សវនាការជំនុំជម្រះលើលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង អាចប្រើរយៈពេលទៅដល់៣ខែ។ នេះបើតាមការបញ្ជាក់របស់ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោកតាំង ស៊ុនឡាយ។
លោក តាំង ស៊ុនឡាយ បានថ្លែងប្រាប់ VOA នៅព្រឹកថ្ងៃអង្គារនេះថា៖ «ដោយសាររឿងធំ ប្រហែលជាយើងគ្រោងបីខែ។ យើងគ្រោងបីខែបានចប់»។ លោកបន្ថែមថា តុលាការគ្រោងយកថ្ងៃពុធ និងព្រហស្បតិ៍រៀងរាល់សប្តាហ៍ ដើម្បីដំណើរការសវនាការនេះ។
ប្រធានតុលាការរូបនោះក៏បានបញ្ជាក់ថា បន្ទប់សវនាការអាចដាក់មនុស្សបានតែ៣០នាក់ប៉ុណ្ណោះ ហើយភាគច្រើនកន្លែងនេះត្រូវផ្តល់ដល់មន្រ្តីទូត និងមន្រ្តីសិទ្ធិមនុស្ស មិនមែនសម្រាប់អ្នកសារព័ត៌មាននោះទេ។
លោកបានថ្លែងថា៖ «ពីព្រោះថាយើងអត់មានជម្រើសល្អជាងហ្នឹងទេ។ គ្រាន់តែខាងទូតចូលរួមហ្នឹង ចូលជិត២០នាក់បាត់ហើយ។ អាហ្នឹង សុំអធ្យាស្រ័យ។ មិនមែនថាយើងត្បិតត្បៀត មិនឲ្យសារព័ត៌មានចូលទេ។ ប៉ុន្តែជម្រើសវាអត់មានអញ្ចឹង»។
មេធាវីរបស់លោក លោក កឹម សុខា គឺលោក ចាន់ ចេន មានប្រសាសន៍ថា លោកមិនបានដឹងអំពីព័ត៌មានទាក់ទងនឹងរយៈពេលនៃសវនាការនេះទេ តែលោកគ្រាន់តែដឹងថាសវនាការ នឹងធ្វើឡើងនៅថ្ងៃទី១៥និងថ្ងៃទី១៦ ខែមករា ចាប់ពីថ្ងៃពុធ ស្អែកនេះ។
លោកបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយបន្ថែមលើបញ្ហានេះ តែលោកថាមេធាវីបានត្រៀមខ្លួនជាស្រេច ក្នុងការតតាំងរឿងក្តីនេះ។
លោកបន្តថា តុលាការគួរតែផ្តល់កន្លែងសម្រាប់អ្នកសារព័ត៌មាន ដើម្បីឲ្យពួកគេអាចផ្តល់ព័ត៌មានទៅសាធារណជន។
លោកបានថ្លែងថា៖ «គាត់គួរតែរកមធ្យោបាយ ឬក៏វិធីយ៉ាងណា ដើម្បីឲ្យព័ត៌មាន ឬសកម្មភាពនៅក្នុងសវនាការហ្នឹង បានឲ្យ ប្រជាពលរដ្ឋដែលរង់ចាំទន្ទឹងមើល ក៏ដូចជាសហគមន៍ជាតិ និងអន្តរជាតិ ដែលរង់ចាំ ដែលតាមដានហ្នឹង បានជ្រាបនិងដឹងទាំងអស់គ្នា»។
លោក កឹម សុខា ដែលកំពុងស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ នឹងទៅចូលរួមសវនាការនេះ។ នេះបើតាមការបញ្ជាក់ពីមេធាវីរបស់លោក។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការរំលាយមុនការបោះឆ្នោតឆ្នាំ២០១៨ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតជាមួយបរទេស ក្នុងគម្រោងមួយដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហៅថា«ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល»ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ ទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិកបានបដិសេធការចោទប្រកាន់នេះ។
តុលាការបានសម្រេចបន្ធូរបន្ថយលក្ខខណ្ឌនៃការឃុំខ្លួនលោក កឹម សុខា កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយលោកបានជាប់ឃុំនៅក្នុងពន្ធនាគារ និងនៅផ្ទះមួយរយៈ។ លោក កឹម សុខា មិនត្រូវបានអនុញ្ញាតឲ្យធ្វើនយោបាយ និងធ្វើដំណើរទៅក្រៅប្រទេសនោះទេ ដោយលោកមានសិទ្ធិត្រឹមដើរហើរក្នុងប្រទេស និងជួបជាមួយអ្នកការទូត កន្លងមកតែប៉ុណ្ណោះ៕