ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ប្រកាស​​ជួប​អ្នក​សារ​ព័ត៌មាន​ តែ​​អ្នក​ជំនាញ​បារម្ភ​ថា ​វា​អាច​​ប៉ះពាល់​វិជ្ជាជីវៈ​នេះ


រូប​ឯកសារ៖ លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន​ ផ្ទុះ​សំណើច​​​កំឡុង​ពេល​ការ​រំលឹក​ខួបទី​៦៥​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីស្នាក់​ការ​កណ្ដាល​គណបក្ស​នៅ​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​២០១៦​ នា​រាជធានី​ភ្នំពេញ​ដែល​មាន​អ្នក​ចូលរួម​​ច្រើន​រយ​នាក់​។ គណបក្ស​ប្រជាជន​កម្ពុជា​មាន​ឈ្មោះ​ដើម​ហៅ​ថា​គណបក្ស​បដិវត្តន៍​ប្រជាជន​ខ្មែរ​ត្រូវបាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២៨​ខែ​មិថុនា​ឆ្នាំ​១៩៥១។(ឡេង ឡែន​/VOA )
រូប​ឯកសារ៖ លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន​ ផ្ទុះ​សំណើច​​​កំឡុង​ពេល​ការ​រំលឹក​ខួបទី​៦៥​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីស្នាក់​ការ​កណ្ដាល​គណបក្ស​នៅ​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​២០១៦​ នា​រាជធានី​ភ្នំពេញ​ដែល​មាន​អ្នក​ចូលរួម​​ច្រើន​រយ​នាក់​។ គណបក្ស​ប្រជាជន​កម្ពុជា​មាន​ឈ្មោះ​ដើម​ហៅ​ថា​គណបក្ស​បដិវត្តន៍​ប្រជាជន​ខ្មែរ​ត្រូវបាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២៨​ខែ​មិថុនា​ឆ្នាំ​១៩៥១។(ឡេង ឡែន​/VOA )

លោក​ហ៊ុន សែន​បាន​បញ្ជាក់​​​ថា៖​​ «សុំ​ឯក​ឧត្តម​ខៀវ កាញារីទ្ធ​ពិនិត្យ​មើល​ តើ​មាន​ប៉ុន្មាន​ដើម្បី​យើង​កំណត់ ​ថា​តើ​គួរ​ជួប​គ្នា​នៅ​ Restaurant ​(ភោជនីយ​ដ្ឋាន)​​ណា? ​ជួប​គ្នា​ផង ​ជជែក​គ្នា​ផង ​សួរ​គ្នា​ផង ​ទើប​ឆ្ងាញ់​បាយ។ ​ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា ​ការ​ជួប​នេះ​នឹង​មិន​មាន​អ្នក​ចោទ​ចំពោះ​ខ្ញុំ​ថា ​​ទិញ​ទឹក​ចិត្ត​អ្នក​សារ​ព័ត៌មាន​ទេ»។​

លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន​បានសម្រេច​យក​ថ្ងៃទី​១៤ ​ខែ​មករា ​ឆ្នាំ​២០១៧​ដើម្បី​ជួប​ជជែក​ជាមួយ​អ្នក​សារព័ត៌មាន​ តាម​ការ​ផ្តួច​ផ្តើម​របស់​លោក​ខៀវ កាញារីទ្ធ ​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ដើម្បី​បង្កើត​ទិវា​ជួបជុំ​អ្នក​សារព័ត៌មាន ហើយ​ផ្តល់​ឱកាស​ឲ្យ​អ្នក​សារព័ត៌មាន​មកពី​គ្រប់​ស្ថាប័ន​សួរ​សំណួរ​លោក​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្សេងៗដោយ​ផ្ទាល់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក អ៊ុក គឹមសេង ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន។

