គណបក្សកម្លាំងជាតិកាលពីថ្ងៃអាទិត្យ បានប្រមូលផ្តុំគ្នាសម្តែងមតិ ក្នុងការទាមទារឱ្យមានការដោះលែងមេដឹកនាំគណបក្សនយោបាយ សកម្មជនសង្គម និងសហជីព ឱ្យមានសេរីភាពវិញ និងស្នើឱ្យបើកលំហប្រជាធិបតេយ្យក្នុងប្រទេស។ មន្ត្រីរដ្ឋាភិបាលកម្ពុជាអះអាងថា ការទាមទាររបស់គណបក្សកម្លាំងជាតិគឺជាសិទ្ធិ ប៉ុន្តែពួកគេត្រូវគោរពទៅតាមគោលការណ៍នីតិរដ្ឋ និងអំណះអំណាងរបស់តុលាការ។
សមាជិក សកម្មជន និងអ្នកគាំទ្រគណបក្សកម្លាំងជាតិ កាលពីថ្ងៃអាទិត្យ បានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការបក្សរបស់ខ្លួននៅរាជធានីភ្នំពេញដើម្បីអំពាវនាវឱ្យដោះលែងសកម្មជននយោបាយ និងសង្គមឱ្យមានសេរីភាពឡើងវិញ ព្រមទាំងជំរុញឱ្យបើកលំហសេរីភាពនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យមានភាពប្រសើរ។
ការប្រមូលផ្តុំគ្នាសម្តែងមតិរបស់គណបក្សកម្លាំងជាតិនេះធ្វើឡើងកាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ ដោយមានការចូលរួមពីមនុស្សប្រមាណ ៣០០ នាក់ ដែលជាថ្នាក់ដឹកនាំរបស់គណបក្ស សកម្មជនបក្ស និងក្រុមគ្រួសាររបស់បុគ្គលដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារ។
គណបក្សកម្លាំងជាតិបានទាមទារឱ្យមានការដោះលែងលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ លោក ថាច់ សេដ្ឋា លោក អ៊ុំ វីវៈរដ្ឋ លោក គា វិសាល និងសកម្មជនសិទ្ធិមនុស្ស ព្រមទាំងមេដឹកនាំសហជីពរួមមានកញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ លោក កើត សារ៉ាយ និងលោក ម៉ម រិទ្ធី ឱ្យមានសេរីភាពវិញ។ គណបក្សបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «គណបក្សកម្លាំងជាតិយល់ឃើញថា អ្នកជាប់ឃុំមនសិការខាងលើមិនមានទោសកំហុសឡើយ។ ពួកគាត់ប្រើប្រាស់សិទ្ធិជាមូលដ្ឋានក្នុងការធ្វើសកម្មភាពនយោបាយ សហជីព សមាគម និងការងារសង្គមនានាដែលជាសិទ្ធិស្របតាមច្បាប់ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់វីអូអេថា ការទាមទារសម្តែងមតិនៅមុខទីស្នាក់ការគណបក្សកម្លាំងជាតិនេះ គឺដើម្បីឱ្យរដ្ឋាភិបាលមានការដោះលែងសកម្មជននយោបាយ និងសង្គមឱ្យមានសេរីភាពវិញដើម្បីត្រឡប់មកជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេ។ លោកបន្តថា គណបក្សកម្លាំងជាតិស្នើឱ្យរដ្ឋាភិបាលពិនិត្យ និងពិចារណាដោះលែងមេដឹកនាំគណបក្សនយោបាយ សកម្មជនសង្គម និងមេដឹកនាំសហជីពដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធអនុគ្រោះពន្ធនានាដែលកម្ពុជាបានបាត់បង់កាលពីកន្លងទៅ។
លោកថ្លែងថា៖ «គណបក្សកម្លាំងជាតិស្នើធ្វើម៉េចឱ្យរដ្ឋាភិបាលថ្មីត្រូវតែពិនិត្យពិចារណាឡើងវិញ រាល់ការឃុំខ្លួនមេដឹកនាំគណបក្សនយោបាយ ក៏ដូចជាសកម្មជនសង្គម សហជីព ហើយត្រូវតែផ្តល់សេរីភាពឱ្យពួកគាត់ឡើងវិញ ដើម្បីស្តារនូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ បើកម្ពុជាមិនគិតពីបញ្ហាហ្នឹងទេ វានឹងនាំឱ្យមានផលប៉ះពាល់មកដល់ប្រព័ន្ធអនុគ្រោះពន្ធដូចជា EBA និង GSP។ កន្លងមកយើងបាត់អស់ ២០% ហើយ EBA ហើយ GSP សហរដ្ឋអាមេរិកក៏មិនទាន់បានទទួលត្រឡប់មកវិញ»។
ភរិយារបស់លោក ស៊ុន ចន្ធី អ្នកស្រី យ៉ាន ស្រីយាន លើកឡើងថា ការចាប់ខ្លួនសា្វមីអ្នកស្រីដាក់ពន្ធនាគារជារឿងអយុត្តិធម៌យ៉ាងខ្លំាង។ អ្នកស្រីអះអាងថា ការថ្លែងរបស់ស្វាមីគឺទៅតាមការលើកឡើងរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ នៅក្នុងការជួបជុំទាមទារឱ្យដោះលែងអ្នកជាប់ពន្ធនាគារ អ្នកស្រី យ៉ាន ស្រីយាន ក៏ស្នើឱ្យរដ្ឋាភិបាលមានការគោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងបើកលំហលទ្ធិប្រជាធិបតេយ្យ ដូចដែលត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
