ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត ត្រូវបានជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីបុណ្យឯករាជ្យជាតិលើកទី៧០ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីបុណ្យឯករាជ្យជាតិលើកទី៧០ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ត្រូវ​បាន​ជ្រើស​តាំង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​មន្រ្តី​ជាន់​ខ្ពស់​ចំនួន ​៤៩៦ ​រូប​ទៀត​ ត្រូវ​បាន​បញ្ចូល​ជា​សមាជិក​គណៈ​កម្មា​ធិការ​កណ្តា​ល​នៃ​គណបក្ស​កាន់​អំណាច។

កា​រជ្រើស​តាំង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​មហាសន្និ​បាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ កាល​ពី​ថ្ងៃទី​៩ និង​ថ្ងៃទី​១០ ខែធ្នូ​ ឆ្នាំ​២០២៣​ នៅ​វិមាន​៧មករា​ ស្នាក់​ការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ការ​បញ្ចូល​សមាជិក​គណៈកម្មាធិការ​កណ្តាល​បន្ថែម​ជិត ​៥០០​រូប​នេះ ធ្វើឱ្យ​បរិមាណ​សមាជិក​គណៈ​កម្មាធិការ​កណ្តាល​សរុប​មាន​ចំនួន​ ១.៣១២​រូប។

ក្នុង​បទ​សម្ភា​សន៍​ជា​មួយ​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ ​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជនកម្ពុជា​ លើក​ឡើង​ថា​ ការ​ជ្រើស​តាំង​បន្ថែមសមាជិក​គណៈ​កម្មា​ធិការ​កណ្តា​ល​នេះ មាន​ភាព​ចាំ​បាច់ ដើម្បី​ពង្រឹង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស​ ខណៈ​សមា​ជិក​សរុប​របស់​គណបក្ស​មាន​ប្រមាណ​៧​លាន​១​សែន​នាក់​នៅ​ទូទាំង​ប្រទេស។

លោក​បញ្ជាក់ថា៖ «អ៊ីចឹង​ទេ​គឺ​ត្រូវ​តែ​រៀបរចនា​សម្ពន្ធ​ឱ្យ​ស្រប​ទៅ​តាម​ទំហំ​នៃ​ការ​រីកច​ម្រើន​របស់​គណបក្ស​ប្រជាជនកម្ពុជា។ មិន​ជា​រឿង​ចម្លែក​អី​ទេ​ អា​នេះ​វា​ជា​សំណូម​ពរ​ត្រូវ​ការ​ចាំ​បាច់​នៃ​ការ​អនុវត្ត​ភារកិច្ច​នយោបាយ​របស់​គណបក្ស ដើម្បី​ដណ្តើម​ជ័យ​ជម្នះ​នា​ពេល​ខាង​មុខ​ឱ្យ​កាន់​តែ​ខ្លាំងក្លា​បន្ថែម​ទៀត»។

បើ​តាម​អ្នក​នាំពាក្យ​រូបនេះ​ តួនាទី​របស់​សមាជិក​គណៈកម្មាធិការកណ្តាល​គឺ​ដើម្បី​ដឹកនាំ​និង​បញ្ជ្រាប​គោល​នយោបាយ​របស់​គណបក្ស​នៅ​តាម​មូលដ្ឋាន។

លោក សុខ ឥសាន បន្ថែម​ថា រាល់​ការ​សម្រេ​ច​ចិត្ត​ជ្រើស​តាំង​លោក ហ៊ុន ម៉ាណែត ដែល​ទើប​កាន់​អំណាច​ជា​នាយករដ្ឋមន្រ្តី​បាន​ជាង​៣​ខែ ជា​អនុ​ប្រធាន​គណបក្ស គឺ​ជា​ការ​សម្រេច​របស់​គណ​បក្ស​ប្រជា​ជនកម្ពុជា។

លោក​ថ្លែង​ថា៖ «អា​បញ្ហា​ផ្ទៃក្នុងហ្នឹង ពួក​អ្នក​វិភាគ​ក៏​ដោយ​ ពួក​អ្នក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អគតិ​មួយ​ចំនួន​ក៏​ចេះ​តែ​ប៉ាន់​ស្មាន មាន​យល់​ដឹង​ពី​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ឯណា​?​ រឿង​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​ជា​ការ​សម្រេច​របស់​គណបក្ស​ប្រជាជន មិន​អាស្រ័យ​ទៅ​លើ​អ្នក​ថា​ពី​ខាង​ក្រៅទេ»។

