ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​​ដាក់​ឱ្យ​អនុវត្ត​គោល​ការណ៍​ស្ដី​ពី​កិច្ច​ការពារ​កុមារ​លើ​ប្រព័ន្ធ​អនឡាញ


រូបឯកសារ៖ សិស្សានុសិស្សកំពុងប្រើទូរស័ព្ទស្មាតហ្វូន នៅក្នុងបរិវេណសាលារៀនមួយកន្លែងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។
រូបឯកសារ៖ សិស្សានុសិស្សកំពុងប្រើទូរស័ព្ទស្មាតហ្វូន នៅក្នុងបរិវេណសាលារៀនមួយកន្លែងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

រដ្ឋាភិបាល​កម្ពុជាបាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​គោល​ការណ៍​ណែនាំ​ស្តី​ពី​កិច្ច​ការពារ​កុមារ​លើ​ប្រព័ន្ធអន​ឡាញ​សម្រាប់​ក្រុម​ហ៊ុន​បចេ្ចកវិទ្យា​ឌីជីថល ដើម្បី​ធានា​សុវត្ថិភាព​កុមារ​លើ​ប្រព័ន្ធ​អនឡាញ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​អង្គការ​យូនីសេហ្វ (Unicef) ចុះ​ថ្ងៃ​ទី ​៦ ខែកក្កដា ឆ្នាំ​ ២០២៣។

អង្គការ​យូនីសេហ្វ​បាន​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ធ្វើ​កិច្ច​ការ​នេះ។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ គោល​ការណ៍​ណែនាំ​ស្តី​ពី​កិច្ច​ការ​ពារ​កុមារ​លើ​ប្រព័ន្ធ​អន​ឡាញនេះលើក​ទឹកចិត្ត​ឱ្យ​បណ្តា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ឌីជីថល​ដែល​ពាក់ព័ន្ធ បណ្តាញ​ទំនាក់​ទំនង​សង្គម​នានា​ក្នុង​វិស័យ​នេះ ចូលរួម​ទប់​ស្កាត់ បង្កើ​ន​សុវត្ថិភាព និង​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេល​វេលា​ចំពោះ​គ្រោះ​ថ្នាក់​ដែល​កំពុង​កើត​មាន​ក្នុង​ទម្រង់​ថ្មីៗ​ ដែល​កើត​ចេញ​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ឱ្យ​ស្រប​ទៅ​តាម​សិទ្ធិ​កុមារ​ និង​ស្តង់ដារ​ក្រម​សីល​ធម៌​ខ្ពស់​បំផុត។

លោក មាស ប៊ុនលី មន្ត្រី​ជំនាញ​ផ្នែក​ទំនាក់​ទំនង​នៃ​អង្គការ​យូនីសេហ្វ​កម្ពុជា​ ថ្លែង​ថា​ការ​ប្រើ​ប្រាស់​បណ្ដាញ​ប្រព័ន្ធ​អនឡាញ​កើន​ឡើងខ្លាំង​នៅ​កម្ពុជា​ អំឡុង​ពេល​ការ​រាត​ត្បាត​ជំងឺ​កូវីដ ដែល​វា​ផ្ដល់​ផលងាយ​ស្រួល​សម្រាប់​ការ​សិក្សារ​បស់​កុមារ។ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា​ មាន​ផល​អវិជ្ជមាន​មួយ​ចំនួន​ ដោយ​កុមារ​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ពី​ជន​ឆ្លៀត​ឱកាស តាម​រយៈ​ការ​សម្លុត​គំរាម​តាម​ប្រព័ន្ធ​អនឡាញ​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា។

