ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​រាជធានី​​​​បដិសេធ​​​សំណើ​​​រៀបចំ​​​វេទិកា​​​សាធារណៈ​របស់​សហជីព


ក្រុម​​​កម្មករ​​​រោងចក្រ​​​បាន​​​ចាប់​​​ផ្តើម​​​តវ៉ា​​​ដើម្បី​​​ទាមទារ​​​ដំឡើង​​​ប្រាក់ខែ​​​គោល​​​ឲ្យ​​​ដល់​​​១៦០​​​ដុល្លារ​​​ក្នុង មួយ​​​ខែ​​​ចាប់​​​តាំង​​​ពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​២០១៣​​​មក​​​។
ក្រុម​​​កម្មករ​​​រោងចក្រ​​​បាន​​​ចាប់​​​ផ្តើម​​​តវ៉ា​​​ដើម្បី​​​ទាមទារ​​​ដំឡើង​​​ប្រាក់ខែ​​​គោល​​​ឲ្យ​​​ដល់​​​១៦០​​​ដុល្លារ​​​ក្នុង មួយ​​​ខែ​​​ចាប់​​​តាំង​​​ពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​២០១៣​​​មក​​​។
សាលា​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ​បានច្រាន​ចោលសំណើរៀបចំ​វេទិកា​សាធារណៈរបស់​ក្រុម​សហជីព​នៅ​ថ្ងៃ​ទី​៨​ខែមិនា​ខាង​មុខ​នេះ។

មាន​សហជីព​ចំនួន​១៨គ្រោង​នឹងរៀបចំ​វេទិកា​សាធារណៈ​មួយ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅចំ​ថ្ងៃទិវា​សិទ្ធិ​នារីអន្តរជាតិ​ដែល​មាន​កម្មករ​ចូលរួម​ប្រមាណ​១​ម៉ឺន​នាក់ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​បៀរវត្សរ៍​ចំនួន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​និង​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​សហជីព​និង​កម្មករ​ចំនួន​២១​នាក់​ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ក្នុង​ការ​បង្ក្រាប​ដ៏​ហិង្សា​កាល​ពី​ដើម​ខែ​មករា។

ប៉ុន្តែ​សាលារាជធានីភ្នំពេញ​បាន​បដិសេធសំណើនេះ​ក្នុង​ជំនួប​ជាមួយ​តំណាង​សហជីព​ទាំង​១៨។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលារាជធានី​ភ្នំពេញ​អះអាង​ថា​មូលហេតុ​ដោយ​សារ​វេទិកា​របស់​សហជីព​នេះ​មាន​លក្ខណៈ​ញុះញង់​ឱ្យ​មាន​អំពើ​អាណាធិបតេយ្យ​ក្នុង​សង្គម។​

«យើង​មិន​អនុញ្ញាត​ឱ្យ​គាត់​រៀបចំ​ដោយ​សារ​យើង​ពិនិត្យ​ឃើញ​អំពី​ស្ថានភាព​របស់​សាលាក្រុង​ភ្នំពេញ​នៅ​ពេល​សព្វថ្ងៃ​កំពុង​តែ​វិល​មក​រក​ភាព​ប្រក្រតី​បន្តិច​ម្តង​ៗ​វិញ​ហើយ​ ហើយ​ទង្វើ​ដែល​គាត់​ធ្វើ​អាច​មាន​លក្ខណៈ​ញុះញង់​អុច​អាល​និង​បង្ក​អំពើ​អាណាធិបតេយ្យ​ឡើង​វិញ​ទៀត»។

លោក ឡុង ឌីម៉ង់ ​បន្ថែម​ថា​មូលហេតុ​មួយ​ទៀត​គឺ​ដោយ​សារ​អ្នក​ចូលរួមបាតុកម្ម​មាន​ចំនួន​លើស​ពី​ការកំណត់​របស់​សាលា​រាជ​ធានី​ភ្នំ​ពេញ​ត្រឹម​ចំនួន​២០០​នាក់ ​ដូច្នេះ​វេទិកា​នេះ​តម្រូវ​ឱ្យ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ។

ប៉ុន្តែ​បើ​តាម​លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ ​ឱ្យ​ដឹង​ថា​សាលាក្រុង​ភ្នំពេញ​បាន​ទាត់​ចោល​ការ​លើក​បំរាម​ការ​ធ្វើ​បាតុកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដោយ​បាន​ហៅ​ការ​សម្រេច​ផ្ទាល់​មាត់​របស់​លោក​ប្រមុខ​រដ្ឋា​ភិបាល​នោះ​ថា​មិន​បានការ។

​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​កាល​ពី​ចុង​ខែ​កុម្ភៈ​បាន​ថ្លែង​ជាសាធារណៈ​លុប​ចោល​បំរាម​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​លើស​ពី​ចំនួន​ដប់​នាក់​បន្ទាប់​ពី​មាន​សម្ពាធពី​អន្តរជាតិ​និង​សង្គម​ស៊ីវិល​ជា​បន្ត​បន្ទាប់។

​លោក​ជា​ មុន្នី ​លើក​ឡើង​ថា​សាលា​រាជ​ធានី​ភ្នំពេញ​និយាយថា​នោះ​គ្រាន់​តែ​ជា​សេចក្តី​ថ្លែងការណ៍​របស់​នាយករដ្ឋមន្ត្រី​ទេ មិន​មាន​បទ​បញ្ជា​ជា​ផ្លូវការ​ឡើយ។

«គេ​ថា​លោក​ហ៊ុនសែន​គ្រាន់​តែ​និយាយ ប៉ុន្តែ​មិន​មែន​ជា​លាយលក្ខណ៍​អក្សរ។ នៅ​ក្នុង​ករណី​ហ្នឹង យើង​ចង់​រិះគន់​ថា​ក្នុង​ករណី​ខ្លះ លោក​ហ៊ុន សែន និយាយ​អញ្ចឹង​គេ​ថានេះ​ជា​ប្រសាសន៍​លោក​នាយក​រដ្ឋ​មន្ត្រី​គាត់​យក​ប្រសាសន៍​ហ្នឹង​ទៅ​អនុវត្ត​ភ្លាមៗ ដើម្បី​ប្រយោជន៍​បុគ្គល​របស់​គាត់ តែ​នា​ពេល​នេះ​លោក ហ៊ុន សែន បាន​និយាយ​អំពី​ការ​ដក​បម្រាម តែ​សាលាក្រុង​ភ្នំពេញ​គាត់​អត់​មាន​ប្រសិទ្ធភាព​ទេ​បម្រាម​របស់​លោក​ហ៊ុន សែន»។

ទោះ​បី​ជា​យ៉ាង​ណា ខាង​ភាគី​សហជីព​នៅ​តែ​រៀបចំ​វេទិកា​សាធារណៈ​របស់​ខ្លួន​តាម​ការ​គ្រោង​ទុក ដោយ​គ្រាន់​តែ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ប៉ុណ្ណោះ។ នេះ​បើ​តាម​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា។

«យើង​អត់​មាន​ត្រូវ​សុំ​ការ​អនុញ្ញាត​ទេ ក្រសួង​មហាផ្ទៃ​ក៏​ដោយ​ក៏​យើង​មិន​ចាំ​បាច់​សុំការ​អនុញ្ញាត​ដែរ ពីព្រោះ​ច្បាប់​មាន​ឱ្យ​សុំ​ការ​អនុញ្ញាត​ឯណា។ ច្បាប់​បាតុកម្ម​ជំពូក​ពីរ ការ​ធ្វើ​បាតុកម្ម​គ្រាន់​តែ​អនុញ្ញាត​ទៅ​បាន​ហើយ ដូច្នេះ​ចាំ​បាច់​ប្រើ​ពាក្យ​ថា​អនុញ្ញាត​ឬ​មិន​អនុញ្ញាត»។

ក្រុម​កម្មករ​រោងចក្រ​បាន​ចាប់​ផ្តើម​តវ៉ា​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​ឲ្យ​ដល់​១៦០​ដុល្លារ​ក្នុង មួយ​ខែ​ចាប់​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៣​មក​ម្ល៉េះ។ ការ​តវ៉ា ​បាន​រីករាល​ដាល​ដោយ​សារ​រដ្ឋាភិបាល​ និង​ថៅកែ​រោងចក្រ​មិន​យល់​ព្រម​តាម​សំណើ​របស់​ពួកគេ​ហើយ​នៅ​ទីបំផុត​រដ្ឋាភិបាល​បាន​សម្រេច​ចិត្ត​បាញ់​បង្រ្កាប​ហ្វូង​បាតុករ។ មាន​មនុស្ស​ចំនួន​៤​ទៅ​៥​នាក់​យ៉ាង​តិច​បាន​ស្លាប់​នៅ​ក្នុង​ការបាញ់​ប្រហារ​នោះ៕
XS
SM
MD
LG