គណបក្ស​ប្រជាជន​កម្ពុជា​មាន​អនុប្រធាន​សរុប​ចំនួន​ ៥​រូប រួម​មាន​លោក ស ខេង លោក សាយ ឈុំ លោក ទៀ បាញ់ ​អ្នកស្រី ម៉ែន សំអន និងលោក ហ៊ុន ម៉ាណែត។

អ្នក​នយោបាយ អតីត​អ្នក​កាសែត​មួយ​ចំនួន​ដែល​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច ក៏​ត្រូវ​បាន​ជ្រើស​តាំង​ជា​សមាជិក​គណៈ​កម្មាធិ​ការក​ណ្តាល​ផង​ដែរ មាន​ដូ​ច​ជាលោក យ៉ង សាំង​កុមារ លោក សាម អ៊ីន អតីត​អ្នក​នយោ​បាយ​ជំទាស់​មក​ពី​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន លោក តាន់ ហ្សង់​ហ្រ្វង់​ស័រ និង​លោក ប៉ែន បូណា អតីត​អ្នក​កាសែត​ជា​ដើម។

អ្នក​វិភាគនយោបាយ លោក សេង សារី ប្រាប់​វីអូអេ​ថា ​អតីត​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រញាប់ប្រញាល់​នៅ​ក្នុង​ការ​ជ្រើស​តាំង​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោកឱ្យ​មាន​តួនាទី​ខ្ពស់​នៅ​ក្នុង​ជួរ​គណបក្ស។

លោក​បញ្ជាក់ថា៖ «ដូច្នេះ​ហើយ​ខ្ញុំមើល​ទៅ​ទាំង​នៅ​ក្នុង​បក្ស​ទាំង​នៅ​ក្នុង​រដ្ឋាភិបាល​ គ្រួសារ​ត្រកូល​ហ៊ុន​នេះ​ អាច​ក្តោ​ប​ក្តាប់​ទាំង​ស្រុង​ ជាពិសេស​ការ​ក្តោប​ក្តាប់​អំណាច​ទាំង​នៅ​ក្នុង​បក្ស​និង​ការ​ក្តោប​ក្តាប់​អំណាច​នៅ​ក្នុងរដ្ឋាភិបាល»។

នៅ​ក្នុង​សន្និបាត​វិសាមញ្ញ​កាល​ពី​ចុង​សប្តាហ៍ មន្រ្តី​ជាន់​ខ្ពស់​នៃ​គណបក្ស​ចំនួន​ ២៣​រូប​ទៀត​ក៏​ត្រូវ​បាន​ជ្រើស​តាំង​ជា​សមាជិក​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មាធិការ​កណ្តាល​ផង​ដែរ ដែល​នាំឱ្យចំនួន​សមាជិក​អចិន្រ្តៃយ៍មាន​ទៅ​ដល់​ប្រមាណ​ ៦០​រូប។ មន្រ្តី​ទាំង​នោះ​មាន​ដូច​ជា​លោក ស៊ុន ចាន់​ថុល អតីត​រដ្ឋមន្រ្តីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​ដែនដី លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ លោក ទៀ សីហា រដ្ឋមន្រ្តី​ក្រសួងការពារ​ជាតិ និង​លោក ស សុខា រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ជាដើម។

បើ​តាម​សេចក្តី​សម្រេច​នៃ​មហាសន្និបាត​វិសាមញ្ញ គណបក្ស​ប្រជាជនកម្ពុជា​ក៏​បាន​ប្តេជ្ញា​ការពារ​របបរា​ជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ បន្ត​ពង្រឹង​លទ្ធិ​ប្រ​ជា​ធិបតេ​យ្យ​សេរី ពហុបក្ស​ និង​លើក​កម្ពស់​ការរ​គោព​សិទ្ធិមនុស្ស​តាម​គន្លង​នីតិរដ្ឋ៕

XS
SM
MD
LG