គម្រោង​នៃ​ការ​ជួប​ជុំរវាង​អ្នក​សារ​ព័ត៌មាន​ និង​លោក ហ៊ុន សែន​នេះ​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក ហ៊ុន សែន​ទទួល​បានពាន​រង្វាន់​«សន្តិភាព​និង​ការ​អភិវឌ្ឍ» ​ដែល​ផ្ដល់​ដោយ សហព័ន្ធ​អ្នក​សារ​ព័ត៌មាន​អាស៊ាន ​(Union Media ASEAN-UMA) ​កាល​ពី​ចុង​ខែ​មីនា ​កន្លង​ទៅ​នេះ។​

ថ្លែង​ក្នុង​ពេល​លោក​ទទួល​ពាន​រង្វាន់​នោះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​លើក​ឡើង​ថា​ លោក​ចង់​ចង​សម្ព័ន្ធភាព​ជាមួយ​អ្នក​កាសែត​ដើម្បី​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​រវាង​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ​និង​អ្នក​សារ​ព័ត៌មាន​ជាតិ។

ថ្លែង​អំពី​គម្រោង​ណាត់​ជួប​រវាង​លោក​ជាមួយ​អ្នក​សារ​ព័ត៌មាន​ជារៀង​រាល់​មួយ​ឆ្នាំ​ម្ដង​ដើម្បី​ជជែក​ បរិភោគ​អាហារ​និង​រាំ​កម្សាន្ត​ជុំ​គ្នា​នេះ លោក​ហ៊ុន សែន​បាន​បញ្ជាក់​ថា៖

«សុំ​ឯក​ឧត្តម​ខៀវ កាញារីទ្ធ​ពិនិត្យ​មើល​ តើ​មាន​ប៉ុន្មាន​ដើម្បី​យើង​កំណត់ ​ថា​តើ​គួរ​ជួប​គ្នា​នៅ​ Restaurant ​(ភោជនីយ​ដ្ឋាន)ណា? ​ជួប​គ្នា​ផង ​ជជែក​គ្នា​ផង ​សួរ​គ្នា​ផង ​ទើប​ឆ្ងាញ់​បាយ។ ​ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា ​ការ​ជួប​នេះ​នឹង​មិន​មាន​អ្នក​ចោទ​ចំពោះ​ខ្ញុំ​ថា ទិញ​ទឹក​ចិត្ត​អ្នក​សារ​ព័ត៌មាន​ទេ»។​

ក្នុង​ពិធី​នោះ​ដែរ​ ​លោក​ហ៊ុន សែន​បាន​ណែនាំ​អ្នក​សារ​ព័ត៌មាន​ជាតិ ​និង​អន្តរជាតិ​ឲ្យ​សរសេរ​អ្វី​ដែល​ជា​ការណ៍​ពិត ​ដោយ​លោក​ថ្លែង​ថា ​កន្លង​មក​ធ្លាប់​មាន​អ្នក​សារ​ព័ត៌មាន​ខ្លះ​រាយ​ការណ៍​ខុស​ការណ៍​ពិត​ ឬ​ខុស​ពីអ្វី​ដែល​លោក​បាន​និយាយ។​

លោក​អ៊ុក គឹមសេង ​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន ​បាន​ប្រាប់ ​VOA​ ថា ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​កំណត់​យក​ថ្ងៃ​ទី១៤ ​ខែ​មករា ​ឆ្នាំ​២០១៧ ជា​ថ្ងៃ​ជួប​ជាមួយ​អ្នក​សារ​ព័ត៌មាន​ ដើម្បី​ជជែក ​និង​ផ្តល់​ឱកាស​ឲ្យ​សួរ​សំណួរ​ទៅ​មក​ដោយ​ផ្ទាល់។ លោក​បន្ថែម​ថា ​គម្រោង​នៃ​ការ​ជួប​ជុំ​នេះ​មិន​ទាន់​បាន​កំណត់ទីតាំងជាក់លាក់​នៅ​ឡើយ ប៉ុន្តែលោក​ថា ​នឹងមាន​ការចូល​រួមពីអ្នក​សារ​ព័ត៌មាន​ប្រមាណ​ជា​៧០០​នាក់ ​មក​ពី​គ្រប់​ស្ថាប័ន​សារ​ព័ត៌មាន ​មិន​ថា​ ស្ថាប័ន​ដែល​មាន​ទំនោរ​គាំទ្រ​រដ្ឋាភិបាល ​និង​ស្ថាប័ន​ដែល​តែង​តែ​រិះ​គន់​រដ្ឋាភិបាល​នោះ​ទេ។

