ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ក្រុង​ភ្នំពេញ​ហាម​ប្រាម​ការ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​នៅ​តាម​ទីតាំង​មួយ​ចំនួន


រូបឯកសារ៖ អ្នក​គាំទ្រ​គណបក្ស​កាន់អំណាច​បាន​ចូលរួម​ធ្វើការ​ឃោសនាបោះឆ្នោតឃុំសង្កាត់ នៅ​ភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២។
រូបឯកសារ៖ អ្នក​គាំទ្រ​គណបក្ស​កាន់អំណាច​បាន​ចូលរួម​ធ្វើការ​ឃោសនាបោះឆ្នោតឃុំសង្កាត់ នៅ​ភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២។

លោក ម៉េត មាសភក្តី អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ប្រាប់ VOA នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា ក្នុង​លិខិត​ដែល​សាលា​រាជធានី​ដាក់​ជូន​ទៅ​​គណៈ​កម្មការ​រៀប​ចំការ​បោះ​ឆ្នោត​រាជធានី​ភ្នំពេញ​ នឹង​ហាម​រាល់​ការ​ជួបជុំ​ដើម្បី​ហែក្បួន​នៅ​ទី​តាំង​ដែល​បាន​បញ្ជាក់​ដោយ​មិន​កំណត់​ពី​ពេល​វេលា ឬ​ថ្ងៃ​ចុង​សប្តាហ៍​នោះ​ទេ។

សាលា​រាជធានី​ភ្នំពេញ​ បាន​ផ្ញើ​លិខិត​ទៅ​គណៈ​កម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​រាជ​ធានីភ្នំពេញ ឲ្យណែនាំ​គណបក្ស​នយោបាយ​ទាំងអស់ ​បញ្ចៀស​ការ​ប្រមូល​ផ្តុំ​ដង្ហែ​ក្បួន​ឃោសនា​តាម​ផ្លូវ​និង​ទី​តាំង​សំខាន់ៗ​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ខាង​មុខ។ ​គណ​បក្ស​ប្រឆាំង ​និង​អ្នកឃ្លាំ​មើល​ការ​បោះ​ឆ្នោត ​បាន​រិះ​គន់​លើ​ការ​ហាម​ប្រាម​នេះ​ ថា​ជា​ការ​ប្រើ​ប្រាស់​សិទ្ធិ​អំណាច​រំលោភ​លើ​ច្បាប់។

គណ​បក្ស​ប្រឆាំងដ៏​ធំ​នៅ​កម្ពុជា​លើកឡើង​ថា​ ការហាម​គណបក្ស​នយោបាយ​មិន​ឲ្យ​ឃោស​នា ហែក្បួន​នៅ​តាម​បណ្តា​ផ្លូវ ​និង​ទី​ប្រជុំ​ជន ដែល​មមា​ញឹក​ គឺ​ជា​ការ​រំលោភ​ច្បាប់ ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ។

កាលពី​ថ្ងៃទី​២៨ ខែ​មេសា​នេះ​ សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​មួយ​ច្បាប់​ជូន​ទៅ​លោក មាស ឆពណ្ណ ប្រធាន​គណៈ​កម្មការ​រៀប​ចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ​ ឲ្យ​ណែនាំ​ដល់​គណបក្ស​នយោបាយ​ទាំងអស់ បញ្ចៀស​ការ​ប្រមូល​ផ្តុំ​ដង្ហែ​ក្បួន​ឃោសនា​តាម​ផ្លូវ​ និង​ទីតាំង​សាធារណៈ​ធំៗ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី៤ ចាប់​ពី​ថ្ងៃ​ទី២០ ខែ​ឧសភា ដល់​ថ្ងៃ​ទី២ ខែ​មិថុនា ឆ្នាំ​២០១៧​ខាង​មុខ។

