ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ដំបូង​មិន​ដោះ​លែង​​សកម្ម​ជន​នយោបាយ​គណបក្ស​សង្គ្រោះជាតិ


បាតុករ​គាំទ្រ​សម្មជនការពារសិទ្ធិ​​ដីធ្លី និងសកម្មជន​​គណ​បក្ស​​សង្គ្រោះជាតិ​ស្រែក​ទាមទារ​ឲ្យតុលាការ​ដោះ​លែង​​​ពួកគេ។​
បាតុករ​គាំទ្រ​សម្មជនការពារសិទ្ធិ​​ដីធ្លី និងសកម្មជន​​គណ​បក្ស​​សង្គ្រោះជាតិ​ស្រែក​ទាមទារ​ឲ្យតុលាការ​ដោះ​លែង​​​ពួកគេ។​

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​បដិសេធ​មិនឲ្យ​ជន​ជាប់​ចោទ​ដែល​ជា​សកម្ម​ជន ​និង​អ្នក​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ប្រាំរូប​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ទេ។​ ប៉ុន្តែ​គ្រោង​នឹង​នាំពួក​គេ​យក​មក​កាត់​ទោស​ពេញ​អង្គ​សេចក្តី​នៅ​ថ្ងៃ​ទី៨​ខែមករា​ខាង​មុខ​នេះ។​

សេចក្តី​សម្រេចនេះ​ធ្វើ​ឡើង​ដោយ​សំអាង​ថា ​តុលាការ​មិន​ទុកចិត្ត​ថា ​ជនជាប់​ចោទ​នឹង​បង្ហាញ​ខ្លួន ​ដោយ​សំអាង​លើ​អត្ត​ចរិត​ជន​ជាប់​ចោទ​អាច​បង្ក​បទ​ល្មើស​និង​ភាព​វឹកវរ​ដល់​សង្គម។​

សវនាការ​ថ្ងៃ​នេះ​ជា​ផ្នែក​មួយ​នៃ​សវនាការ​ចំនួន​បី​ថ្ងៃ ​ដែល​តុលាការ​ជាន់​ទាប​គ្រោង​កាត់​ទោស​សកម្ម​ជន ​និង​អ្នក​នយោបាយ​គណបក្ស​ជំទាស់​ចំនួន​១១​នាក់​គឺ​សវនាការ​វគ្គ​ទី​១​ផ្តោត​លើ​សំណើ​សុំ​ដោះ​លែង​ក្រៅឃុំ​ និង​សវនាការ​ទី២​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅខែ​ក្រោយ​ នឹង​ផ្តោត​លើ​អង្គ​សេចក្តី។​

អ្នក​គាំទ្រ​នយោបាយ​ទាំង​នេះត្រូវ​ចោទ​ប្រកាន់​ពី​បទ​បាន​ដឹក​នាំ​និង​ចូល​រួម​កុប្បកម្ម​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​និង​ផ្តើម​គំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា។​

បទ​ចោទ​នេះ​ទាក់​ទង​នឹង​អំពើ​ហិង្សានៅ​ទី​លាន​ប្រជា​ធិបតេយ្យ​កាល​ពីពាក់​កណ្តាល​ខែ​កក្កដា​ឆ្នាំ​២០១៤​នេះ។​

ក្នុងចំណោមជន​ជាប់​ចោទ​ទាំង​ប្រាំ​រួម​ ដែល​ស្នើ​សុំ​នៅ​ក្រៅ​ឃុំនោះ​ រួមមាន​លោក​មាជ សុវណ្ណារ៉ា ​ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន ​និង​ជាអតីត​បេក្ខជន​តំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះជាតិ ​លោក​ស៊ុំ​ វុទ្ធី ​លោក​ទេព ណារិន​ លោក​អ៊ុក ពេជ្រ​សំណាង និង​លោក​កែត ឃីន។ ​ ដោយ​ឡែកសកម្ម​ជនប្រាំមួយ​អ្នក​ទៀត​មិន​ត្រូវ​ដាក់​ឲ្យ​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ទេ។​

លោក​ចាន់ ចេន​ មេធាវី​ការ​ពារ​ក្តី​លោក​មាជ សុវណ្ណារ៉ា​ មាន​ប្រសាសន៍​ថា​ ​លោកសោក​ស្តាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក​តាន់ ស៊ុនឡាយ ​ចៅ​ក្រម​តុលាការ​ក្រុង​ភ្នំពេញ​នេះ។​

