ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យូណេស្កូ​​ដាក់​បញ្ចូល​​បាត់ដំបង​ជា​ទី​ក្រុង​ច្នៃ​ប្រឌិត​ម្ហូប​អាហារ​ដំបូង​គេ​នៅ​​កម្ពុជា


រូបឯកសារ៖ អ្នកលក់ណែមតាមផ្លូវនៅខេត្តបាត់ដំបង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០។
រូបឯកសារ៖ អ្នកលក់ណែមតាមផ្លូវនៅខេត្តបាត់ដំបង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០។

ក្នុង​ទិវា​ទីក្រុង​ពិភព​លោកលើកទី​៩​ អង្គការ​យូណេស្កូ​បាន​ដាក់​បញ្ចូល​ទីក្រុង​បាត់ដំបង​ ជាទីក្រុង​ច្នៃ​ប្រឌិត​ផ្នែក​ម្ហូប​អាហារដំបូង​គេ​ក្នុង​ចំណោម​ក្រុង​នានា​នៅ​កម្ពុជា​។​

យោង​តាម​សេចក្តីប្រកាស​ព័ត៌មានរបស់​អង្គការ​យូណេស្កូ​ចេញ​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៣ បង្ហាញ​ថា ទីក្រុង​បាត់​ដំបងត្រូវ​បាន​ដាក់​បញ្ចូល​ជា​បណ្ដាញ​ទីក្រុង​ច្នៃ​ប្រឌិត​មួយ​ក្នុង​ចំណោម​ទីក្រុង៥៤​នៅ​បណ្ដា​ប្រទេសផ្សេង​ទៀត​លើ​ពិភពលោក។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​ថា៖ «ការដាក់​បញ្ចូល​ខេត្ត​បាត់ដំបង​ជា​ទីក្រុង​ច្នៃប្រឌិត​របស់​អង្គការ​យូណេស្កូ​ក្នុង​ប្រភេទ​វិស័យ​ម្ហូបអាហារ​មិនត្រឹមតែ​បង្ហាញ​ពី​មុខម្ហូប​ដ៏​ពិសេស​របស់​ខ្លួនប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វាថែម​ទាំង​មាន​ឥទ្ធិពល​លើ​វិស័យ​ម្ហូបអាហារ​ដើម្បី​បង្កើន​ការអភិវឌ្ឍ​ក្នុង​ស្រុក​ និង​ការផ្លាស់​ប្តូរ​វប្បធម៌​ពិភព​លោក​ផង​ដែរ​។​ នេះ​បើយោង​តាម​ការចុះ​ផ្សាយ​របស់​អង្គការ​យូណេស្កូ​»។

មុខម្ហូប​ល្បី​ប្រចាំ​ខេត្ត​បាត់ដំបង​រួមមាន ណែម​បាត់ដំបង ប្រហុក​បាត់ដំបង អាម៉ុក​បាត់ដំបង ក្រឡាន​បាត់ដំបង សង្វាក់​បាត់ដំបង បុកល្ហុង​បាត់ដំបង កន្ទុយ​ហេស​បាត់ដំបង អង្ករ​សំរូប​បាត់ដំបង​។ ​ ​បើតាមអង្គការ​យូណេស្កូ​ គិត​មក​ដល់ពេល​នេះ ទីក្រុង​ដែល​ជា​ទីក្រុង​ច្នៃ​ប្រឌិត​របស់​អង្គការ​យូណេស្កូ​ មាន​ចំនួន​៣៥០​ទីក្រុង​ ក្នុង​បណ្ដា​ប្រទេស​ជាង​១០០។

ទីក្រុង​ទាំង​នោះតំណាង​ឱ្យ​វិស័យ​ច្នៃ​ប្រឌិត​ចំនួន​ប្រាំពីរ​រួមមាន​ សិប្បកម្ម និង​សិល្បៈ​ប្រជាប្រិយ​ ការរចនា​ ភាពយន្ត​ ម្ហូបអាហារ​ អក្សរសាស្ត្រ​ សិល្បៈ​ និងប្រព័ន្ធ​ផ្សព្វផ្សាយ​ និងតន្ត្រី​៕

XS
SM
MD
LG