ក្នុង​លិខិត​នោះ​បញ្ជាក់​ថា ការ​ហាម​ឃាត់​មិន​ឲ្យ​ប្រមូល​ផ្តុំ​ដង្ហែ​ក្បួន​តាមទី​តាំង​ទាំង​នោះ គឺ​ដើម្បី​ធា​នា​បាន​សន្តិ​សុខ សុវត្ថិភាព​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ និង​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍ ដែល​រំខាន​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ក៏​ដូចជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ។

រូបឯកសារ៖ ព្រះសង្ឃ​ដាក់​សន្លឹកឆ្នោត​ចូល​ក្នុងហិបនៅ​ស្ថានីយ៍​បោះឆ្នោត​មួយកន្លែង​នៅ​វត្តថាន់ក្នុង​ក្រុង​ភ្នំពេញ កាល​ពីថ្ងៃអាទិត្យ ទី៣ ខែមិថុនា ២០១២។
រូបឯកសារ៖ ព្រះសង្ឃ​ដាក់​សន្លឹកឆ្នោត​ចូល​ក្នុងហិបនៅ​ស្ថានីយ៍​បោះឆ្នោត​មួយកន្លែង​នៅ​វត្តថាន់ក្នុង​ក្រុង​ភ្នំពេញ កាល​ពីថ្ងៃអាទិត្យ ទី៣ ខែមិថុនា ២០១២។

លោក ម៉េត មាសភក្តី អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ប្រាប់ VOA នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា ក្នុង​លិខិត​ដែល​សាលា​រាជធានី​ដាក់​ជូន​ទៅគណៈ​កម្មការ​រៀប​ចំការ​បោះ​ឆ្នោត​រាជធានី​ភ្នំពេញ​ នឹង​ហាម​រាល់​ការ​ជួបជុំ​ដើម្បី​ហែក្បួន​នៅ​ទី​តាំង​ដែល​បាន​បញ្ជាក់​ដោយ​មិន​កំណត់​ពី​ពេល​វេលា ឬ​ថ្ងៃ​ចុង​សប្តាហ៍​នោះ​ទេ។

«អត្ថន័យ​ដែល​យើង​ធ្វើ​លិខិត​ហ្នឹង​ គឺ​ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍ អញ្ចឹង​សូម្បី​តែ​ថ្ងៃ​សៅរ៍​អាទិត្យ​ហ្នឹង​ ក៏​រឹត​តែ​មាន​ការ​កកស្ទះ​ចរាចរណ៍​ជាង​ថ្ងៃ​ធម្មតា​ទៅ​ទៀត។ អញ្ចឹង​លិខិត​របស់​យើង​ គឺ​គ្រប​ដណ្តប់​ពេញ​មួយ​ក្នុង​យុទ្ធនាការ​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​តែ​ម្តង»។

លោក មាស ឆពណ្ណ ប្រធាន​គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ ប្រាប់ VOA ថា ក្រុម​ការងារ​របស់​លោក​ នឹង​ជួប​ប្រជុំ​គ្នា​នៅ​សប្តាហ៍​ក្រោយ ដើម្បី​ពិចារណា​ និង​សម្រេច​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ​វិញ។

លិខិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំណត់​ថា​ ផ្លូវ​ដែល​ត្រូវ​ជៀសវាង​ក្នុង​ការ​ហែក្បួន​រួម​មាន កំណាត់​មហា​វិថី​ព្រះ​នរោត្តម កំណាត់​មហាវិធី​សហព័ន្ធ​រុស្ស៊ី កំណាត់​មហាវិថី​ព្រះមុនីវង្ស កំណាត់​មហាវិថី​ម៉ៅ​សេ​ទុង កំណាត់​ផ្លូវ​ទេពផន កំណាត់​វិថី​សុធារស មហាវិថី​ព្រះ​សុរាម្រិត​ និង​ផ្លូវ​ជុំវិញ​ព្រះ​បរម​រាជ​វាំង។

