តុលាការរាជធានីភ្នំពេញបានបញ្ជាតាមរយៈដីកាបញ្ជាឱ្យចូលខ្លូនជាលើកទី២ ឲ្យសមត្ថកិច្ចនាំខ្លួនលោក ម៉ន ផល្លា អ្នករៀបចំក្បួនដង្ហែការឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិនៅភ្នំពេញ ចូលបង្ហាញមុខនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីសាកសួរលើករណីហិង្សាមួយ ក្នុងពេលឃោសនាបោះឆ្នោតឃុំ-សង្កាត់ កាលពីខែឧសភា។ មន្រ្តីបក្សប្រឆាំងរូបនោះបានលើកឡើងថា ការកោះហៅរបស់តុលាការគឺជា ការគំរាមកំហែងផ្នែកនយោបាយ មិនមែនជាការអនុវត្តតាមច្បាប់នោះទេ។
នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ លោក ម៉ន ផល្លា ហៅដីកាបញ្ជាឱ្យចូលខ្លួនជាលើកទី២របស់តុលាការរាជធានីភ្នំពេញ ដើម្បីបង្ហាញខ្លួនលោកនៅអធិការដ្ឋាននគរបាលខណ្ឌចំពោះករណីហិង្សាមួយក្នុងពេលហែក្បួនឃោសនាបោះឆ្នោត ឃុំសង្កាត់ ថា «ជាការគំរាមកំហែងផ្នែកនយោបាយ មិនមែនជារឿងច្បាប់»។
ដីកាបញ្ជាឲ្យលោក ម៉ន ផល្លា ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ ចូលខ្លួនជាលើកទី២ បានចេញកាលពីថ្ងៃចន្ទ ដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានយោងរបាយការណ៍សុំដីកាបញ្ជាឲ្យចូលខ្លួនរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ តាមមាត្រា៣៧ មាត្រា៩៤ និងមាត្រា១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
លោក សៀង សុខ បានបញ្ជាតាមរយៈដីកានោះក្នុងន័យដើមថា៖
«បង្គាប់ឲ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនបុគ្គល នាម-គោត្តនាម ម៉ន ផល្លា អាយុ៤២ឆ្នាំ ជនជាតិខ្មែរ លំនៅបច្ចុប្បន្នផ្ទះលេខ ៣Eo ផ្លូវលេខ ១១៥សេ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មកបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រហូតដល់មានសេចក្តីសម្រេចថ្មី ដើម្បីសាកសួរពីដំណើររឿង «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧»។
លោក ម៉ន ផល្លា ប្រធានក្រុមការងារប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ ដែលជាមន្រ្តីទទួលខុសត្រូវក្នុងការរៀបចំក្បួនដង្ហែយុទ្ធនាការបោះឆ្នោតនាពេលកន្លងទៅ បានប្រាប់ VOA តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃព្រហស្បតិ៍នេះថា លោកមិនបាននៅកន្លែងកើតហេតុ និងមិនបានដឹងពីអំពើហិង្សាដែលកើតមានក្នុងក្បួនដង្ហែបក្សនាចុងខែឧសភានោះទេ។ លោកបន្ថែមថា ការកោះហៅរូបលោកគឺជារឿងនយោបាយ ដែលមានចេតនាបំភិតបំភ័យ និងគំរាមកំហែង ដោយសារប្រជាពលរដ្ឋជាច្រើននៅរាជធានីភ្នំពេញ គាំទ្រគណបក្សប្រឆាំងច្រើនលើសលុប។
«ជាទស្សនៈផ្ទាល់ក្រោយពីខ្ញុំបានគិតឃើញថា នេះមិនមែនជារឿងច្បាប់បទល្មើសជាក់ស្តែង ក៏ដូចជាបទល្មើសព្រហ្មទណ្ឌអីទេ វាជាចេតនានៃការរៀបចំចរិតនយោបាយ ដើម្បីដាក់បន្ទុកមកលើរូបខ្ញុំ ក៏ដូចជាគណបក្សសង្គ្រោះជាតិទាំងស្រុង»។