អ្នកស្រីថ្លែងថា៖ «ចុះហេតុអ្វីរដ្ឋាភិបាល ប្រសិនបើប្តីខ្ញុំលើកឡើងមតិបែបនេះ ហេតុអ្វីមិនចាត់តំណាងរបស់ខ្លួនទៅចុះសួរនៅថ្នាក់មូលដ្ឋានថា តើប្រជាពលរដ្ឋជួបបញ្ហាបែបហ្នឹងដែរឬទេ? មិនមែនចាប់គាត់ដាក់ពន្ធនាគារបែបនេះទេ។ បងប្អូន! តើវាយុត្តិធម៌ដែរឬទេ? ហើយក្នុងនាមខ្ញុំជាភរិយារបស់គាត់ដែលខណៈពេលនេះគេបានចាប់ប្តីខ្ញុំ ៣៨ ថ្ងៃ ស្របពេលដែលខ្ញុំពរពោះបីខែ»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់វីអូអេថា ការទាមទារ ឲ្យដោះលែងសកម្មជននយោបាយនេះគឺជាសិទ្ធិរបស់គណបក្ស ប៉ុន្តែតាមគោលការណ៍ច្បាប់ ការទាមទាររបស់អ្នកតវ៉ាមិនអាចជួយជនជាប់ចោទបាននោះទេ។
លោកថ្លែងថា៖ «មានតែការចូលរួមនីតិវិធីរបស់តុលាការ ហើយបង្ហាញភស្តុតាង សក្ខីកម្មបានរឹងមាំនិងការដោះបន្ទុកទៅនឹងសមត្ថកិច្ចដែលគេមានភស្តុតាង មានមូលដ្ឋានរឹងមាំក្នុងការចោទប្រកាន់ ហើយដំណើរការនីតិវិធីតាមផ្លូវតុលាការ។ ហ្នឹងបានជាសិទ្ធិដែលគាត់ត្រូវប្រើប្រាស់ផ្អែកតាមរដ្ឋធម្មនុញ្ញ និងនីតិវិធីច្បាប់របស់កម្ពុជា ហើយគ្រាន់តែទាមទារគឺថា មិនមានសម្ពាធ អីទៅលើតុលាការបាននោះទេ ហើយក៏មិនស្របទៅនឹងរដ្ឋធម្មនុញ្ញនិងនីតិវិធីច្បាប់ដែលមានជាធរមានដែរ»។
ជុំវិញលំហសេរីភាព ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា អះអាងថា លំហសេរីភាពនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជាបច្ចុប្បន្ននេះគឺមានភាពពេញលេញ ប៉ុន្តែបញ្ហានោះគឺបុគ្គលមួយចំនួនបានប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនលើស និងបំពានអ្នកដទៃ។
លោកថ្លែងថា៖ «ដូច្នេះដំណោះស្រាយ សូមឱ្យគ្រប់គ្នាគោរពសិទ្ធិគ្នាទៅវិញទៅមក គោរពសេចក្តីថ្លៃថ្នូរគ្នាទៅវិញទៅមក ក្នុងការបញ្ចេញមតិ។ បើសិនជាធ្វើបានតែប៉ុណ្ណឹងគឺសេរីភាពគ្រប់បែបយ៉ាងនៅកម្ពុជាគឺល្អប្រសើរមែនទែន»។
មេដឹកនាំគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៤ នៅពេលលោកទើបតែវិលត្រឡប់មកពីប្រទេសជប៉ុនវិញ ទីដែលលោកបានជួបសំណេះសំណាលជាមួយសកម្មជន និងអ្នកគាំទ្រគណបក្ស។ បច្ចុប្បន្នលោកត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ ក្រោមបទចោទ «ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ស្របពេលជាមួយនោះ លោក ស៊ុន ចន្ធី ត្រូវបានរាយការណ៍ថា បានចេញលិខិតសុំទោសមួយកាលពីដើមខែមិថុនា។ លិខិតមួយនោះធ្វើចេញពីពន្ធនាគារ និងមិនមានបញ្ជាក់ថ្ងៃខែច្បាស់លាស់ឡើយ។ លិខិតសុំទោសនោះបញ្ជាក់ថា លោក ស៊ុន ចន្ទី ប្រធានគណបក្សកម្លាំងជាតិ ពិតជាមានការសោកស្តាយចំពោះមតិដែលបានលើកឡើងក្នុងកម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរប្រមាណ ២០ នាក់ នៅខេត្តអ៊ីបារ៉ាគិ ក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៤ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិរបស់រដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណបក្សកម្លាំងជាតិបានបញ្ជាក់ថា ការដោះលែងសកម្មជននយោបាយនិងសង្គមទាំងនោះឱ្យមានសេរីភាពវិញគឺដើម្បីអាចស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សក្នុងប្រទេសដើម្បីទាញយកផលចំណេញពីផ្នែកទំនាក់ទំនងអន្តរជាតិពីបណ្តាប្រទេសលោកខាងលិច រួមមានប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក និងអត្ថប្រយោជន៍ជាច្រើនទៀតពីសហគមន៍អន្តរជាតិ៕
វេទិកាបញ្ចេញមតិ