កាលពីចុងខែតុលាឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជាបានប្រកាសបង្កើតកងអន្តរាគមន៍មួយប្រចាំនៅខេត្តស្ទឹងត្រែងជាប់នឹងព្រំដែនឡាវ ដែលមានទាហានទៅដល់ជាង៣ពាន់នាក់។ ការបង្កើតនេះធ្វើឡើងតាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺពីរខែបន្ទាប់ពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសឡាវ។
លោក ហ៊ុន សែនបានប្រកាសកាលពីខែសីហាថា ការបង្កើតកងទ័ពនេះមិនមែនធ្វើឡើងក្នុងគោលបំណងបង្កើតសង្រ្គាមជាមួយប្រទេសឡាវនោះទេ គឺដើម្បីការពារប្រទេសជាតិ និងប្រជាជន។
លោក ហ៊ុន សែន បានលើកឡើងថា៖
«ការរៀបចំទាំងអស់មិនសំដៅធ្វើសង្រ្គាមជាមួយប្រទេសជិតខាងនោះទេ តែសំដៅលើកិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង»។
អំឡុងពេលសម្ពោធការបង្កើតកងអន្តរាគមន៍នោះ កាលពីចុងខែតុលា រដ្ឋមន្រ្តីក្រសួងការពារជាតិគឺលោក ទៀ បាញ់បានថ្លែងថា ការបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ធ្វើឡើងក្នុងគោលបំណងពង្រឹងខឿនការពារជាតិ និងការពារប្រជាជន បង្កើនកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិឲ្យបានកាន់តែរឹងមាំ ខ្លាំងក្លាថែមទៀត។
ទន្ទឹមនឹងនោះ លោកក៏បានបញ្ជាឲ្យទាហាន នគរបាល និងអាជ្ញាធរទាំងអស់ត្រៀមខ្លួន ចាត់វិធានការប្រឆាំងនឹងចលនាទាំងឡាយណា ដែលទាមទារឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការចោទប្រកាន់ថា ក្បត់ជាតិ ធ្វើគម្រោងផ្តួលរំលំរដ្ឋាភិបាល។
លោកបានថ្លែងថា៖
«គ្រប់ទិសទី គ្រប់កន្លែងទាំងអស់ ឲ្យតែមានចលនា បើមានចលនាមួយទាមទារដោះលែងកឹម សុខា គឺថា ភ្លាម! មិនបាច់ទៅសុំយោបល់ថ្នាក់លើទេ»។
ការបង្កើតកងពលនេះគឺ ធ្វើឡើងបន្ទាប់ពីជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងឡាវ បានកើតឡើងកាលពីខែសីហា ខណៈទាហានឡាវប្រមាណ៣០នាក់បានឆ្លងចូលមកចំណុចនៃទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង និងបានឈរជើងនៅចំណុចមួយដែលកម្ពុជាបានអះអាងថា ជាអធិបតេយ្យភាពកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានដាក់ឱសានវាទ៦ថ្ងៃ ឲ្យប្រទេសឡាវដកកងទ័ព ដែលឈរជើងនៅទីនោះ។ មួយថ្ងៃបន្ទាប់ លោកបានធ្វើដំណើរទៅកាន់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ហើយកិច្ចព្រមព្រៀងមួយត្រូវបានបង្កើតឡើង។ រដ្ឋាភិបាលប្រទេសឡាវបានសម្រេចដកកងទ័ពចេញ ហើយកម្ពុជាក៏បានបញ្ជាឲ្យកងទ័ពដែលបានបញ្ជូនទៅព្រំដែនឡាវនោះ ត្រូវចូលទីតាំងដើមវិញ។
លោក ហ៊ុន សែន បានចាត់ទុកកិច្ចព្រមព្រៀងនេះថា ជាការសម្របសម្រួល ដែលជាជោគជ័យធំធេងមួយសម្រាប់ភាគីទាំងពីរ។
លោក Paul Chambers ជាសាស្រ្តាចារ្យ និងជាទីប្រឹក្សាស្តីពីបញ្ហាអន្តរជាតិនៃសាកលវិទ្យាល័យ Naresuan ក្នុងប្រទេសថៃ បានថ្លែងប្រាប់ VOA ថា លោក ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៅតែខ្លាំង និងមានប្រជាប្រិយភាពសម្រាប់ទាហានរបស់កម្ពុជា ដោយសារលោកបានបង្ហាញនូវតួនាទីគាំទ្រយ៉ាងខ្លាំងមួយនៅក្នុងការការពារកម្ពុជា និងក្នុងការដឹកនាំកងកម្លាំងខេមរភូមិន្ទ។ លោកបន្ថែមថា តាមរយៈដំណោះស្រាយព្រំដែនជាមួយប្រទេសឡាវ លោក ហ៊ុន សែនចង់បង្ហាញទៅសាធារណជនថា លោកនៅតែជាអ្នកការពារនៃអធិបតេយ្យភាពកម្ពុជា។ ដូច្នេះលោកចង់ធានាជាសាធារណៈថា ព្រំដែនជាមួយប្រទេសឡាវគឺ ត្រូវបានបោះបង្គោលព្រំដែន ដោយឈរលើផលប្រយោជន៍កម្ពុជា។
