ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ព្រមាន​មន្ត្រី​នគរបាល​កុំឱ្យ​យក​ម៉ោង​រដ្ឋ​ទៅ​បម្រើ​ការងារ​ឯកជន


រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា អមដំណើរនាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣។
រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា អមដំណើរនាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ព្រមាន​មន្ត្រីនគរ​បាល​ក្រោម​ឱវាទ​ក្រសួង​ឱ្យ​បំពេញ​ការងារ​តាម​អង្គភាព​ដើម ដោយ​ត្រូវបញ្ឈប់​ការ​ធ្វើ​ការងារ​ខុស​ពី​តួនាទី​ដើម​របស់​ខ្លួន ដូចជា​មន្ត្រី​ខ្លះ​ទៅ​ធ្វើ​ជាអង្គរក្ស អ្នក​បើក​បររថយន្ត និង​ជំនួយ​ការ​នៅ​ក្នុង​ឬ​នៅ​ក្រៅ​ក្រសួង​មហាផ្ទៃ​ជា​ដើម។ រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​ក៏​ហាម​មន្ត្រី​នគរ​បាល កុំ​យក​ម៉ោង​រដ្ឋ​បាល​ទៅ​បម្រើ​ការ​ងារ​នៅ​ក្នុង​វិស័យ​ឯកជន​ផង​ដែរ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ ​ចុះថ្ងៃទី​ ២៦ ខែ​មករា ឆ្នាំ ​២០២៤ ដែល​វីអូអេ​ទើប​តែ​ទទួល​បាន​។

ការចេញ​សេចក្តីជូនដំណឹង​នេះ ក៏​ដោយ​សារ​ក្រសួងមហា​ផ្ទៃកត់​សម្គាល់​ឃើញ​មន្ត្រី​នគរបាល​មួយ​ចំនួន អនុវត្ត​តួនាទី​មិន​បាន​ត្រឹមត្រូវ។

សេចក្តី​ជូន​ដំណឹង​ដដែល​បញ្ជាក់​ថា៖ «ក្រសួង​មហាផ្ទៃ​ពិនិត្យ​ឃើញ​ថា​មានថ្នាក់​ដឹកនាំ និង​ប្រធាន​អង្គភាព​មួយ​ចំនួន​បាន​ស្នើសុំ​យក​មន្ត្រី​នគរ​បាលជាតិ ដោយ​រក្សា​ឈ្មោះ​នៅ​ក្នុង​អង្គភាព​ដើម​ពី​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ អគ្គនាយក​ដ្ឋាន ​និង​អង្គភាព​នានា ចំណុះ​ក្រសួង​មហាផ្ទៃ ​ឱ្យ​មក​បម្រើ​ការងារ​ក្នុង​អង្គភាព​របស់​ខ្លួន ឬ​មក​ជួយ​ការងារ​ផ្ទាល់​ខ្លួន​ ជា​អង្គរក្ស អ្នក​បើក​បរ ​ជំនួយ​ការ​នៅ​ក្នុង​ឬក្រៅ​ក្រសួង​មហាផ្ទៃ​ដែល​ធ្វើ​ឱ្យ​អង្គភាព​សាមី​ជួប​ភាព​លំបាក​ក្នុង​ការ​គ្រប់គ្រង​មន្ត្រី​របស់​ខ្លួន»។

រដ្ឋមន្ត្រីរូប​នេះ​ថា​ លុះត្រាតែមាន​ការ​ឯកភាព​ពី​ប្រធាន​អង្គភាព​សាមី និង​ការសម្រេច​របស់​រដ្ឋមន្ត្រី​ដោយ​ផ្ទាល់​ ទើប​អាច​ទៅ​បំពេញ​ការងារ​ទាំងអស់​នោះ​បាន។

ជុំវិញ​បញ្ហា​នេះ លោក ទូច សុខៈ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ប្រាប់​វីអូអេ​បន្ថែម​នៅ​ថ្ងៃពុធ​នេះ​ថា ​ការ​ចេញ​សេចក្តី​ជូន​ដំណឹង​នេះ ​គឺជា​ការ​ក្រើន​រំឭកដល់​មន្ត្រី​នគរ​បាល​មួយ​ចំនួន​តូច​ដែល​អនុវត្ត​ខុស ឱ្យ​បញ្ឈប់​សកម្ម​ភាព​ទាំង​នោះ ​និង​ត្រូវ​ងាក​មក​បំពេញ​ការងារ​តាម​អង្គភាព​ដើម​របស់​ខ្លួន​ឡើង​វិញ​ ដើម្បី​ក្រសួង​មហាផ្ទៃ​ និង​អង្គភាព​នីមួយៗ ​ងាយ​ស្រួល​គ្រប់​គ្រង​វត្ត​មាន​មន្ត្រី​ និង​ធានា​ប្រសិទ្ធភាព​ភាព​ការងារ​។

