សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ បានសម្រេចមិនប្រកាសសាលក្រមដើម្បីបន្តការស៊ើបអង្កេតក្នុងសំណុំរឿងបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ អតីតថៅកែស៊ីម៉ងត៍សញ្ញាត្បូងពេជ្រ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅនឹងកន្លែង មុខហាងលក់ផ្លែឈើមួយក្នុងរាជធានីភ្នំពេញ។ នៅខែមករា ឆ្នាំ២០១៧ តុលាការបានបើកសវនាការជំនុំជម្រះសំណុំរឿងនេះ ដោយចោទថា លោក ថោង សារ៉ាត់ អតីតម្ចាស់សំណង់ ៩៩៩ ជាអ្នកផ្តើមគំនិតនៃការបាញ់សម្លាប់នោះ។ អង្គរក្សរបស់លោក ថោង សារ៉ាត់ ចំនួនបួននាក់ក៏ត្រូវបានចោទប្រកាន់ពីបទសមគំនិត និងបទឃាតកម្មគិតទុកជាមុន ដែលបទល្មើសទាំងនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
រយៈពេលជាង៦ខែ ក្រោយការកំណត់ប្រកាសសាលក្រមកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ តុលាការបានពន្យារពេលប្រកាសសាលក្រមជាច្រើនលើក និងបានសម្រេចកំណត់ថ្ងៃប្រកាសសាជាថ្មី នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ។
ទោះជាយ៉ាងណា លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទនេះបានសម្រេចមិនប្រកាសសាលក្រម ដោយលើកមូលហេតុថា សំណុំរឿងបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ នៅខ្វះសាក្សី និងភស្តុតាងបន្ថែម ដូច្នេះត្រូវបន្តនីតិវិធីស៊ើបអង្កេត ឬហៅថា «សាលក្រមចាត់របៀប»។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ពន្យល់អ្នកសារព័ត៌មានតាមរយៈសារអេឡិចត្រូនិច តេលេក្រាម (Telegram) តាមសម្រង់ន័យដើមថា៖
«សាលក្រមចាត់របៀបជាសេចក្តីសម្រេចរបស់ចៅក្រមជំនុំជម្រះក្រោយពីបញ្ចប់ការពិភាក្សាដេញដោល ការពិនិត្យភស្តុតាងនានា ក្នុងអង្គសវនាការ។ ក្រមនីតិវិធីព្រហ្មទណ្ឌមិនបានកំណត់អំពីរយៈពេលនៃការប្រកាសសាលក្រមនោះឡើយ ដោយអាស្រ័យទៅតាមសំណុំរឿងនីមួយៗដែលត្រូវការពេលវេលាសម្រាប់ការពិចារណា និងសម្រេចសេចក្តីឲ្យបានត្រឹមត្រូវ ហើយចៅក្រមជំនុំជម្រះមានសិទ្ធិក្នុងការសម្រេចចាត់របៀប បើយល់ឃើញថា រឿងក្តីនេះមិនទាន់អាចសម្រេចសេចក្តីបាននៅឡើយ»។
ក្រៅពីបទល្មើសពាក់ព័ន្ធនឹងឃាតកម្មគិតទុកជាមុន ដែលតុលាការប្រកាសបន្តការស៊ើបអង្កេតនេះ តុលាការកាលពីខែមិថុនា ឆ្នាំ២០១៦ បានសម្រេចកាត់ទោសឲ្យលោកថោង សារ៉ាត់ឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ ៦ខែ ពីបទ «លាក់ទុកអាវុធខុសច្បាប់»។ តុលាការក៏បានផ្តន្ទាទោសឪពុកម្តាយ និងអង្គរក្សផ្ទាល់របស់លោក ថោង សារ៉ាត់ ម្នាក់ៗឲ្យជាប់ពន្ធនាគារ២ឆ្នាំ ហើយពិន័យជាប្រាក់ម្នាក់ ៦លានរៀលពីបទល្មើសដូចគ្នា៕