ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានសរសេរលិខិតមួយច្បាប់ទៅក្រសួងមហាផ្ទៃកម្ពុជាដើម្បីស្នើសុំឱ្យដោះលែងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិគឺលោក មាជ សុវណ្ណារ៉ាដែលកំពុងជាប់ឃុំឃាំងទាក់ទឹននឹងការធ្វើបាតុកម្មទាមទារសុំឱ្យដោះលែងទីលានប្រជាធិបតេយ្យកាលពីខែកក្កដា។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងបានបញ្ជាក់ថាលិខិតដែលសរសេរដោយលោក សម រង្ស៊ីប្រធានគណបក្សទៅលោកស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនបានស្នើសុំឱ្យដោះលែងសកម្មជនគណបក្សដទៃទៀតនិងសកម្មជនដីធ្លីព្រមទាំងព្រះសង្ឃដែលកំពុងជាប់ឃុំដូចគ្នានេះទេ។
នៅក្នុងលិខិតកាលពីថ្ងៃទី១២គឺមុនពេលលោក សម រង្ស៊ី បានចាកចេញទៅប្រទេសបារាំងលោកបានស្នើសុំទៅលោក ស ខេង ឱ្យលើកលែងការចោទប្រកាន់និងបញ្ចប់នីតិវិធីតាមផ្លូវតុលាការទៅលើលោកមាជ សុវណ្ណារ៉ា។ នេះបើតាមការបញ្ជាក់របស់លោកកឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា បានដឹកនាំអ្នកតំណាងរាស្ត្រនិងភរិយាលោកមាជ សុវណ្ណារ៉ាទៅសួរសុខទុក្ខលោកមាជ សុវណ្ណារ៉ានៅក្នុងពន្ធនាគារកាលពីថ្ងៃច័ន្ទ។
ក្រោយពីបានសាកសួរសុខទុក្ខ លោក កឹម សុខាមានប្រសាសន៍ប្រាប់អ្នកកាសែតនៅខាងក្រៅពន្ធនាគារព្រៃសថាលោក មាជ សុវណ្ណារ៉ាមានសុខភាពល្អធម្មតាទេ។លោកបានបញ្ជាក់ថាលោកឧបនាយករដ្ឋមន្ត្រីស ខេងបានផ្ញើលិខិតទៅក្រសួងយុត្តិធម៌ហើយ។ លោករំពឹងថាលោកមាជ សុវណ្ណារ៉ានិងត្រូវបានដោះលែងក្នុងពេលឆាប់ៗខាងមុខនេះ។
លោកបញ្ជាក់ថា៖«ក្រសួងមហាផ្ទៃបានសរសេរលិខិតទៅក្រសួងយុត្តិធម៌ហើយ ហើយខ្ញុំបានទំនាក់ទំនងទៅក្រសួងយុត្តិធម៌ហើយ។ ក្រសួងយុត្តិធម៌គេកំពុងទំនាក់ទំនងជាមួយតុលាការ ចៅក្រមពីបែបបទយ៉ាងណានោះហើយខ្ញុំសង្ឃឹមថាលោកមាជ សុវណ្ណារ៉ានិងត្រូវដោះលែងក្នុងពេលឆាប់ៗ»។
លោកមាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាន និងជាអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំខេត្តបន្ទាយ មានជ័យ ត្រូវបានកងកម្លាំងមានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងទៅនេះនៅតាមបណ្តោយផ្លូវព្រះ នរោត្តម ក្នុងខណៈពេលដែលលោកកំពុងធ្វើដំណើរតាមរថយន្តទៅកាន់ទីស្នាក់ការ របស់គណបក្ស។
លោកត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាឃុំខ្លួនក្នុងពន្ធនាគារព្រៃសក្នុងថ្ងៃតែមួយប៉ុណ្ណោះពីបទ៖«ដឹកនាំកុប្បកម្ម ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស» ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ខែកក្កដា។
លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រី និងលោក សន សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងយុត្តិធម៌មិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបានទេដោយទូរស័ព្ទទទួលការហៅចូលហើយតែគ្មានអ្នកទទួល។
ការចាប់ខ្លួនលោកមាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ សកម្មជនដីធ្លីនៅតំបន់បឹង កក់និងព្រះសង្ឃក្នុងរយៈពេលចុងក្រោយនេះបានធ្វើឡើងក្នុងដំណាក់កាលគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិកំពុងជជែកអំពីសេចក្តីព្រាងច្បាប់ស្តីពីការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ការចាប់ខ្លួនមន្ត្រីគណបក្សសង្គ្រោះជាតិនិងសកម្មជនដីធ្លីដាក់ពន្ធនាគារថ្មីនេះត្រូវបានក្រុមអ្នកវិភាគចោទប្រកាន់ថាគណបក្សប្រជាជនចង់ដាក់សម្ពាធមិនឱ្យគណបក្សសង្គ្រោះជាតិតថ្លៃ រឿងតំណែងក្នុងសមាសភាពគ.ជ.បថ្មី។
លោក ប៊ិន ឈិន ប្រធានក្រុមចរចាខាងគណបក្សប្រជាជនកម្ពុជាបានជំទាស់ទៅនឹងការចោទប្រកាន់នេះ។
លោកបានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតក្រោយពីបញ្ចប់កិច្ចប្រជុំក្រុមការងារជាមួយគណបក្សសង្គ្រោះជាតិនៅមន្ទីររដ្ឋសភាថា៖«មិន អត់ទេ មិនទៅគិតអ្វីទេ រឿងដោយឡែកពីគ្នា។លោក សួរនេះគឺថារឿងនេះគឺរឿងបច្ចេកទេសនៅក្នុងការរៀបចំច្បាប់គជប មិនមានការពាក់ព័ន្ធអ្វីទេ»។
ក្រោយពីកិច្ចប្រជុំអស់រយៈពេលជាងពីរម៉ោងគណបក្សទាំងពីរបានអះអាងថាបានសម្រេចលទ្ធផលច្រើនគឺនៅសេសសល់តែពីរចំណុចតែប៉ុណ្ណោះគឺសញ្ជាតិខ្មែរពីកំណើត និង សញ្ជាតិ ខ្មែរតែមួយគត់ដើម្បីទុកជូនថ្នាក់ដឹកនាំកំពូលទាំងពីរជាអ្នកសម្រេច៕