លោក​ប្រាប់​វីអូអេថា៖ «អ៊ីចឹង​ករណី​ទាំង​អស់​ហ្នឹង វា​អាច​ជា​ការ​ផ្ញើ​រូបភាព​ឱ្យ​កុមារ​នូវ​រូប​ភាព​មិន​សមរម្យ​ អាស​អាភាស​ ឬក៏​ការ​ធ្វើ​ឱ្យ​គ្នា​មាន​ភាព​អាម៉ាស​នៅ​លើ​អន​ឡាញ​ជាដើម​ ការ​គំរាម​គ្នា​ជាដើម​ ទាំង​អស់​ហ្នឹង​ វាធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​សតិ​អារម្មណ៍​កុមារ​ និង​សុវត្ថិភាព​កុមារ​ បាន​ន័យ​ថា ​ជា​កន្លែង​ដែល​គាត់​រៀន​សូត្រ​ ដែល​គាត់​ត្រូវ​រីក​ចម្រើន​ទាក់​ទង​គ្នា ក៏​អាច​ជា​កន្លែង​ដែល​គាត់​ត្រូវ​បាន​គេ​រំលោភ​បំពាន​ធ្វើ​បាប​ដែរ»។

ខណៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ​ផ្តល់​នូវ​ឱកាស​ទំនាក់​ទំនង​គ្មាន​ដែន​កំណត់​ដល់​មនុស្ស​គ្រប់​វ័យ កុមារ​ដែល​មាន​កម្រិត​នៃ​ការ​យល់ដឹង​តិច​តួច​អំពី​ប្រព័ន្ធ​អនឡាញ​បាន​ក្លាយ​ជា​មុខ​សញ្ញា​ដ៏​សំខាន់​សម្រាប់​ជន​ឆ្លៀត​ឱកាស​កេង​ប្រវ័ញ្ច​តាម​ប្រព័ន្ធ​អនឡាញ។ នេះ​បើ​តាម​លោក មាស ប៊ុនលី។

មន្ត្រី​ជំនាញ​រូបនេះ​ជំរុញ​ឱ្យ​មាន​ការ​ចូល​រួម​យក​ចិត្ត​ទុក​ដាក់ ​ជាពិសេស​ពី​ឪពុក​ម្ដាយ បណ្ដា​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ អ្នក​ផលិត​មាតិកា និង​ក្រសួង​ពាក់​ព័ន្ធ​នានា ត្រូវ​ចាត់​វិធាន​ការ​រហ័ស​ក្នុង​ការ​ទប់​ស្កាត់​នូវ​ការ​គំរាម​កំហែង​ណា​មួយ​ដែល​អាច​កើតឡើង​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត។ លោក​សង្ឈឹម​ថា​ គោល​ការណ៍​នេះ​ជា​ជំហាន​ដ៏ធំ​មួយ ​ដើម្បី​ការពារ​កុមារ​កម្ពុជា​លើ​ប្រព័ន្ធ​អនឡាញ​ ដែល​មាន​ការ​ចូល​រួម​ពិភាក្សា​ពី​អ្នក​ជំនាញ​មក​ពី​គ្រប់​ស្ថាប័ន។

រូបឯកសារ៖ សិស្ស​មួយ​ក្រុម​ដើរ​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​អំឡុង​ថ្ងៃ​ដំបូង​នៃ​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី១១ ខែ​មករា ឆ្នាំ ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ សិស្ស​មួយ​ក្រុម​ដើរ​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​អំឡុង​ថ្ងៃ​ដំបូង​នៃ​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី១១ ខែ​មករា ឆ្នាំ ២០២១។ (ទុំ ម្លិះ/វីអូអេ)

របាយ​ការណ៍​ដែល​មានចំណង​ជើង ​«ការ​បញ្ឈប់​គ្រោះ​ថ្នាក់​ក្នុង​ប្រទេស​កម្ពុជា» ​របស់​អង្គការ​យូនីសេហ្វ បង្ហាញ​ថា ក្នុង​ចំណោម​កុមារ​កម្ពុជា​ ១០ ​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី​ ១២ ​ទៅ ១៧ ​ឆ្នាំ កុមារ​លើស​ពី​ម្នាក់​បាន​ទទួល​រង​ការ​កេង​ប្រវ័ញ្ច​ ឬ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​តាម​ប្រព័ន្ធ​អន​ឡាញ​ក្នុង​ទម្រង់​ណាមួយ។

