ខណៈសវនាការជំនុំជម្រះលើលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងខិតជិតមកដល់ អ្នកពាក់ព័ន្ធក្នុងនោះមានអាជ្ញាធរ តុលាការ អង្គទូត មន្រ្តីសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន បានត្រៀមខ្លួនសម្រាប់សវនាការមួយនេះ ក្នុងនោះមានការរឹតបន្តឹងសន្តិសុខ ការតាមដាន និងរាយការណ៍អំពីការកាត់ក្តី។
សវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា ពីបទ«ក្បត់ជាតិ» នឹងចាប់ផ្តើមនៅថ្ងៃពុធទី១៥ ខែមករា។ លោក កឹម សុខា ដែលកំពុងស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ នឹងទៅចូលរួមសវនាការនេះ។ នេះបើតាមការបញ្ជាក់ពីមេធាវីរបស់លោក។
រហូតមកដល់ពេលនេះ មានសាក្សីជាង១០នាក់ ត្រូវបានតុលាការកោះហៅតាំងពីឆ្នាំ២០១៨មក។ សាក្សីយ៉ាងហោចណាស់ចំនួន៦នាក់ ត្រូវបានកោះហៅបន្ថែមកាលពីពេលថ្មីៗនេះ ឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅសវនាការ។
លោក ម៉ា ចិត្រា និងលោក ហ៊ុន ដារ៉ា យុវជនដែលតែងផ្តិតយករូបភាព និងសកម្មភាពគណបក្សសង្គ្រោះជាតិ កាលពីមុនគណបក្សនេះត្រូវបានរំលាយ ត្រូវបានតុលាការកោះហៅឲ្យចូលរួមសវនាការក្នុងនាមជាសាក្សី។ អ្នកទាំងពីរបានប្រាប់ VOAនៅថ្ងៃច័ន្ទនេះថា ពួកគេនឹងទៅចូលរួមសវនាការនេះ។
សាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី៩ ខែមករា ដោយប្រកាសថា សវនាការនាថ្ងៃពុធនេះ នឹងអនុញ្ញាតឲ្យមានអ្នកចូលរួមស្តាប់ត្រឹម៣០នាក់ប៉ុណ្ណោះ។ ចំណែកមន្រ្តីតុលាការនៅថ្ងៃច័ន្ទនេះប្រាប់ថា ចំនួនអ្នកដែលចូលរួមភាគច្រើនក្នុងចំណោម៣០នាក់នោះ គឺជាមន្ត្រីមកពីស្ថានទូតនានា។ ដោយឡែកអ្នកសារព័ត៌មាននឹងត្រូវអនុញ្ញាតឲ្យចូលរួមតិចជាងមន្ត្រីស្ថានទូត។
នៅថ្ងៃច័ន្ទនេះ មន្រ្តីមកពីស្ថានទូតមួយចំនួនបានចុះឈ្មោះ និងទទួលយកប័ណ្ណដើម្បីចូលរួមស្តាប់។ ស្ថានទូតដែលបានចុះឈ្មោះ មានដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប បារាំង ស៊ុយអែតនិងស្ថានទូតអូស្ត្រាលីជាដើម។ ដោយឡែកអ្នកសារព័ត៌មានទាំងជាតិនិងអន្តរជាតិបានចុះឈ្មោះ តែមិនទាន់ទទួលបានប័ណ្ណនៅឡើយ។
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូប្រាប់ VOAថា លោកនិងក្រុមការងារលីកាដូនឹងចុះឃ្លាំមើលសវនាការលើលោក កឹម សុខា ទាំងក្នុងនិងក្រៅរបងតុលាការ។ លោកបន្តថា សម្រាប់សវនាការខាងមុខនេះនឹងមានការចាប់អារម្មណ៍ច្រើនពីសាធារណជនទាំងជាតិនិងអន្តរជាតិ ដូច្នេះលោកថា តុលាការគួររៀបចំសវនាការដែលអាចបង្ហាញដល់សាធារណជនបានច្រើន។
លោកបានបញ្ជាក់ថា៖ «បង្កើតជា Video Screen [បញ្ចាំងវីដេអូ] ឬក៏អី ឬក៏បន្តចេញដាក់ខាងក្រៅ ដើម្បីឲ្យពួកគាត់បានមើល តាមដាន ដូចយើងមើលក្នុងសាលាក្តីខ្មែរក្រហមហ្នឹង អាហ្នឹងវាជាការល្អមួយ ហើយរឿងមួយទៀតដែលបង្ហាញអំពីតម្លាភាពនិងដំណើរការនីតិវិធីនៅក្នុងលើសំណុំរឿងលើឯកឧត្តម កឹម សុខា ហ្នឹងសម្រាប់ឲ្យមានតម្លាភាព»។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យ និងជាប្រធានលេខាធិការដ្ឋានរដ្ឋបាល នៃសាលាដំបូងរាជធានីភ្នំពេញបានទេ។
លោក កឹម សុខា ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ដោយសម្អាងលើការថ្លែងរបស់លោកនៅក្នុងវីដេអូខ្លីមួយ ដែលគេចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក។ តាមរយៈខ្សែអាត់វីដេអូដែលគ្មានកាលបរិច្ឆេទនេះ លោក កឹម សុខា បានថ្លែងទៅកាន់អ្នកគាំទ្រក្នុងប្រទេសអូស្ត្រាលី ដោយលើកឡើងអំពីយុទ្ធសាស្ត្រនយោបាយរបស់គណបក្សជំទាស់ តទល់នឹងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។