ចំណែក​ទី​ប្រជុំ​ជន​ដែល​ត្រូវ​ជៀសវាង​ការ​ប្រមូល​ផ្តុំ​ហែ​ក្បួន​មាន​ ផ្លូវ​ជុំវិញ​ផ្សារ​ធំថ្មី ផ្លូវ​ជុំវិញ​ផ្សារ​អូរឫស្សី ផ្សារ​អូឡាំពិក ផ្សារ​ទួលទំពូង ផ្សារ​ដេប៉ូ​ និង​ផ្លូវ​ជុំវិញ​ផ្សារ​ដើម​គរ។

នៅ​តាម​ទី​សាធារណៈ​ គណបក្ស​នយោបាយ​ត្រូវ​ចៀសវាង​ការ​ប្រមូល​ផ្តុំ​នៅ​តាម​សួន​ព្រះ​បរម​រាជ​វាំង ទីធ្លា​ព្រះ​មេរុ សួន​មុខ​វត្ត​បទុមវត្តី ទីតាំង​វិមាន​ឯករាជ្យ​និង​សួន​ច្បារ​វិមាន​ឯករាជ្យ​ទាំងមូល ទីធ្លា​រូប​សំណាក​លោក​យាយ​ពេញ សួនច្បារ​អ្នក​ភិរម្យ​អ៊ូ ហៅ​ង៉ុយ និង​សួនច្បារ​សម្តេច ហ៊ុន សែន។

រូបឯកសារ៖ លោកស្រី មូរ សុខហួរ​ អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិថត​នៅ​ក្រោយ​បទ​សម្ភាសន៍​មួយ​នៅការិយាល័យ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី១០ ខែ​មីនា ឆ្នាំ​២០១៦។ (សឹង សុផាត/VOA)
រូបឯកសារ៖ លោកស្រី មូរ សុខហួរ​ អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិថត​នៅ​ក្រោយ​បទ​សម្ភាសន៍​មួយ​នៅការិយាល័យ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី១០ ខែ​មីនា ឆ្នាំ​២០១៦។ (សឹង សុផាត/VOA)

លោកស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ប្រាប់​ VOA ថា ទីតាំង​ដែល​សាលា​រាជ​ធានី​ហាម​ឃាត់ ​គឺ​ជា​ទីតាំង​សំខាន់​សម្រាប់ការ​ហែក្បួន​ និង​ឃោសនា របស់​គណបក្ស​នយោ​បាយ​នីមួយៗ ផ្សព្វ​ផ្សាយ​ឲ្យ​ម្ចាស់​ឆ្នោត​បាន​ដឹង​ និង​ស្គាល់​ ដើម្បី​រួម​ចំណែក​ក្នុងការ​សម្រេច​ចិត្ត​ទៅ​បោះ​ឆ្នោត។ លោកស្រី​បន្ថែមថា ​ការ​ហាម​មិន​ឲ្យ​ហែក្បួន​ឃោសនា​តាម​ផ្លូវ ​និង​ទី​ប្រជុំ​ជន​ទាំង​នោះ​ គឺជា​ការហាម​ឃាត់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​គោល​ការណ៍​នៃ​ការ​ឃោសនា​ដោយ​សេរី​ និង​យុត្តិធម៌។

«ការ​ហាម​ចេញ​ពី​សាលា​រាជធានី​ភ្នំពេញ គឺ​ជា​ការ​ហាម​ប្រាម​មួយ​ដែល​ផ្ទុយ​នឹង​ច្បាប់​ដែល​មាន​ជា​ធរមាន​ទៅ​ហើយ។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា លោក​អភិបាល​ក្រុង​ នឹង​ពិចារណា​វិញ ហើយ​ខ្ញុំ​សង្ឃឹម​ថា គ.ជ.ប នឹង​ធ្វើ​ការ​ជជែក​ជាមួយ​នឹង​លោក​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​អ្នក​ម្ចាស់​ឆ្នោត​លោក​ទទួល​បាន​នូវ​ព័ត៌មាន​ ដើម្បី​សេចក្តី​សម្រេច​របស់​ម្ចាស់​ឆ្នោត​នៅ​ថ្ងៃ​បោះ​ឆ្នោត»។

