវិធីបច្ចេកទេសឱ្យបានឆាប់ ដើម្បីពន្លឿនលើការចុះហត្ថលេខានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងឥណ្ឌា និងពន្លឿនទៅលើការចរចា ដើម្បីបញ្ចប់នូវសន្ធិសញ្ញាវិនិយោគទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា ដើម្បីឈានទៅចុះហត្ថលេខាឱ្យបានឆាប់ផងដែរ។
លើសពីនេះទៀត នៅក្នុងវិស័យទេសចរណ៍លោកហ៊ុន សែនបានស្នើសុំឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកភ្នំពេញ និងពីឥណ្ឌាមកខេត្តសៀមរាប ក្នុងការជំរុញធ្វើយ៉ាងណាឱ្យទេសចរណ៍មានការកើនឡើងរវាងប្រទេសទាំងពីរ។
ដោយឡែក អ្នកវិភាគនយោបាយលោកសេង សារីប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លោកហ៊ុន ម៉ាណែត សព្វថ្ងៃគឺមិនមែនធ្វើការងារក្នុងនាមជាមេទ័ពនោះទេ ប៉ុន្តែកំពុងធ្វើការជំនួសដៃជើងឪពុករបស់លោកដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន។
លោកថ្លែងថា៖ «វាបង្ហាញច្បាស់ណាស់ថាលោក ហ៊ុន ម៉ាណែតហ្នឹងបានការងារក្នុងនាមជានាយករដ្ឋមន្ត្រីរួចស្រេចទៅហើយ ដែលមិនធ្វើការងារក្នុងនាមជាអគ្គមេបញ្ជាការកងទ័ពទៀត»។
ក៏ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ពន្យល់ថា ទស្សនកិច្ចរបស់លោកហ៊ុន ម៉ាណែតទៅកាន់ប្រទេសឥណ្ឌា គឺជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ព ពោលគឺមិនមែនក្នុងនាមជារដ្ឋាភិបាលនោះទេ។
លោកមានប្រសាសន៍ថា៖ «គាត់មានយកក្នុងនាមរដ្ឋាភិបាលទៅប្រើឯណា? គាត់ទៅក្នុងនាមកងទ័ពគាត់ ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក»។
គួររំឭកឡើងវិញផងដែរលោកហ៊ុន ម៉ាណែត ដែលទទួលបានការសិក្សាជំនាញយោធានៅសហរដ្ឋអាមេរិក និងសេដ្ឋកិច្ចនៅប្រទេសអង់គ្លេស ធ្លាប់បានធ្វើដំណើរទស្សនកិច្ចផ្លូវការនៅជប៉ុន កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២នេះ។
នៅប្រទេសជប៉ុន លោកហ៊ុន ម៉ាណែត បានជួបពិភាក្សាទេ្វភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោកFumio Kishida និងរដ្ឋមន្ត្រីសំខាន់ៗទៀត រួមមានរដ្ឋមន្ត្រីការបរទេស និងការពារជាតិ នៅទីក្រុងតូក្យូ ហើយក៏លោកបានជួបពិភាក្សាជាមួយមន្ត្រីយោធាជាន់ខ្ពស់ជប៉ុនផងដែរ។
ឥណ្ឌានិងជប៉ុន ជាប្រទេសដែលស្ថិតក្នុងក្រុមប្រទេស Quad (ឬដៃគូសន្ទនាសន្តិសុខចតុភាគី) ដែលត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយឥទ្ធិពលចិននិងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម Belt and Road Initiative របស់ចិនផងដែរ៕