លោក​ថ្លែង​ថា៖ ​«ដោយសារ​យើង​មាន​ហើយ​បទ​បញ្ញត្តិ​ បទ​វិន័យ ច្បាប់​ទម្លាប់​ថា​មិន​អាច​យកម៉ោង​រដ្ឋបាល​ទៅ​ធ្វើ​ការងារ​ឯកជនឬក៏​យើង​នៅ​ក្នុង​ម៉ោង​រដ្ឋបាល​របស់​យើង​ បែរ​ជា​ទៅ​ធ្វើ​ការងារ​ឯកជន​ផ្សេង​មិន​មក​បំពេញ​ការងារ​រដ្ឋ ឬក៏​ចាត់​មន្រ្តី​ក្រោម​ឱវាទ​របស់​ខ្លួន​ឱ្យទៅ​ធ្វើ​ការងារ​សម្រាប់​ផល​ប្រយោជន៍​ជាដើម​។ ​នេះ​គឺជា​ការ​ណែនាំ​មួយឱ្យ​ ទីមួយ បើ​មាន​គឺបញ្ឈប់​សកម្មភាព​ទាំង​អស់​ហ្នឹង ហើយ​ទៅ​ថ្ងៃ​អនាគត ​កុំ​ឱ្យ​មាន​សកម្មភាព​ទាំង​អស់​ហ្នឹង​បន្ត​ទៅ​ទៀត អ៊ីចឹង​ទៅ»។

អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​រូប​នេះ​បន្ថែម​ថា​ មន្ត្រី​នគរ​បាល​អាច​ធ្វើការ​ក្នុង​វិស័យ​ឯកជន​បាន ​ប៉ុន្តែ​មិន​ត្រូវ​ធ្វើ​ក្នុង​ម៉ោង​រដ្ឋបាល​ការងារ​រដ្ឋនោះ​ទេ ជាពិសេស​កុំ​យក​ឯក​សណ្ឋាន​ តួនាទី​ឬ​ឋានន្តរស័ក្តិ ទៅ​លាយ​ឡំ​ការងារ​ផ្សេង។ លោកថា ​ការ​បំពេញ​ការងារ​ក្រៅ​ម៉ោង​រដ្ឋបាល ​ក៏​មិន​ត្រូវ​ធ្វើ​ឱ្យ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ និង​សេចក្តី​ថ្លៃថ្នូរ​របស់​អង្គភាព។

លោក​ថា ​ក្រសួង​មហាផ្ទៃ​នឹង​ពិនិត្យ​តាម​ដាន​ការអនុវត្ត​ការងារ​របស់​មន្ត្រី​នគរបាល​ ទៅ​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​។

លោក​ថា៖ ​«បើ​សិន​ជា​គាត់គឺជា​អ្នក​បញ្ជា​ គាត់​ជា​អ្នក​បញ្ជា​ចាត់​តាំង​ឱ្យទៅ​តែ​ម្តង​ ក្នុង​ម៉ោង​រដ្ឋបាល ប៉ុន្តែ​គាត់​ចាត់​តាំង​ ក ខ គ ឃ ង ឱ្យ​បម្រើ [​ឬ​]ធ្វើអ្វី[មួយ] ដើម្បី​ផល​ប្រយោជន៍​ឯកជន​របស់​គាត់​ អាហ្នឹង​ខុស​ធ្ងន់​ អាច​ប្រឈម​មុខ​នឹងការ​ដាក់​វិន័យ​កម្លាំង​នគរបាល​ជាតិ​លេខ​០០៦​ហ្នឹង​ដែរ​»។

រូបឯកសារ៖ មន្ត្រីប៉ូលិសកំពុងសម្រួលចរាចរណ៍ នៅភ្នំពេញ ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២។
រូបឯកសារ៖ មន្ត្រីប៉ូលិសកំពុងសម្រួលចរាចរណ៍ នៅភ្នំពេញ ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២។