ការ​បោះ​ឆ្នោត​ជាច្រើន​អាណត្តិ​កន្លង​មក គេ​ឃើញ​ថា រាជ​ធានីភ្នំពេញ​ ជា​មណ្ឌល​ដែល​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ខ្លាំង​រវាង​គណ​បក្ស​កាន់​អំណាច​ និង​គណ​បក្ស​ប្រឆាំង។ គណ​បក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​ឈ្នះ​ក្នុង​មណ្ឌល ​ដែល​ជា​បេះដូង​នៃ​កម្ពុជា​នេះ​តែ​ម្តង​គត់ គឺ​កាលពី​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​អាណត្តិ​ទី​៤។

លោក យឿង សុធារ៉ា មន្រ្តី​ច្បាប់​និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ​លើកឡើង​ថា ផ្លូវ​និង​ទីតាំង​ដែល​សាលា​រាជ​ធានី​បាន​ហាមប្រាម​ គឺ​សុទ្ធ​សឹង​ជា​ទីប្រជុំ​ជន​សំខាន់​សម្រាប់​ការ​ឃោស​នារបស់គណបក្ស​នីមួយៗ។ លោក​បន្ថែម​ថា អាជ្ញាធរ​គួរ​តែ​ថ្លឹងថ្លែង​រវាង​ផល​ប្រយោជន៍​សង្គម​ប្រជា​ធិប​តេយ្យ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ ជា​ជាង​ហាម​មិន​ឲ្យ​ឃោសនា​ពេញ​មួយ​រដូវ​កាល​នៃ​ការ​ឃោសនា​បែប​នេះ។

«ថ្ងៃ​សៅរ៍​អាទិត្យ បើ​តាម​ស្ថានភាព​ចរាចរណ៍​ជាក់ស្តែង​វា​មិន​ជា​ស្ទះ​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ។​ ដូច្នេះ​សៅរ៍​អាទិត្យ​នេះ ​គួរ​តែ​បែង​ចែក​ឲ្យ​គណបក្ស​នីមួយៗ​ដែល​នៅ​ក្នុង​សង្កាត់​ ឬក៏​ឃុំ​ហ្នឹង​ គាត់​អាច​មាន​លទ្ធភាព​ចែក​ពេល​វេលា​គ្នា​ អាច​ហែ​នៅ​ក្នុង​ឃុំ​សង្កាត់​ហ្នឹង​បាន។ ចុះ​បើ​យើង​បិទ​ទាំង​អស់​មិន​លើក​លែង​សៅរ៍​អាទិត្យ វា​ជា​ការ​ប្រើប្រាស់​អំណាច​និង​សមត្ថកិច្ច​ហួស​ហេតុ​ហើយ វា​ហួស​ពី​បទ​បញ្ជា ​និង​នីតិវិធី​របស់​គ.ជ.ប»។

ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ នឹង​ធ្វើ​ឡើង នា​ថ្ងៃ​ទី​៤ ​ខែ​មិថុនា​ ឆ្នាំ​២០១៧ ដោយ​មាន​គណ​បក្ស​នយោបាយ​ចំនួន​១២ បាន​ឈរ​ឈ្មោះ។ ច្បាប់​បោះឆ្នោត​ឃុំ​សង្កាត់ ​និង​ច្បាប់​បោះ​ឆ្នោត​ជ្រើស​រើសតំណាង​រាស្ត្រ ​បាន​កំណត់​ឲ្យ​គណបក្ស​នយោបាយ​មួយ ហែ​ក្បួន​ឃោសនា​តែ​ពីរ​ដង​ប៉ុណ្ណោះ ក្នុង​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​រយៈពេល​១៤ថ្ងៃ​ គឺ​នៅ​ថ្ងៃ​បើក​យុទ្ធនា​ការ​ឃោសនា ​និង​នៅ​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត៕

XS
SM
MD
LG