មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃនៅថ្ងៃពុធនេះ បានឲ្យដឹងថា ក្រសួងនឹង ត្រៀមកម្លាំង ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងអំឡុងពេលសវនាការជំនុំជម្រះលើមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដែលនឹងធ្វើឡើងនៅថ្ងៃ១៥ ខែមករា ខាងមុខនេះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់VOAនៅថ្ងៃពុធនេះថា ក្រសួងមហាផ្ទៃបានរៀបចំផែនការរួចរាល់ ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងអំឡុងពេលសវនាការរបស់លោក កឹម សុខា។
«ចង់ជម្រាបជូនថា ខាងអគ្គស្នងការគាត់មានផែនការការពារច្បាស់លាស់ហើយ។ យើងបានរៀបចំទាំងការងារផែនការការពារសុវត្ថិភាព ទាំងសម្រាប់លោក កឹម សុខាផង និងទាំងសម្រាប់ប្រជាពលរដ្ឋទាំងមូលផង»។
នៅពេលសួរថាតើក្រសួងមហាផ្ទៃមានចំណាត់ការយ៉ាងដូចម្ដេចក្នុងករណីមានភាពមិនប្រក្រតី និងភាពចលាចលណាមួយក្នុងអំឡុងពេលសវនាការ លោក ខៀវ សុភ័គ បានឆ្លើយថា៖
«យើងមានច្បាប់របស់យើង ដើម្បីអនុវត្តហើយជាគោល ការពារសន្តិភាព ការពារសុវត្ថិភាព គឺជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលស្របតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា»។
លោក កឹម សុខា បានសម្រេចនឹងបង្ហាញខ្លួននៅសវនាការជំនុំជម្រះនេះ។ បើតាម លោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា ដែលបានប្រាប់VOAកាលពីថ្ងៃអង្គារ។
លោក ផែង ហេង មេធាវីរបស់ កឹម សុខា សុំមិនអធិប្បាយពាក់ព័ន្ធនឹងកូនក្តីរបស់លោក ដោយលោកសុំរង់ចាំរហូតដល់ថ្ងៃសវនាការ។ លោកមិនទាន់អាចបញ្ជាក់ថានឹងមានអ្នកគាំទ្រលោក កឹម សុខា មកចូលរួមប៉ុន្មាននាក់នោះទេនាថ្ងៃសវនាការ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការរំលាយមុនការបោះឆ្នោតឆ្នាំ២០១៨ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតជាមួយបរទេស ក្នុងគម្រោងមួយដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហៅថា«ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល» ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ ទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិក បានបដិសេធការចោទប្រកាន់នេះ។
តុលាការបានសម្រេចបន្ធូរបន្ថយលក្ខខណ្ឌនៃការឃុំខ្លួនលោក កឹម សុខា កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយលោកបានជាប់ឃុំនៅក្នុងពន្ធនាគារ និងនៅផ្ទះមួយរយៈ។ លោក កឹម សុខា មិនត្រូវបានអនុញ្ញាតឲ្យធ្វើនយោបាយ និងធ្វើដំណើរទៅក្រៅប្រទេសនោះទេ ដោយលោកមានសិទ្ធិត្រឹមដើរហើរក្នុងប្រទេស និងជួបជាមួយអ្នកការទូត កន្លងមកតែប៉ុណ្ណោះ។
អ្នកនាង Emily Zeeburg អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រាប់VOAតាមសារជាអ៊ីមែលនៅថ្ងៃពុធនេះថា ស្ថានទូតអាមេរិកប្រចាំកម្ពុជានឹង «តាមដានសវនាការរបស់លោក កឹម សុខា យ៉ាងជិតដិត»។
សហរដ្ឋអាមេរិក ក៏ធ្លាប់បានអំពាវនាវឲ្យទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា ផងដែរ៕