លោក​បញ្ជាក់​ថា៖​

«យើង​ឃើញ​ថា​ ជំនួប​ពេល​នេះ​គឺ​ជា​ការ​ជួប​ជុំ​ជា​ប្រវត្តិ​សាស្រ្ត​មួយ​សម្រាប់​ប្រមុខ​រដ្ឋាភិបាល​ ជាមួយ​បណ្តាញសារ​ព័ត៌មាន ​ហើយ​ក៏​គ្រោង​គិត​ថា​ រៀបចំ​ការ​ជួប​នេះ​ឲ្យ​ទៅ​ជា​ទិវា​មួយ​សម្រាប់​អ្នក​សារ​ព័ត៌មាន​ និង​ប្រមុខ​រដ្ឋាភិបាល»។​

ជារឿយៗ ​ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​តែង​ហៅស្ថាប័ន​សារ​ព័ត៌មាន​មួយ​ចំនួន​ ដែល​រិះ​គន់​ការដឹកនាំ​របស់​រដ្ឋាភិបាល​ ​ថា​ ជា​សារព័ត៌មាន​ប្រឆាំង ​និង​មាន​ភាព​លម្អៀង​គាំទ្រ​គណបក្ស​ប្រឆាំង។ ហើយ​លោកហៅ​សារ​ព័ត៌មាន​ដែល​តែង​សរសេរ​ព័ត៌មានគាំទ្រការ​ដឹកនាំ​រដ្ឋាភិបាល​ថា ជា​ស្ថាប័នព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ។​

លោក​អ៊ូ វីរៈ ​ប្រធាន​វេទិកាអនាគត ​និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ ​ប្រាប់​ VOA ​ថា ​អ្នក​សារ​ព័ត៌មាន​ជា​ក្រុម​មនុស្ស​មាន​ឥទ្ធិពល ​ដូច្នេះ​លោក​ថា ​គម្រោង​ជួប​ជុំជាមួយ​អ្នក​សារ​ព័ត៌មាន​នេះ​ នឹង​ធ្វើ​ឲ្យ​ចំណេញ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច។​

លោក​បន្ថែម​ថា៖​

«ជា​ការ​ដឹកនាំ​ឆ្លាត ​ហើយ​ធ្វើ​នយោបាយ​ឆ្លាត។ ជា​ទូទៅ​ អ្នក​ដែល​មាន​ឥទ្ធិពល​គឺ​អ្នក​សារ​ព័ត៌មាន ​អីចឹង​ការ​ជួប​ជាមួយ​អ្នក​សារ​ព័ត៌មាន​គឺជា​រឿង​មួយ​ល្អ ​ដើម្បី​ឲ្យ​ស្គាល់​គ្នា​ទៅ។​ ជួន​កាល​អត់​ស្គាល់​គ្នា​ទៅ ​វា​មាន​អារម្មណ៍​កាន់​តែ​ឃ្លាត​ពី​គ្នា។ ប៉ុន្តែ​ស្គាល់​គ្នា​ទៅ​ ជួន​កាល​អាច​មាន​បញ្ហា​អី ​អាច​សួរ​នាំ​អី ​អាច​មាន​អារម្មណ៍​មិន​លម្អៀង។ ជួនកាល​អាច​មាន​អារម្មណ៍​លម្អៀង​វិជ្ជមាន ​លម្អៀង​អវិជ្ជមាន​ជូន​ដល់​អ្នក​នយោបាយ​ទៀត។ ខ្ញុំ​គិត​ថា​ ធ្វើ​ទៅ​ចំណេញ​នយោបាយ​គណបក្ស​កាន់​អំណាច។ ប៉ុន្តែ​ដូច​ខ្ញុំ​ថា ​អីចឹង ​រឿង​ប្រជា​ធិបតេយ្យ​ ការ​ព្យាយាម​ចំណេញ​នយោបាយបែប​ហ្នឹង​គឺ​ត្រឹមត្រូវ​បំផុត ​ហើយ​អត់​មាន​អី​ខុស​ទេ»។

