ប៉ូលិសនៅក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិកបានកំណត់អត្តសញ្ញាណជនឈ្មោះ Stephen Paddock អាយុ៦៤ឆ្នាំ មកពីក្រុង Mesquite រដ្ឋ Nevada ថាជាខ្មាន់កាំភ្លើងនៅក្នុងបាញ់ប្រហាររង្គាលដ៏ប្រល័យបំផុតនៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់អាមេរិក។
អាជ្ញាធរជឿថា ជន Paddock នេះ បានបាញ់រះទៅលើហ្វូងមនុស្សចំនួន២២០០០នាក់ ដែលបានចូលរួមមើលការប្រគុំតន្ត្រីកណ្តាលវាលមួយ និងបានសម្លាប់មនុស្សអស់ចំនួន៥៨នាក់ និងធ្វើឲ្យរបួសរាប់រយនាក់ទៀត មុនពេលដែលរូបគេបានសម្លាប់ខ្លួនឯង នៅក្នុងបន្ទប់សណ្ឋាគារមួយ ដែលអាចមើលឃើញកន្លែងប្រគុំតន្ត្រីទាំងមូលនោះបាន។
កាំភ្លើងយ៉ាងហោចណាស់ចំនួន១០គ្រឿងត្រូវបានរកឃើញនៅក្នុងបន្ទប់របស់ជននោះនៅជាន់ទី៣២ នៃរមណីយដ្ឋាន Mandalay Bay។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលិស។ ជននេះបានចូលស្នាក់នៅក្នុងសណ្ឋាគារនោះកាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមអាជ្ញាធរ។
មូលហេតុនៃការបាញ់ប្រហារដ៏ប្រល័យនេះនៅមិនទាន់ដឹងនៅឡើយទេ។ ប៉ូលិសនិយាយថា ជន Paddock នេះ មិនមានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋអ្វីនោះទេ។ ប៉ូលិសFBI បានបន្ថែមថា ជននេះគ្មានការពាក់ព័ន្ធនឹងក្រុមភេរវកម្មអន្តរជាតិណាមួយនោះទេ។ ចំណែកឯក្រុមរដ្ឋឥស្លាមបានអះអាងថាការវាយប្រហារនេះគឺជាស្នាដៃរបស់ខ្លួន ប៉ុន្តែមិនបានផ្តល់ភស្តុតាងអ្វីចំពោះការអះអាងនេះនោះទេ។
លោក Eric Paddock ដែលបងប្អូនប្រុសរបស់ជនសង្ស័យបានប្រាប់កាសែត Washington Post ថា «យើងមិនដឹងអ្វីទាំងអស់។ វាដូចជាអ្នកប្រាប់ខ្ញុំថា ផ្កាយព្រះគោនៅចន្លោះផ្កាយអង្គារនិងផ្កាយព្រហស្បតិ៍អញ្ចឹង។ វាមិនសមទាល់តែសោះ គ្មានមូលហេតុណាមួយដែលគេធ្វើដូច្នេះនោះទេ។ គេគ្រាន់តែជាមនុស្សដែលចូលចិត្តលេងវីដេអូហ្គេម ជិះកប៉ាល់ដើរលេង និងញ៉ាំ burrito នៅ Taco Bell ប៉ុណ្ណោះ។ គេគ្មានពាក់ព័ន្ធនឹងនយោបាយអ្វីនោះទេ តាមដែលខ្ញុំដឹង។ ហើយក៏មិនពាក់ព័ន្ធនឹងសាសនាអ្វីដែរ តាមដែលយើងដឹងមក»។
អ្នកជិតខាងនៅក្នុងរដ្ឋ Nevada បានពណ៌នាជន Paddock ដែលបានចូលនិវត្តន៍ហើយនេះ និងរស់នៅក្នុងក្រុងមួយដែលស្ថិតនៅចម្ងាយ១៣០គីឡូម៉ែត្រពីទីក្រុង Las Vegas ថាជាមនុស្សញៀនល្បែង និងរស់នៅជាមួយនឹងមិត្តស្រីរបស់គេ ឈ្មោះ Marilou Danley។
អាជ្ញាធរពីដំបូងឡើយបាននិយាយថា ពួកគេកំពុងតែស្វែងរកនាង Danley នៅក្នុងការស៊ើបអង្កេតនេះ។ ក្រោយមកពួកគេនិយាយថា នាងត្រូវបានរកឃើញ ហើយកំពុងស្ថិតនៅក្នុងការឃុំខ្លួនរបស់ប៉ូលិស ប៉ុន្តែប៉ូលិសជឿថា នាងមិនពាក់ព័ន្ធនឹងការបាញ់ប្រហារនេះនោះទេ៕