បើ​តាម​លោក ទូច សុខៈ ​វិន័យ​កម្លាំង​នគរបាល​ជាតិ​លេខ ​០០៦ គឺ​មាន​ទាំង​ការ​ព្រមាន ​ការ​ធ្វើ​កិច្ច​សន្យា ការ​ដក​ហូត​តួនាទី ​ឋានន្តរស័ក្តិ ​និង​ការ​បណ្តេញ​ចេញពី​ក្របខណ្ឌ ​ទៅ​តាម​ស្ថានភាព​នៃករណី​នីមួយៗ។

លោក ហ៊ឹម យន់ នាយក​ប្រតិ​បត្តិ​នៃ​សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព​និង​គណនេយ្យភាព​សង្គម (​CISA) ​សាទរ​ចំពោះ​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ការងារ​មន្ត្រី​នគរ​បាល​នា​ពេល​នេះ។ លោក​បន្ថែម​ថា ​ដើម្បី​ឱ្យ​សេចក្តីជូនដំណឹង​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ​ដាក់​ចេញ​នេះ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ​គឺ​គួរតែ​បង្កើត​គណៈកម្មការ​តាមដាន ត្រួត​ពិនិត្យ​ និងត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​មន្ត្រី​នគរ​បាល​អាច​ប្រើប្រាស់​សិទ្ធិ​ប្តឹង នៅ​ពេល​ក្លាយ​ជា​ជន​រង​គ្រោះ​ ដោយ​សារ​គំនាប តាម​រយៈ​ការ​បញ្ជា​របស់​មន្ត្រី​ដែល​មានតួនាទី​ធំ​ជាង។

លោក​បន្ថែម​ថា ​កន្លង​មក​ក៏​ឃើញ​មាន​រូបភាព​ដែល​មន្ត្រី​នគរបាល​អនុវត្តតួនាទី​ខុស​ ដោយ​ទៅ​បម្រើ​ការងារ​ជា​លក្ខណៈ​ឯកជន​ទៅ​វិញ​ ដែល​នេះ​ជា​ការ​ខុស​ឆ្គង មិន​បាន​បម្រើ​ផល​ប្រយោ​ជន៍​សង្គម​ជាតិ។

លោក​ប្រាប់​វីអូអេ​ថា៖ ​«មែន​ទែនទៅ​មន្ត្រី​ទាំង​អស់​ គឺមាន​សិទ្ធិ​ក្នុង​ការ​តវ៉ា ប៉ុន្តែ​គ្នា​ក៏​ស្ថិត​នៅ​ក្រោម​គំនាប ក្រោម​សម្ពាធ​អី​ដែរ។ ហើយ​កាល​ណា​ អ៊ីចឹង​មានការ​លំបាក​ដល់​មន្ត្រីទាំង​អស់​ហ្នឹង​។ លុះត្រា​តែ​មាន​ការ​ណែ​នាំពី​ថ្នាក់​ខ្ពស់​បំផុត​នៅ​ក្រសួង រដ្ឋមន្ត្រី ឬក៏​មាន​ការណែនាំ​ពីក្រសួង ​អ៊ីចឹង​ទៅ​គ្នា​សំអាង​លើ​ទាំង​អស់ហ្នឹងអាច​យក​លិខិត​ ឬក៏​ការណែនាំ​ទាំង​អស់​ហ្នឹង ទៅ​សំអាង​ដើម្បី​បញ្ជាក់​ថា​កុំឱ្យ​ថ្នាក់​លើបន្ទាប់​របស់​ខ្លួន យក​ខ្លួន​ទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​ផល​ប្រយោជន៍​បុគ្គល ផល​ប្រយោជន៍​គ្រួសារ​»​។

បើ​តាម​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​លោក ទូច សុខៈ ចាប់​តាំង​ពី​ខែតុលា ឆ្នាំ​ ២០២៣ រហូត​មក​ដល់​ពេល​បច្ចុប្បន្ននេះ ក្រសួង​មហាផ្ទៃ​បាន​បណ្តេញ​មន្ត្រី​នគរ​បាល​ប្រមាណ​ ១០០ ​នាក់​ចេញពី​ក្របខណ្ឌ​ ដោយ​ក្នុង​នោះ​មនុស្ស​ជាង ​៥០ ​នាក់ ត្រូវ​បាន​រក​ឃើញ​ថា​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​សារធាតុ​ញៀន ហើយ​អ្នក​ផ្សេង​ទៀត​បានល្មើស​វិន័យ​កង​កម្លាំង​លេខ​ ០០៦​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG