ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នឹង​បើក​សវនាការ​សំណុំ​រឿង​អំពើ​ហិង្សា​នៅ​សួន​ប្រជាធិបតេយ្យ


ជនរងគ្រោះទំនាស់ដីធ្លី​នៅបឹងកក់​និង​​បុរីកីឡា​​បាតុកម្ម​នៅមុខ​​តុលាការ​​ភ្នំពេញ​​ទាមទារ​​ឲ្យ​ដោះលែង​​សម្មជ​ន​របស់ខ្លួន។​​
ជនរងគ្រោះទំនាស់ដីធ្លី​នៅបឹងកក់​និង​​បុរីកីឡា​​បាតុកម្ម​នៅមុខ​​តុលាការ​​ភ្នំពេញ​​ទាមទារ​​ឲ្យ​ដោះលែង​​សម្មជ​ន​របស់ខ្លួន។​​

មន្ត្រី​សិទ្ធិ​មនុស្ស​និង​មេធាវី​ការ​ពារ​ក្តី​បាន​បញ្ជាក់​ថា​ តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​គ្រោង​នឹង​បើក​សវនាការ​ពេញ​អង្គ​សេចក្តី​លើ​ករណី​លោក​មាជ សុវណ្ណារ៉ា​ និង​សកម្ម​ជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​១០​នាក់​ផ្សេង​ទៀត​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​អំពើ​ហិង្សា​នៅ​សួន​ប្រជាធិបតេយ្យ។​

លោក​មាជ សុវណ្ណារ៉ា​ បេក្ខភាព​តំណាង​រាស្ត្រ​លំដាប់​ទី​៣​ខាង​គណបក្ស​សង្គ្រោះ​ជាតិប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ​ ត្រូវ​បាន​កង​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ ក្នុង​ខណៈ​ពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​ទៅ​កាន់​ទីស្នាក់​ការ​របស់​គណបក្ស។​

លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ក្នុង​ថ្ងៃ​តែ​មួយ​ពី​បទ៖​«ដឹក​នាំ​កុប្បកម្ម​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​និង​ផ្តើម​គំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស»​ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា។​

លោក​ចាន់ ចេន​ មេធាវី​ការ​ពារ​ក្តី​លោក​មាជ សុវណ្ណារ៉ា​ មាន​ប្រសាសន៍​ថា​ ក្នុង​ចំណោម​បទ​ចោទ​ទាំង​៤​ តុលាការ​បាន​ទម្លាក់​ចោល​បទ​ចោទ​ចំនួន​ពីរ​ប្រឆាំង​នឹង​លោក​មាជ សុវណ្ណារ៉ា​ គឺ​នៅ​សល់​តែ​បទ​ចោទ​«ដឹក​នាំកុប្បកម្ម​ និង​ចូល​រួម​កុប្បកម្ម​តែ​ប៉ុណ្ណោះ»។​

លោក​សង្ឃឹម​ថា ​កូន​ក្តី​របស់​លោក​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ផ្សេង​ទៀត​នឹង​ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​ស្អែក​នេះ។​

លោក​និយាយ​ថា៖​ «សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​ផ្តល់​យុត្តិ​ធម៌​ចំពោះ​កូន​ក្តី​ខ្ញុំ​ ហើយ​និង​ទម្លាក់​បទ​ចោទ​លើ​ករណី​លោក​មាជ សុវណ្ណារ៉ា ​ពីព្រោះ​គាត់​មិន​បាន​ប្រព្រឹត្តអ្វី​ខុស​ដូច​ការ​ចោទ​នោះ​ទេ»។​

អាជ្ញាធរ​រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​កាល​ពី​ខែ​តុលា​ និង​វិច្ឆិកាបាន​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​និង​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​សរុប​ចំនួន​១៩​នាក់ក្រោម​បទ​ចោទ​ប្រកាន់​ផ្សេងៗ​គ្នា។​

សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ទាក់​ទិន​នឹង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ។​

ចំណែក​ឯ​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ ​ដែល​រួម​មាន​អ្នក​ស្រី​ទេព វន្នី​ផង​ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​រយៈ​ពេល​មួយ​ឆ្នាំ​ពី​បទ​បង្ក​ឲ្យ​រាំង​ស្ទះ​ចររាចរណ៍សារធារណៈ​តាម​ច្បាប់​ចររាចរណ៍​ផ្លូវ​គោក។​ ​បន្ទាប់​ពី​ពួក​គេ​បាន​មក​តវ៉ា​នៅ​ពី​មុខ​សាលា​ក្រុង​ភ្នំពេញ​ទាក់​ទិន​នឹង​ទឹក​ជន់​លិច​ផ្ទះ​របស់​ពួក​គេ។​

លោក​នី ចរិយា ​ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​បញ្ជាក់​ថា​ ដើម្បី​ស្តារ​ស្ថាន​ភាព​នយោបាយ ​និង​បង្ហាញ​ពី​ឯក​រាជ្យ​ភាព​របស់​តុលាការ​ ​ ​លោក​បាន​ទទួច​ដល់​តុលាការ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​និង​ដោះ​លែង​សកម្ម​ជន​ទាំង​អស់​ដែល​កំពុង​ជាប់​ឃុំ។​

លោក​និយាយ​ថា៖​ «យើង​យោង​ទៅ​លើ​ការ​អង្កេត​ទៅលើ​ករណី​ដែល​កើត​ឡើង​កាល​ពី​ថ្ងៃទី​១៥​ខែ​កក្កដា​នេះ​គឺ​អ្នក​ទាំង​១១​នាក់​នេះ​អត់​មាន​ពាក់​ព័ន្ធ​ជាមួយនឹង​ព្រឹត្តិ​ការណ៍​ហិង្សា​កើត​ចេញ​ពី​បាតុកម្ម​អហិង្សា​នោះ​ទេ»។​

កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ ក្នុង​ខណៈ​ពេល​លោក​ស្រី​មួរ សុខហួរ​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ បាន​ដឹក​នាំ​ក្រុម​អ្នក​តំណាង​រាស្ត្រ​និង​សកម្ម​ជន​គណបក្ស​មួយ​ចំនួន​ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​សួន​ប្រជាធិបេតយ្យ​នោះ​ មាន​ការ​ប៉ះទង្គិច​គ្នា​មួយ​កើត​ឡើង​រវាង​សកម្មជន​គណបក្ស​ និង​កង​សន្តិសុខ​ខ័ណ្ឌ​ដូន​ពេញ​ ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ជាង​៥០​នាក់​បាន​រង​របួស៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG