រូបភាពពីផ្កាយរណបបានបង្ហាញនូវរថភ្លើងមួយគ្រឿងដែលគេជឿថាជារបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នៅឯភូមិគ្រឹះរបស់លោកនៅក្នុងក្រុងរមណីយដ្ឋានកម្សាន្តមួយកន្លែងនៅភាគខាងកើតប្រទេសកូរ៉េខាងជើង ស្របពេលដែលមានពាក្យចចាមអារ៉ាមអំពីបញ្ហាសុខភាពរបស់លោក។
គេហទំព័រ 38 North ដែលជំនាញខាងការសិក្សាពីកិច្ចការកូរ៉េខាងជើង បានចេញផ្សាយរូបភាពទាំងនេះកាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយបានបញ្ជាក់ថា រថភ្លើងនេះបានចតនៅឯស្ថានីយ៍មួយកន្លែងក្នុងទីក្រុង Wonsan កាលពីថ្ងៃទី ២១ និងទី ២៣ ខែមេសាកន្លងទៅនេះ។ ស្ថានីយ៍រថភ្លើងនេះរក្សាទុកសម្រាប់តែក្រុមគ្រួសាររបស់លោក Kim Jong Un តែប៉ុណ្ណោះ។
ប៉ុន្តែគេហទំព័រនេះបានបញ្ជាក់ថា វត្តមានរបស់រថភ្លើងនេះ «មិនអាចបញ្ជាក់ថា លោក Kim Jong Un នៅទីណា ឬក៏មិនអាចបង្ហាញឲ្យឃើញអំពីបញ្ហាសុខភាពណាមួយរបស់លោកនោះទេ»។
ការសង្ស័យអំពីបញ្ហាសុខភាពរបស់លោក Kim Jong Un បានលេចឡើង បន្ទាប់ពីលោកមិនបានបង្ហាញខ្លួននៅក្នុងពិធីបុណ្យរំឮកថ្ងៃខួបកំណើតរបស់លោក Kim Il Sung ដែលជាជីតារបស់លោក និងជាស្ថាបនិកប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី ១៥ ខែមេសា៕