«បើ​តាម​លក្ខណៈ​សម្បត្តិ​ កូន​ក្តី​ខ្ញុំ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​អាច​នៅ​ក្រៅ​ឃុំ​បាន ​ពី​ព្រោះ​អ្វី​ដែល​គាត់​មាន​បំណង​ចេញ​នោះ​គឺ​គាត់​ចង់​ជួប​ម្តាយ​ចាស់​របស់​គាត់។ ​គាត់​មាន​មុខ​របរ។ ​គាត់​មាន​តួនាទី​ច្បាស់​លាស់​ ហើយ​គាត់​ចង់​ធ្វើ​កិច្ច​ការ​ដើម្បី​បម្រើ​សង្គម​ និង​ដើម្បី​មនុស្ស​ធម៌»។​

លោក​អំ សំអាត ​ប្រធាន​គ្រប់​គ្រង​បច្ចេក​ទេស​ស៊ើប​អង្កេត​របស់អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​ហៅ​ការកាត់​ក្តី​នេះ​ថា ​ជា​ការកាត់​ក្តី​បែប​នយោបាយ។​

«យើង​គិត​ថា​ ជា​សម្ពាធ​នយោ​បាយ ​ដែល​ជា​ការ​រាំង​ស្ទះ​ដល់​ការ​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​ប្រាំ​នៅ​ក្រៅ​ឃុំ»។​

លោក​នី ចរិយា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ យល់​ដូច​គ្នា​នេះ​ដែរ​ថា ការ​សម្រេច​នេះ​ឈរ​លើ​មូលដ្ឋាន​នយោបាយ​ជា​ជាងឈរ​លើ​មូល​ដ្ឋាន​ច្បាប់។​

«ខ្ញុំ​យល់​ថា ​តុលាការ​នៅ​តែ​ទទួល​រង​សម្ពាធ​ខាង​នយោបាយ​ បាន​ជា​មិន​ព្រម​យក​មូល​ដ្ឋាន​ច្បាប់​មក​ធ្វើ​ការ​ដោះ​ស្រាយ»។​

កាល​ពី​ថ្ងៃ​ទី​១២​ខែធ្នូ​នេះ ​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​មាជ សុវណ្ណារ៉ា ​និង​លោក​អ៊ុក ពេជ្រ​សំណាង ​រួច​ម្តង​ហើយ។​ការ​សម្រេចលើក​នេះជា​នីតិវិធី​បន្ថែម​របស់​សាលា​ដំបូង។​ លោក​មាជ សុវណ្ណារ៉ា​ ឆ្លើយ​តប​នឹងអ្នក​កាសែត​កាល​ពី​ព្រឹកមិញនៅ​ក្នុង​អគារ​តុលាការ ដោយផ្អែក​លើ​ហេតុផល​ដូច​គ្នា​នេះ​ដែរ។​

«ជា​រឿង​នយោបាយ​ មិន​មែន​ជា​រឿង​ព្រហ្ម​ទណ្ឌ​ទេ»។​

នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ ក្រុម​ប្រជា​ពលរដ្ឋ​ប្រមាណ​ជិត​១០០​នាក់​ជា​សកម្ម​ជន​នយោបាយ ​និង​ជា​សកម្ម​ជន​ដី​ធ្លី​មួយ​ចំនួន ​បាន​ធ្វើ​ការតវ៉ា​ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​នេះ។​

ក្រុម​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម​នោះ​បាន​ប្រតិកម្ម​ភា្លម​ក្រោយ​ពី​តុលាការ​ប្រកាស​ការ​សម្រេច​របស់​ខ្លួន។​

កាល​ពី​ថ្ងៃ​អង្គារ ​អង្គការឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​សហ​រដ្ឋ​អាមេរិក​ Human Rights Watch ​បានទាមទារ​ឲ្យ​អាជ្ញាធរ​របស់​ប្រទេស​កម្ពុជា​ទម្លាក់​ការ​ចោទ​ប្រកាន់​សកម្មជន​និង​អ្នក​នយោបាយ​ជំទាស់​ទាំង​១១​នាក់ ដោយ​សំអាង​ថា​ ការ​ចោទ​ប្រកាន់​លើ​ពួក​គេ​ជា​ផ្នែក​មួយ​នៃ​មធ្យោបាយ​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ចាប់​ ការ​សំឡុត ​និង​ការ​ប្រើ​អំពើ​ហិង្សា​ដើម្បី​ដាក់​គំនាប​ដល់​អ្នក​នយោបាយ​ប្រឆាំង​ឲ្យ​បញ្ឈប់​ការ​ទាមទារការ​កែ​ទម្រង់ការ​បោះឆ្នោត។​

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​បន្ត​ជជែក​គ្នា​អំពី​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​នេះ​នៅ​ឡើយ៕

XS
SM
MD
LG