លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃពុធនេះ បានបញ្ជាឲ្យអាជ្ញាធរខេត្តរាជធានីទាំងអស់ ត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅទូទាំងប្រទេស។ នេះបើយោងតាមសារជាសំឡេងរបស់នាយករដ្ឋមន្រ្តីចេញផ្សាយនៅថ្ងៃពុធនេះ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ខ្ញុំសូមឱ្យឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យល្បែងផ្សងសំណាងនៅតាមមូលដ្ឋាននៃដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីនៅមានបន្តបើកថ្មីថែមទៀត សូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍ត្រង់មកខ្ញុំ ដើម្បីចាត់វិធានការដែលអាចឈានទៅដល់ការដកអាជ្ញាបណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្តង»។
ប៉ុន្តែលោក ហ៊ុន ម៉ាណែត មិនបានបញ្ជាក់ថា តើត្រូវបិទទីតាំងល្បែងផ្សងសំណាងដែលមានស្រាប់ឬយ៉ាងណានោះទេ។ លោកក៏មិនបានបញ្ជាក់ចំៗថា តើល្បែងផ្សងសំណាងនោះមានឡូតូឬយ៉ាងណា។ ល្បែងឡូតូកំពុងរីកដុះដាលនៅតាមទីសាធារណៈ ជាពិសេសកន្លែងលេងកីឡាក្នុងប្រទេសកម្ពុជា។
បទបញ្ជារបស់លោក ហ៊ុន ម៉ាណែត កើតឡើង ក្រោយមានការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងអនឡាញមួយឈ្មោះថា DIG88 រហូតដល់មានការរិះគន់យ៉ាងសន្ធឹកសន្ធាប់ទៅលើតារាកំប្លែងល្បីឈ្មោះម្នាក់ ឈ្មោះនាយ គ្រឿន ដែលបានចូលរួមផ្សព្វផ្សាយល្បែងក្នុងវីដេអូបទចម្រៀងមួយ៕
វេទិកាបញ្ចេញមតិ