អ្នក​ផលិត​មាតិកា​ឌីជី​ថល ​លោក ​ជី សុផាត សាទរ​ចំពោះ​ការ​ដាក់​ឱ្យ​អនុវត្ត​គោល​ការណ៍​នេះ ដែល​អាច​ជួយ​កាត់បន្ថយ​ភាព​ងាយ​រង​គ្រោះ​របស់​កុមារ​លើ​ប្រព័ន្ធ​អនឡាញ ខណៈ​កន្លង​ទៅ​មាន​ការ​លួង​លោម​បោក​បញ្ឆោត​កុមារ​ក្នុង​ទម្រង់​ផ្សេងៗ​បាន​កើត​ឡើង​ជា​ហូរ​ហែ​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម​អនឡាញ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ក្រសួង​សមត្ថកិច្ច​គាត់​គួរតែ​មាន​ការ​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​ទៅ ខ្ញុំ​គិត​ថា​ជា​ផ្នែក​មួយ​ដែល​អាច​ជួយ​ទៅ​កុមារ​ជា​ច្រើន​ផ្សេង​ទៀត​ដែរ​ ក្រៅពី​ហ្នឹង​មាន​អង្គការ​ពាក់​ព័ន្ធ​ឬ​អាណាព្យាបាល​ ដែល​ជាពិសេស​គាត់​គួរ​តែ​ចូល​រួម​ក្នុង​យុទ្ធនាការ​ហ្នឹង​បន្ថែម​ដែរ»។

អ្នកស្រី តាន់ សុដានី ប្រធាន​នាយក​ដ្ឋាន​គោល​នយោបាយ​នៃ​ក្រសួង​ប្រៃ​សណីយ៍ និង​ទូរ​គមនា​គមន៍ ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេ​ក្រាម​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​តាម​រយៈ​ការ​សិក្សា​ស្រាវ​ជ្រាវ​ និង​ធ្វើ​កិច្ច​សម្ភាស​ផ្ទាល់​ជាមួយ​កុមារ​កម្ពុជា​ដែល​មាន​អាយុ​ចន្លោះ​ពី​ ១២ ដល់ ​១៧ ឆ្នាំ​ អំពី​ការ​ប្រើ​ប្រាស់​អ៊ីន​ធឺណិត​របស់​ពួកគេ​ បាន​រក​ឃើញ​ថា​ កុមារ​ប្រមាណ ​៩% ​ធ្លាប់​ទទួល​នូវ​សារ​ទំនាក់​ទំនង​តាម​ប្រព័ន្ធ​ឌីជីថល​ដែល​គេ​ប្រើប្រាស់ ​ដើម្បី​ស្នើ​សុំ​ឱ្យ​ចែក​រំលែក​រូបភាព​មិន​សមរម្យ​ ដោយ​បង្ហាញ​ផ្នែក​ឯកជន​នៃ​រាង​កាយ​របស់​ខ្លួន។

ដោយ​មើល​ឃើញ​ពី​ហានិ​ភ័យ​នៃ​គ្រោះ​ថ្នាក់​លើ​ប្រព័ន្ធ​អន​ឡាញ​ចំពោះ​កុមារ អ្នកស្រី​ថា ​ក្រសួង​ប្រៃសណីយ៍​បាន​រៀបចំ​គោល​ការណ៍​នេះ​ឡើង ដើម្បី​ឱ្យ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ឌីជីថល​នៅ​ក្នុង​ស្រុក​ទាំង​អស់​ អនុវត្ត​នូវ​វិធាន​សំខាន់ៗ​ ៦ ​ចំណុច​រួម​មាន​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​សិទ្ធិ​កុមារ​នៅ​ក្នុង​ប្រព័ន្ធ​ក្រុមហ៊ុន​អន​ឡាញ ការ​ដាក់​បញ្ចូល​ការ​គោរព​សិទ្ធិ​កុមារ​នៅ​ក្នុ​ងប្រតិបត្តិ​ការ​អាជីវកម្ម លើក​កម្ពស់​ការ​យល់​ដឹង​អក្ខរកម្ម​ឌីជីថល​ និង​បង្កើត​បរិស្ថាន​សុវត្ថិភាព​លើ​ប្រព័ន្ធ​អន​ឡាញ ដែល​ជាផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​លើ​កុមារ។