លោក ម៉ន ផល្លា បន្ថែមថា លោកបានធ្វើលិខិតផ្ទេរសិទ្ធិ និងពឹងពាក់ ទៅមេធាវីចំនួនបីរូប ដើម្បីការពារក្នុងសំណុំរឿងរបស់លោករួចហើយ។
VOA បានព្យាយាមទាក់ទងសុំការអធិប្បាយពីលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ តែលោកមិនព្រមឆ្លើយតប។
ដីកាបញ្ជាឱ្យ លោក ម៉ន ផល្លា ប្រធានក្រុមការងារប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ ចូលខ្លួន បានកើតឡើងមួយថ្ងៃក្រោយពីមានការលើកឡើងរបស់លោក ហ៊ុន សែន ដែលបញ្ជាក់ពីការសោកស្តាយចំពោះហិង្សាលើយុវជនមួយរូប អំឡុងពេលឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ។
តាមវីដេអូឃ្លីបមួយដែលត្រូវបានគេបង្ហោះលើបណ្តាញសង្គមកាលពីចុងខែឧសភា ដោយបង្ហាញពីសកម្មជនបក្សប្រឆាំងម្នាក់ បានស្រែកឲ្យបុរសម្នាក់កំពុងជិះម៉ូតូ ថាបានជិះបញ្ច្រាសផ្លូវ ហើយក៏មានវីដេអូមួយទៀត បានបង្ហាញពីសកម្មភាពរបស់មនុស្សដែលពាក់អាវបក្សប្រឆាំងវាយទៅលើយុវជនរូបនោះ ក្នុងអំឡុងពេលនៃការហែក្បួនឃោសនាបោះឆ្នោត។
បន្ទាប់ពីវីដេអូនោះត្រូវបានបង្ហោះ យុវជនម្នាក់ដែលមានឈ្មោះថា សេក សាមុន បានដាក់ពាក្យបណ្តឹងប្តឹងក្រុមយុវជនគណបក្សសង្គ្រោះជាតិជិត១០នាក់ ដោយចោទថាបានប្រើហិង្សាមកលើខ្លួនក្នុងពេលកំពុងជិះម៉ូតូប៉ះជាមួយក្បួនដង្ហែរបស់បក្សប្រឆាំងនៅភ្នំពេញ។
លោក សុក សំអឿន មេធាវីជើងចាស់មួយរូបដែលតែងការពារក្តីពាក់ព័ន្ធនឹងសិទ្ធិមនុស្ស បានលើកឡើងពីផ្លូវច្បាប់ពាក់ព័ន្ធនឹងករណីនេះថា តុលាការត្រូវកោះហៅជនដៃដល់ដែលជាអ្នកប្រើហិង្សាដើម្បីមកសួរនាំជាមុន មិនមែនហៅអ្នកដែលមិនបានប្រព្រឹត្តមកសួរនោះទេ។
លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រាប់ VOA ថា ដីកាបញ្ជាឲ្យនាំខ្លួនលោក ម៉ន ផល្លា គឺជាការបញ្ជាដែលមិនសមហេតុផល។ លោកបន្ថែមថា តុលាការគួរកោះហៅជនដៃដល់មកសាកសួរជាមុន មុននឹងសម្រេចកោះហៅអ្នកដែលមិនបានស្ថិតក្នុងហេតុការណ៍ផ្ទាល់។
«ជាទូទៅយើងឃើញហើយក្នុងទិដ្ឋភាពករណីផ្នែកនយោបាយបែបនេះ យើងកម្រឃើញមានការរកយុត្តិធម៌ចំពោះភាគីគណបក្សនយោបាយ ដែលជំទាស់ជាមួយហ្នឹងរដ្ឋាភិបាលណាស់»។
រហូតមកដល់ពេលនេះ ក្រុមមន្រ្តី និងអតីតមន្រ្តីជាន់ខ្ពស់ ព្រមទាំងសកម្មជនគណបក្សសង្គ្រោះជាតិជាង២០នាក់ កំពុងរងការឃុំខ្លួន និងចោទប្រកាន់ ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗគ្នា។ គណបក្សជំទាស់ដ៏ធំនៅកម្ពុជាមួយនេះ ហៅសកម្មជន និងមន្រ្តីរបស់ខ្លួនទាំងនោះថាជា «អ្នកទោសនយោបាយ»។
ជាទូទៅ គេមើលឃើញថាតុលាការកម្ពុជាតែងមានចំណាត់ការយ៉ាងឆាប់រហ័សលើបុគ្គលដែលតែងរិះគន់ការដឹកនាំរបស់រដ្ឋាភិបាល ក្នុងនោះរួមមានមន្រ្តី និងសកម្មជនបក្សប្រឆាំង សកម្មជនការពារដីធ្លី សកម្មជនបរិស្ថាន ព្រមទាំងមន្រ្តីសង្គមស៊ីវិលជាដើម។ ចំណាត់ការនោះត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួនរិះគន់ថា តុលាការមិនមានភាពឯករាជ្យ និងជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាច៕