ក្រោយការចាប់ខ្លួនលោក កឹម សុខា តុលាការកំពូលក៏បានរំលាយគណបក្សសង្គ្រោះជាតិ ដោយយោងលើភស្តុតាងជាច្រើន ដោយក្នុងចំណោមនោះក៏មានវីដេអូឃ្លីបដែលតុលាការប្រើជាភស្តុតាងចោទប្រកាន់លើលោក កឹម សុខា ផងដែរ។
កញ្ញា កឹម មនោវិទ្យា អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាកូនស្រីរបស់លោក កឹម សុខា បានប្រាប់ VOA ថា សវនាការលើលោក កឹម សុខា គឺជា«រូបភាពអាក្រក់ដែលមិនគួរកើតមាននៅកម្ពុជា»។
«យើងទាំងអស់គ្នាទាំងប្រជាពលរដ្ឋអ្នកគាំទ្រលោក ទាំងគូប្រកួតរបស់លោក ទាំងតុលាការខ្លួនឯង ទាំងពិភពលោកទាំងមូលតែម្តង ដឹងថាលោកគ្មានកំហុសទេ»។
សវនាការលើលោក កឹម សុខា គឺជាព្រឹត្តិការណ៍ធំមួយ បន្ទាប់ពីសវនាការរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ VOA ថា ក្រសួងនឹងត្រៀមកម្លាំង ដើម្បីរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់ ក្នុងអំឡុងពេលសវនាការជំនុំជម្រះនេះ។
លោក ម៉ៅ ផាត ពលរដ្ឋម្នាក់ដែលកំពុងរស់នៅក្នុងខណ្ឌដូនពេញមានប្រសាសន៍ថា លោកតែងអាននិងស្តាប់ព័ត៌មាន ដើម្បីតាមដានពីសវនាការលើលោក កឹម សុខា។ ពលរដ្ឋវ័យ៧២ឆ្នាំរូបនេះបន្តថា បើតាមការស្តាប់ព័ត៌មាននិងតាមដានលើបណ្តាញសង្គមហ្វេសប៊ុក លោកយល់ថា ការចាប់ និងឃុំខ្លួនលោក កឹម សុខា ជារឿងនយោបាយ។
«ឥឡូវគេចាំមើលតែពីរថ្ងៃទៀតទេ។ ព្រោះការកាត់ក្តីឯកឧត្តម កឹម សុខា វាទាក់ទិនដល់អន្តរជាតិ។ អញ្ចឹងគេចាំមើលដែរ។ ហើយខ្ញុំឃើញកន្លងមករដ្ឋាភិបាលកំណត់៣០កៅអីឲ្យស្តាប់គាត់និយាយ តើវាទូលំទូលាយទេការដែលកំណត់៣០កៅអី? វាមិនអាចមានមតិច្រើនសម្រាប់វិនិច្ឆ័យបានទេ។ គួរបើកចិត្តទូលាយ។ ខ្ញុំយល់ហើយថាកន្លែងហ្នឹងវាដាក់កៅអីបានតិចមែន ប៉ុន្តែមតិទទួលបានដឹងឮមានតែ៣០នាក់ វាដូចជាមិនទាន់ច្បាស់លាស់»។
ការចាប់ខ្លួនលោក កឹម សុខា ធ្វើឡើងមុនបន្តិចនៃការរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេស កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧។ ការចាប់ខ្លួនមេបក្ស ការរំលាយគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ព្រមទាំងការបង្ក្រាបលើសង្គមស៊ីវិល សហជីពនិងស្ថាប័នសារព័ត៌មានជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០១៧មក បានធ្វើឲ្យសហគមន៍អន្តរជាតិ ដែលមានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម ថ្កោលទោសរដ្ឋាភិបាលកម្ពុជា និងបានទាមទារឲ្យដោះលែងលោក កឹម សុខា ដោយគ្មានលក្ខខណ្ឌ។
សហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការនីតិវិធីដកឋានៈអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» ឬ Everything But Arms (EBA) ពីកម្ពុជា ប្រសិនបើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនស្តារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមកដូចដើមវិញទេនោះ។ សហភាពអឺរ៉ុបនឹងសម្រេចជាចុងក្រោយនៅថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២០ នេះថា ត្រូវព្យួរការអនុគ្រោះពន្ធEBA ឬយ៉ាងណា។ ការអនុគ្រោះពន្ធ EBA បានអនុញ្ញាតឲ្យកម្ពុជាចំណេញប្រាក់ជាង៦០០លានដុល្លារក្នុងមួយឆ្នាំៗពីការនាំទំនិញចូលទីផ្សារសហភាពអឺរ៉ុបដោយមិនចាំបាច់បង់ពន្ធ៕