អ្នក​ស្រី​បន្ដ​ថា ​កិច្ចការពារ​ដែល​មាន​ប្រសិទ្ធភាព​ គឺ​ទាមទារ​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​ ដូចជាឪពុក​ម្តាយ អាណា​ព្យាបាល គ្រូ​បង្រៀន ដែល​ត្រូវ​មាន​ការ​យល់​ដឹង​ពី​សុវត្ថិភាព​ប្រព័ន្ធ​អនឡាញ​ ដែល​អាច​ការពារ និង​ឆ្លើយ​តប​ទៅ​នឹង​ហានិភ័យ​ដែល​អាច​កើត​ឡើង​លើ​ប្រព័ន្ធ​អនឡាញ​បាន​ភ្លាមៗ។

មន្ត្រី​ជំនាញ​រូប​នោះ​ឱ្យដឹង​ទៀតថា​កន្លងទៅ​ ក្រសួងក៏​ធ្លាប់​បាន​សហការ​ជាមួយ​ក្រសួង​អប់រំ​ក្នុង​ការ​រៀបចំ​យុទ្ធនា​ការ​លើក​កម្ពស់​ការ​យល់​ដឹង និង​បង្កើត​វគ្គ​បណ្តុះ​បណ្តាល​ខ្លីៗ​អំពី​សុវត្ថិភាព​តាម​ប្រព័ន្ធ​អន​ឡាញ​ដល់​សិស្ស​វិទ្យាល័យ​ផង​ដែរ​ ហើយ​ជា​ជំហាន​បន្ទាប់ ​ក្រសួង​នឹង​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ដល់​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ឌីជីថល​ទាំង​អស់ ដើម្បី​យល់​ឱ្យ​បាន​ស៊ី​ជម្រៅ​អំពី​វិធី​សាស្រ្ត​អនុវត្ត និង​ការ​ប្រើ​ប្រាស់​ឧបករណ៍​ផ្សេងៗ​ ដូច​ដែល​មាន​ចែង​ក្នុង​គោលការណ៍។

បើ​តាម​គោល​ការណ៍​ណែនាំ​ដែល​វីអូអេ​ទទួល​បាន ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ឌីជីថល​ត្រូវ​ដាក់​ចេញ​ឱ្យបាន​ច្បាស់​លាស់​នូវ​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់ ដែល​ហាម​ប្រាម​មាតិកា​ឬ​សកម្មភាព​ទាំង​ឡាយណា​ ដែល​អាច​បង្កើត​ឱ្យមាន​រូបភាព​សម្ភារៈ​រំលោភ​បំពាន​កុមារ​ឬ​កេង​ប្រវ័ញ្ច​និង​រំលោភ​បំពាន​ផ្លូវ​ភេទកុមារ​តាម​ប្រព័ន្ធ​អនឡាញ។ ចំណែក​ប្រតិបត្តិករ​ផ្តល់​សេវា​អ៊ីនធឺណិត​ត្រូវ​បិទ​ការ​ចូល​ប្រើប្រាស់ ​URLs​ ខុស​ច្បាប់​ទាំង​ឡាយ​ណា ​ដែល​បញ្ជាក់​ដោយ​អាជ្ញាធរ​កម្ពុជា និង​អង្គភាព​អនុវត្ត​ច្បាប់​អន្តរជាតិ៕

XS
SM
MD
LG