លោក Paul Chambers បានប្រាប់ VOA តាមរយៈអ៊ីមែល ឬសារអេឡិចត្រូនិកថា៖«វិធីសាស្រ្តនេះប្រហែលជាបង្កើនមនោសញ្ចេតនាជាតិនិយមក្នុងចំណោមប្រជាជនកម្ពុជា ហើយនេះអាចមានប្រយោជន៍សម្រាប់លោក ហ៊ុន សែន មុនការបោះឆ្នោតសាកលឆ្នាំ២០១៨នៅកម្ពុជា»។
នៅក្នុងការកាន់អំណាចជាង៣០ឆ្នាំមកនេះ លោក ហ៊ុន សែន តែងតែសង្កត់ធ្ងន់នូវស្នាដៃរបស់លោកក្នុងការកសាងសន្តិភាព និងរក្សាស្ថិរភាពនៅក្នុងប្រទេសដោយគណបក្សប្រជាជនកម្ពុជា។ នយោបាយឈ្នះឈ្នះត្រូវបានលោក ហ៊ុន សែន អតីតទាហានខ្មែរក្រហម លើកឡើងជាបន្តបន្ទាប់ ក្នុងការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការធ្វើសមាហរណកម្មខ្មែរក្រហមដោយសន្តិភាព។
លោក ហ៊ុន សែនក៏បានព្រមានជាបន្តបន្ទាប់ថា កម្ពុជានឹងអាចកើតមានសង្រ្គាមដូចសម័យប៉ុល ពត ដោយសារចលនារបស់គណបក្សសង្រ្គោះជាតិ។
បញ្ហាព្រំដែនជាមួយប្រទេសឡាវបានកើតឡើង ខណៈស្ថានភាពនយោបាយកម្ពុជាកំពុងឡើងកំដៅ ក្នុងនោះមានការបិទអង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការចាប់មេដឹកនាំគណបក្សប្រឆាំង និងការព្រមានរំលាយគណបក្សសង្រ្គោះជាតិនាពេលខាងមុខ។
លោក Paul Chambers សាស្រ្តាចារ្យស្តីអំពីបញ្ហាអន្តរជាតិ មានប្រសាសន៍ថា៖
«ខ្ញុំគិតថា មានទំនាក់ទំនងគ្នារវាងភាពតានតឹងជាមួយប្រទេសឡាវ និងតម្រូវការសម្រាប់លោក ហ៊ុន សែន ដើម្បីស្វែងរកការគាំទ្រ ដែលមានប្រជាប្រិយភាព ខណៈការបោះឆ្នោតឆ្នាំ២០១៨ ខិតជិតមកដល់។ ក្រៅពីនេះ ឡាវមិនមែនជាប្រទេសដែលគំរាមកំហែងកម្ពុជាទេ ប្រសិនបើរដ្ឋាភិបាលក្រុងវៀងច័ន្ទពិតជាមានភាពអាក់អន់ចិត្តជាមួយលោក ហ៊ុន សែន»។
ក្នុងពេលជម្លោះព្រំដែនឡាវត្រូវបានដោះស្រាយដោយលោក ហ៊ុន សែននោះ គណបក្សប្រជាជនកម្ពុជាបានចេញលិខិតមួយច្បាប់ ដោយណែនាំឲ្យមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ គាំទ្រលោក ហ៊ុន សែន ក្នុងការរកដំណោះស្រាយជាមួយប្រទេសឡាវ។ យោងតាមលិខិតនោះ គណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្សប្រជាជនកម្ពុជាបានបញ្ជាឲ្យមន្រ្តីនៅទូទាំងប្រទេស រួមមានកងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន ព្រះសង្ឃ អ្នកជំនួញ សិស្សនិស្សិត និងអង្គការសង្គមស៊ីវិលចេញសេចក្តីថ្លែងការណ៍គាំទ្រលោក ហ៊ុន សែន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាគឺលោក សុខ ឥសាន បាននិយាយថា នេះជារឿងធម្មតាទេ ដែលថ្នាក់ក្រោមត្រូវគាំទ្រចំណាត់ការរបស់ថ្នាក់លើ។ លោកមានប្រសាសន៍ថា៖
«ខ្ញុំយល់ថា អាហ្នឹងជាវប្បធម៌ធម្មតាទេ។ គណបក្សប្រជាជនកម្ពុជា ឲ្យតែមេខាងលើនិយាយម៉េច កូនខាងក្រោយគឺអនុវត្តតាមហើយ។ បានសេចក្តីថា គណបក្សប្រជាជនកម្ពុជាជាគណបក្សដែលមានវិន័យ រឹងមាំ សាមគ្គី ឯកភាពផ្ទៃក្នុងរឹងមាំ»។
