ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងចាកចេញពីប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីយាងចូលរួម សន្និសីទស្ដីពីកិច្ចសន្ទនាអរិយធម៌អាស៊ីលើកទីមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន។ សន្និសីទដែលមានប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលមកពីប្រទេសចំនួន ៤៧ អញ្ជើញចូលរួម។
ព្រះមហាក្សត្រកម្ពុជានឹងគង់នៅប្រទេសចិន រយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី១៣ រហូតដល់ ថ្ងៃទី១៦ ខែឧសភា។
ជាការកត់សម្គាល់ ព្រះរាជដំណើរលើកនេះ ធ្វើឡើងស្របពេលដែលប្រទេសកម្ពុជាកំពុងអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មថ្វាយព្រះអង្គ។ ព្រះមហាក្សត្រទ្រង់ចម្រើនព្រះជន្មគម្រប់ ៦៦ ព្រះវស្សាយាងចូល ៦៧ ព្រះវស្សា ក្នុងសប្ដាហ៍នេះ។
ការយាងទៅកាន់ប្រទេសចិនរបស់ព្រះមហាក្សត្រនៅពេលនេះតាមការយាងរបស់ លោក ស៊ី ជីនពីង ប្រធានធិបតីចិន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា AKP។
ប្រព័ន្ធឃោសនារបស់រដ្ឋចិនបានឱ្យដឹងថា សន្និសីទស្ដីពីកិច្ចសន្ទនាអរិយធម៌អាស៊ី ដែលព្រះមហាក្សត្រខ្មែរយាងចូលរួមនេះនឹងផ្ដោតសំខាន់លើការផ្សាភ្ជាប់ទំនាក់ទំនងរវាងវប្បធម៌និងអរិយធម៌នៃប្រទេសនៅតំបន់អាស៊ី ក្នុងមូលបទនៃការកសាងសហគមន៍វាសនាតែមួយនៃមនុស្សជាតិ ដែលជាសំនួនវោហាស្រដៀងគ្នានឹងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មចិន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា លោកមិនមានកាលវិភាគលម្អិតអំពីដំណើរយាងនិងព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រក្នុងប្រទេសចិននោះទេ។
«សម្រាប់ទ្រង់ដែលជាតំណាងវប្បធម៌និងអរិយធម៌របស់កម្ពុជា ក៏ដូចជានៅអាស៊ីហ្នឹងដែរ ដូច្នេះនេះជាការទំនាក់ទំនងផ្នែកវប្បធម៌និងអរិយធម៌ នៅតំបន់អាស៊ី ដែលជាមូលដ្ឋានគ្រឹះនៃអ្វីដែលគេហៅថាតម្លៃអាស៊ី»។
VOA មិនអាចទាក់ទងស្ថានទូតកម្ពុជាប្រចាំទីក្រុងប៉េកាំង ដើម្បីស្នើសុំព័ត៌មានបន្ថែមទាក់ទិននឹងព្រះរាជសកម្មភាពរបស់ព្រះរាជានៅប្រទេសចិនបាននោះទេ។
គួរបញ្ជាក់ថានាឱកាសបុណ្យចម្រើនព្រះជន្មលើកនេះ ព្រះបាទ នរោត្តម សីហមុនី មិនបានផ្ដល់ជាព្រះរាជសារអ្វីផ្ញើជូនប្រជានុរាស្ត្ររបស់ព្រះអង្គនោះទេ។ ព្រះរាជវាំងបានរៀបចំព្រះរាជពិធីថ្វាយព្រះមហាកុសលមួយដល់ព្រះអង្គ កាលពីរសៀលថ្ងៃអាទិត្យ ក្នុងព្រះរាជដំណាក់ខេមរិន្ទរបស់ព្រះអង្គ ដោយមានការប្រោះព្រំប្រសិទ្ធពរ ពីសំណាក់ សម្តេចសង្ឃព្រះពុទ្ធសាសនាទាំងពីរគណៈ ក្រុមព្រាហ្មណ៍ បុរោហិត ព្រះញាតិវង្សានុវង្ស និងមន្ត្រីជាន់ខ្ពស់នៃស្ថាប័នរដ្ឋ។
ដំណាលគ្នានឹងការយាងទៅកាន់ប្រទេសចិនរបស់ព្រះមហាក្សត្រ សម្តេច ព្រះបរមនាថនរោត្តម សីហមុនី នារសៀលថ្ងៃចន្ទនេះ ក៏មានការអញ្ជើញមកដល់ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញរបស់លោក ខាត់ហ្គា ប្រាសាត សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់។ ប្រទេសនេប៉ាល់បានធ្វើរដ្ឋប្រហាររំលាយរបបរាជានិយមរបស់ខ្លួនកាលពីជាងដប់ឆ្នាំមុន៕