លោក​មឿន ឈានណារិទ្ធ​ ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារ​ព័ត៌មាន​ ​បាន​ប្រាប់ ​VOA​ ថា ​គម្រោង​របស់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​ក្នុង​ការ​ជួបជុំ​ជា​មួយ​អ្នក​សារ​ព័ត៌មាន​ដើម្បី​ពិសារ​អាហារ​ជាមួយ​លោក​គឺ​ជា​ជំនួប​ដែល​គួរ​ឲ្យ​ចាប់​អាម្មណ៍។​ នេះ​គឺ​ជា​ជំនួប​លើក​ទី​១​ដែល​មិន​ធ្លាប់​មាន​ចាប់តាំង​ពី​ឆ្នាំ​១៩៩៣​មក។ លោក​បន្ត​ថា ​ជំនួប​នេះ​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​សារ​ព័ត៌មាន​មាន​ឱកាស​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​មន្រ្តីកាន់​អំណាច ​ប៉ុន្តែ​លោក​ថា ​ការ​ជួប​ជុំ​ដែល​នឹង​មាន​ការ​ពិសារ​អាហារ ​និង​ការ​កម្សាន្ត​ជុំ​គ្នា​នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិជ្ជាជីវៈ​របស់​អ្នក​សារ​ព័ត៌មាន។​

លោក​បញ្ជាក់​ថា៖​

«យើង​ទៅ​រួម​តុ​បាយ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ហើយ ​ពេល​ហ្នឹង​ចង់មិន​ចង់​ យើង​ហាក់​ដូច​ជា​បន្ទន់ឥរិយាបទ​ដែរ​ ព្រោះ​អី​ក្រម​សីលធម៌​វិជ្ជាជីវៈសារ​ព័ត៌មាន​តែង​តែ​ហាម​អ្នក​សារព័​ត៌​មាន​មិន​ឲ្យ​ទទួល​កាដូ ​ឬ​ក៏​អំណោយ​ណាមួយ​ពី​មន្រ្តីរដ្ឋាភិបាល ​ឬក៏​ស្ថាប័ន​ណា​មួយ​ដែល​យើង​ត្រូវ​ទៅ​យក​ព័ត៌មាន។​ ​ កាដូ​នោះ ​យើង​អាច​ទទួលបាន​ ​បើសិន​វា​មាន​តម្លៃ​ស្នើ​នឹង​កាហ្វេ​មួយ​ពែង ​ឬ​ក៏​កូកា​កូឡា​មួយ​កំប៉ុង​ អាហ្នឹង​យើង​អាច​ទទួល​យក​បាន។​ អញ្ចឹង​ការ​រៀប​ចំជាពិធី​ជប់លៀង​ធំៗ​អីចឹង​ វា​អាច​ប៉ះពាល់​ទៅលើអារម្មណ៍​របស់​អ្នក​សារ​ព័ត៌មាន»។​

បាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ព័ត៌មាន​ ដែល​ចេញ​ផ្សាយ​កាលពី​ខែ​មីនា ​ឆ្នាំ​២០១៥​ ​បង្ហាញ​ថា ​ក្នុង​ឆ្នាំ​២០១៤ ​កម្ពុជា​មាន​ស្ថាប័ន​វិទ្យុ​ចំនួន​១៧៥​ ទូរទស្សន៍​ចំនួន​២៤ ​និង​កាសែត​ជាតិ​ចំនួន​៤៥៦​នៅ​ទូទាំង​ប្រទេស។​ ទោះ​ជា​យ៉ាង​ណា​ គេ​មើល​ឃើញ​ថា ​ស្ថាប័ន​ព័ត៌មាន​ដែល​កំពុង​ដំណើរ​ការ​ មិន​មាន​ចំនួន​ច្រើន​ដូច​ក្នុង​របាយ​ការណ៍​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG