លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា ត្រូវបាននគរបាលចាប់ខ្លួនបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃស កាលពីថ្ងៃអង្គារ នៅក្នុងសំណុំរឿងពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោកលើបណ្តាញសង្គមហ្វេសប៊ុក កាលពីជាង ២ឆ្នាំមុន។
ការចាប់ខ្លួននេះធ្វើឡើងក្រោយសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ បានកាត់ទោសកំបាំងមុខ ទៅលើមេដឹកនាំសហជីព លោក ម៉ម រិទ្ធី ឱ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះ ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»និង«ធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ»។ នេះបើតាមដីការបស់តុលាការដែលវីអូអេទទួលបាន និងមេធាវីរបស់លោក ម៉ម រិទ្ធី។
លោក ម៉ម រិទ្ធី អាយុ៣៥ឆ្នាំ និងជាអនុប្រធានទី២នៃសហភាពការងារកម្ពុជា(CLC) ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោង៦ល្ងាច នៅការិយាល័យសហភាពការងារកម្ពុជា ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សហភាពការងារកម្ពុជាដែលផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេកប៊ុក។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការចាប់ខ្លួនលោក ម៉ម រិទ្ធី ធ្វើឡើងតាមរយៈដីកាបញ្ជាឱ្យចាប់ខ្លួនលើសំណុំរឿងព្រហ្មទណ្ឌ។
យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួន ចេញកាលពីថ្ងៃអង្គារ លោក ធន់ ដារិទ្ធ ចៅក្រមជំនុំជម្រះបានបញ្ជាដល់កងកម្លាំងសាធារណៈឱ្យស្រាវជ្រាវរកចាប់ខ្លួន និងឃុំខ្លួនលោក ម៉ម រិទ្ធី អាយុ៣៥ឆ្នាំ នៅពន្ធនាគារ ពាក់ព័ន្ធនឹងសាលក្រមព្រហ្មទណ្ឌ ចុះថ្ងៃទី៧ខែឧសភា ឆ្នាំ២០២៤។
ដីកាដដែលនោះបានកំណត់ផ្តន្ទាទោស លោក ម៉ម រិទ្ធី ឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ៦ខែ និងពិន័យជាប្រាក់២លានរៀល។
លោក សំ ចំរើន មេធាវីការពារក្តីលោក ម៉ម រិទ្ធី ប្រាប់វីអូអេនៅថ្ងៃពុធនេះថាតុលាការបានកាត់ទោសកំបាំងមុខ ក្នុងសំណុំរឿងនេះ ដែលមានក្រុមហ៊ុនកាស៊ីណូជីនប៉ី(Jin Bei)នៅខេត្តព្រះសីហនុ ជាដើមបណ្តឹង។
លោកថ្លែងថា៖ «ដើមបណ្តឹងក្រុមហ៊ុនជីនប៉ី នៅកំពង់សោម ខេត្តព្រះសីហនុ។ ហើយម្សិលមិញហ្នឹង ខ្ញុំអត់បានចូលទៅទេ ខ្ញុំបានដាក់ពាក្យពន្យារ។ តុលាការកាត់កំបាំងមុខពួកយើង កាត់កំបាំងមុខ ប្រកាសភ្លាម»។
តុលាការបានចោទប្រកាន់និងកាត់ទោស លោក ម៉ម រិទ្ធី ដោយយោងទៅតាមការអត្ថាធិប្បាយរបស់លោកនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២២។ កាលនោះ លោកបានថ្លែងជាវីដេអូផ្សព្វផ្សាយផ្ទាល់ រយៈពេលជិត២ម៉ោង ដោយក្នុងនោះលោកបាននិយាយអំពីការរើសអើងសហជីព ការរំលោភច្បាប់ការងារ ការឃុំខ្លួនមនុស្សដោយអយុត្តិធម៌ និងភាពអយុត្តិធម៌ដែលកើតឡើងនៅក្រុមហ៊ុនកាស៊ីណូជីនប៉ី២ ក្នុងខេត្តព្រះសីហនុ ជាពិសេសរឿងដែលកាស៊ីណូនេះបានប្តឹងបុគ្គលិកស្ត្រីម្នាក់ថាបានគប់គិតជាមួយភ្ញៀវ ដែលលេងល្បែងឈ្នះប្រាក់ជាងមួយម៉ឺនដុល្លារអាមេរិក។ បុគ្គលិកជាស្រ្តីនោះ ត្រូវបានប្តឹងទៅតុលាការ ហើយត្រូវឃាត់ខ្លួននិងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ដែលលោក ម៉ម រិទ្ធី ចាត់ទុកថាជារឿងអយុត្តិធម៌មួយ។
លោក ម៉ម រិទ្ធី បញ្ជាក់ក្នុងវីដេអូផ្សាយផ្ទាល់នោះថា៖«នៅថ្ងៃទី៣ ក្រុមហ៊ុនយករឿង [ថ្ងៃទី៣]យកមកធ្វើអង្គហេតុ ដោយក្រុមហ៊ុនចោទប្អូនស្រីម្នាក់នោះថាបានគប់គិតជាមួយភ្ញៀវ។ ភ្ញៀវលេងឈ្នះលុយ១ម៉ឺនដុល្លារជាង ដូចជា១ម៉ឺន៨ពាន់ដុល្លារ ...ហើយបាត់ភ្ញៀវហ្នឹងអត់មកលេងទៀត នៅថ្ងៃទី២០ជាង ក្រុមហ៊ុនក៏ហៅប្អូនស្រីទៅសួរហើយចោទប្រកាន់ប្អូនស្រី ថាបានឃុបឃិតជាមួយភ្ញៀវ»។
បើតាមលោក ម៉ម រិទ្ធី ក្រុមហ៊ុនបានបង្ខំឱ្យបុគ្គលិកដែលជាសមាជិកសហជីពទទួលស្គាល់កំហុស និងបានបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តព្រះសីហនុ។
ក្នុងវីដេអូដដែលនោះ លោក ម៉ម រិទ្ធី ក៏បានចោទសួរអំពីចំណាត់ការរបស់តុលាការថាតុលាការយកភស្តុតាងណាខ្លះមកពិចារណាក្នុងការដាក់បន្ទុកនោះ ដែលលោកថាមិនត្រឹមត្រូវទាល់តែសោះ។
លោកថ្លែងថា៖ «ចម្លើយរបស់គាត់ គាត់ថាអត់បានធ្វើទេ គាត់អត់ដឹងរឿងហ្នឹងទេ គាត់មិនដែលស្គាល់ភ្ញៀវហ្នឹងទេ...នៅក្រុមហ៊ុនហ្នឹង គេបង្ខំគាត់ទេ បង្ខំឱ្យគាត់ស៊ីញ៉េលើក្រដាសទទួលស្គាល់កំហុសហ្នឹង គេសម្លុតគាត់ គេគំរាម គេស្រែកដាក់គាត់ មានជនជាតិខ្មែរ មានខ្មែរផង នេះជាអ្វីដែលគាត់ប្រាប់ខ្ញុំ។ ហើយឥឡូវខ្ញុំសូមសួរលោកតុលាការ វីដេអូមួយឃ្លីប [ដែល]កាត់តបន្តិចហ្នឹង វិនិច្ឆ័យបែបម៉េចបានចោទថាគាត់ គប់គិតជាមួយភ្ញៀវ ហើយយកគាត់ទៅដាក់គុក? មើលយ៉ាងម៉េចបានដឹងថាខុស? មើលយ៉ាងម៉េចបានដឹងថាគាត់ទៅត្រូវជាមួយភ្ញៀវ?»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីក្រុមគ្រួសាររបស់លោក ម៉ម រិទ្ធី និងក្រុមហ៊ុនកាស៊ីណូជីនប៉ីបាននៅឡើយទេ។
វីអូអេក៏មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាន់ឌី និងលោក អ៊ី រិន្ទ បានដែរ។
ជុំវិញការចោទប្រកាន់និងចាប់ខ្លួនលោក ម៉ម រិទ្ធី នេះ សហភាពការងារកម្ពុជាបានសម្តែងការសោកស្តាយនិងចាត់ទុកថានេះជាការបំភិតបំភ័យ គំរាមកំហែង យាយីសិទ្ធិរបស់តំណាងកម្មករនិយោជិតជាដើម។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សហភាពការងារកម្ពុជា ចុះថ្ងៃទី៧ ខែឧសភា ដែលវីអូអេទទួលបាន។
សហភាពការងារកម្ពុជាក៏បានស្នើទៅរដ្ឋាភិបាល ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនិងស្ថាប័នពាក់ព័ន្ធ មេត្តាពិនិត្យករណីនេះឡើងវិញឱ្យបានហ្មត់ចត់ និងតម្លាភាព ព្រមទាំងស្វែងរកយុត្តិធម៌ដល់លោក ម៉ម រិទ្ធី។
អង្គការលីកាដូបានចេញសេចក្តីប្រកាសព័ត៌មានមួយ នាថ្ងៃពុធនេះ ស្តីពីការចាប់ខ្លួនលោក ម៉ម រិទ្ធី។ អង្គការលីកាដូបញ្ជាក់ថាការចាប់ឃុំខ្លួនលោក រិទ្ធី ត្រូវបានធ្វើឡើងមុនពេលការបោះឆ្នោតផ្ទៃក្នុងជ្រើសរើសប្រធានថ្មីរបស់សហភាពការងារកម្ពុជា ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែនេះ៕
វេទិកាបញ្ចេញមតិ