លោក សុខ ឥសាន ក៏បានបដិសេធការរិះគន់ថា ដំណោះស្រាយព្រំដែនជាមួយប្រទេសឡាវគឺ ដើម្បីទទួលប្រជាប្រិយភាពពីកងទ័ព និងប្រជាជន។
លោកមានប្រសាសន៍ថា៖
«ក៏ប៉ុន្តែយើងធ្វើ មិនមែនធ្វើដើម្បីអាហ្នឹងទេ។ យើងធ្វើដើម្បីការពារបូរណភាពទឹកដីរបស់យើង»។
បញ្ហាព្រំដែនជាមួយប្រទេសឡាវនាំឲ្យមានការចាប់ខ្លួនមេដឹកនាំគណបក្សអំណាចខ្មែរ គឺលោក សួន សេរីរដ្ឋា ដែលបានបង្ហោះសារលើប្រព័ន្ធសង្គមហ្វេសប៊ុក ដោយលោកបានប្រើពាក្យថា៖
«មេទ័ពចោរនឹងឡើងបុណ្យស័ក្តិ បានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង»។
លោក ហ៊ុន សែន បានចាត់ទុកថា នេះជាការប្រមាថដល់កងទ័ព និងព្រមានចាប់ខ្លួនអ្នករិះគន់បន្តទៀត។ លោកក៏បានព្រមានចាប់ខ្លួនអ្នកអត្ថាធិប្បាយដែលនិយាយថា គណបក្សប្រជាជនកម្ពុជាចង់បានសំឡេងឆ្នោតតាមរយៈដំណោះស្រាយជម្លោះជាមួយប្រទេសឡាវ។
លោកមានប្រសាសន៍ថា៖
«តើនេះជាវិធីរកសន្លឹកឆ្នោតឬអី? អ្នកណាធ្វើអត្ថាធិប្បាយលើរឿងនេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ អ្នកឯងមិនអាចប្រមាថអ្វី ដែលគេឈ្លានពានហើយ អ្នកឯងចាត់ទុកថា ជាវិធីដើម្បីគណបក្សប្រជាជនរកសំឡេងឆ្នោត។ យើងមិនអាចទទួលយកបានទេអាកន្លែងនេះ។ សូមព្រមានអ្នកធ្វើអត្ថាធិប្បាយទាំងឡាយ»។
លោក ហ៊ុន សែន ក៏បានប្រៀបធៀបជម្លោះព្រំដែនជាមួយឡាវទៅនឹងជម្លោះព្រំដែនជាមួយប្រទេសថៃ កាលពីចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ទាក់ទងនឹងដីជុំវិញប្រាសាទព្រះវិហារ ដែលបណ្តាលឲ្យកងទ័ពមួយចំនួននៃប្រទេសទាំងពីរបានស្លាប់។ លោក ហ៊ុន សែន បានលើកឡើងថា ជម្លោះព្រំដែនជាមួយប្រទេសថៃ លោកបានព្យាយាមទប់ស្ថានភាពឲ្យនៅហ្នឹង ដើម្បីកម្ពុជាអាចដំណើរការបោះឆ្នោតបាន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាគឺលោក សុខ ឥសាន មានប្រសាសន៍ថា លោក ហ៊ុន សែន មានភាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហាព្រំដែន។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីគឺលោក ផៃ ស៊ីផានមានប្រសាសន៍ថា កម្ពុជាចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការចរចាទ្វេភាគី ដោយផ្អែកលើភស្តុតាងប្រវត្តិសាស្រ្ត និងកិច្ចព្រមព្រៀងរវាងប្រទេស និងប្រទេស។
អ្នកវិភាគនយោបាយគឺលោក សូ ចន្ថា មានប្រសាសន៍ថា បញ្ហាព្រំដែននៅតែជារឿងរសើបសម្រាប់ពលរដ្ឋខ្មែរ ហើយដំណោះស្រាយមិនមានតម្លាភាពទេ បើមិនមានការចូលរួមពីអ្នកឃ្លាំមើលនានា។ លោកមានប្រសាសន៍ថា ដំណោះស្រាយជម្លោះព្រំដែនជាមួយប្រទេសឡាវបង្ហាញថា លោក ហ៊ុន សែន នៅតែខ្លាំង អាចដោះស្រាយបញ្ហាបាន។
លោកមានប្រសាសន៍ថា៖
«ការដោះស្រាយបញ្ហាព្រំដែនអាចជាសារមួយដែលបង្ហាញថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែននៅតែមានឥទ្ធិពល ហើយជាបុរសខ្លាំង ដែលអាចដោះស្រាយបញ្ហាបានគ្រប់ជំពូកទាំងអស់»។
ទោះជាយ៉ាងណា លោកកត់សម្គាល់ថា ការចាប់អារម្មណ៍ និងការយកចិត្តទុកដាក់នឹងបញ្ហាព្រំដែន តែងតែកើតមាននៅពេលជិតបោះឆ្នោតម្តងៗ ដែលលោកយល់ថា នេះជារឿងនយោបាយច្រើនជាង៕