ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កឹម សុខា ប្រាប់​អ្នក​គាំ​ទ្រខ្មែរ​អាមេរិកាំង​​ពី​បញ្ហា​ជា​ច្រើន​នៅ​កម្ពុជា

លោក កឹម សុខា ប្រធាន គណបក្សសង្គ្រោះ​ជាតិ ក្នុង​កម្មវិធី​ជួប​ជុំ​អ្នក​គាំទ្រគណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ភោជនីយដ្ឋាន Hai Tien ទីក្រុង Philadelphia រដ្ឋ​ Pennsylvania សហរដ្ឋ​អាមេរិកកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៧។ (សឿន វឌ្ឍនា/VOA)

លោក កឹម សុខា បាន​និយាយ​ថា៖ «បង​ប្អូន​ទទួល​បាន​ព័ត៌មាន​ហើយ ៦ ខែ ៦ថ្ងៃ ខ្ញុំ​នៅ​ក្នុង​ស្នាក់​ការ​ដោយ​អត់​អាច​ចេញ​ទៅ​ណា​បាន ដោយ​សារ​ការ​គំរាម​កំហែង បំភិត​បំភ័យ ធ្វើ​ទុក​បុក​ម្នេញ គឺ​ធ្វើ​ឲ្យ​យើង​ខ្លាច ឲ្យ​យើង​នឹង​រត់​ចោល​ស្រុក​ទាំង​អស់​គ្នា ដើម្បី​ទុក​ស្រុក​ឲ្យ​គេ»។

រដ្ឋPennsylvania គឺ​ជា​រដ្ឋ​ដំបូង​បំផុត​ក្នុង​ចំណោម​រដ្ឋ​ទាំង​ ០៩ របស់​សហរដ្ឋ​អាមេរិក ដែល​ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រតិភូ​អម​ដំណើរ​ បាន​និង​គ្រោង​ជួប​ជា​មួយ​អ្នកគាំទ្រ​ខ្មែរ​អាមេរិកាំង។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​ប្រមាណ ២០០ នាក់​ នៅភោជនីយដ្ឋាន​ Hai Tien ក្នុង​ទី​ក្រុង Philadelphia កាលពី​ថ្ងៃសុក្រ សប្ដាហ៍​មុន។លោក កឹម សុខា បាន​សម្ដែង​សុទិដ្ឋិនិយម ចំពោះ​ការ​ត្រៀម​លក្ខណៈ​បាន​ល្អ របស់​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី០៤ ខែ​មិថុនា​ខាង​មុខ ដោយ​លោក​បានអះអាងថា «នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​គណបក្ស​ប្រឆាំង​ បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បាន ១០០ ភាគរយ គឺគ្រប់ ១៦៤៦ ​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​តែម្ដង»។

លោក កឹម សុខា ក៏​បាន​លើក​សរសើរ​ពី​ប្រជាប្រិយ​ភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​បច្ចុប្បន្ន ក៏​ដូចជា​ឆន្ទៈ​របស់​ប្រជា​ពល​រដ្ឋ​ទូទៅ និង​ពល​រដ្ឋ​ដែល​រស់នៅ​តំបន់​ដាច់ស្រយាល ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ថ្នាក់​ដឹក​នាំ​នៅ​ក្នុង​ប្រទេសកម្ពុជា។

ថ្នាក់​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ ក្នុង​កម្មវិធី​ជួប​ជុំ​អ្នក​គាំទ្រ​នៅ​ភោជនីយដ្ឋាន Hai Tien ទីក្រុង Philadelphia រដ្ឋ​ Pennsylvania សហរដ្ឋ​អាមេរិក កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៧។ (សឿន វឌ្ឍនា/VOA)

ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​លើក​ឡើង​ថា៖ «តំបន់​អា​រ៉ែង​ប្រជា​ពលរដ្ឋ​ឈឺ​ចាប់​ណាស់​នៅ​ទី​នោះ ហើយ​មាន​ប្រាំ​ឃុំ ក្នុង​ចំណោម​ប្រាំ​ឃុំ​នៅ​តំបន់​នោះ យើង​មាន​បេក្ខជន​ដែល​ជា​ជន​ជាតិ​ដើម​ហ្នឹង មក​ឈរ​ឈ្មោះឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ការ​ស្ទាប​ស្ទង់​មើល​ទៅ​ក្នុង​ ៥ឃុំ នោះ យើង​អាច​យក​ឈ្នះ​យ៉ាង​តិច ៣ ឃុំ​ក្នុង​ចំណោម​ឃុំ​ដែល​ដាច់​ស្រ​យោល​នោះ»។

ក្រៅ​ពី​ការ​លើក​ឡើង​ពី​ចំណុច​អវិជ្ជមាន​នៃ​ការ​គ្រប់​គ្រង​ប្រទេស​ របស់​រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​បង្ក​ឲ្យ​មាន​បញ្ហា​មួយ​ចំនួន​ដូច​ជា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ការ​រឹប​អូស​ដី​ធ្លី​ និង​ការ​លើក​ឡើង​ថា ​សន្តិភាព ​ដែល​រដ្ឋាភិបាល​តែង​តែ​ធ្វើ​ការ​អះ​អាង​នោះ​ជា​សន្តិភាព មួយ​ជ្រុង​ដោយ​មាន​អ្នក​ខ្លះ​ជាប់​គុក អ្នក​ខ្លះ​សប្បាយ​នោះ លោក​ កឹម សុខា ក៏​មិន​ភ្លេច​រៀប​រាប់​ទេ ​ពី​ការ​ជាប់​ឃុំ​របស់​លោកនៅ​ក្នុង​ទីស្នាក់ការគណបក្សសង្គ្រោះ​ជាតិ​អស់​រយៈពេល ៦ ខែ ៦ ថ្ងៃ​ កាល​ពី​ឆ្នាំ​ ២០១៦។

លោក កឹម សុខា បាន​និយាយ​ថា៖ «បង​ប្អូន​ទទួល​បាន​ព័ត៌មាន​ហើយ ៦ ខែ ៦ថ្ងៃ ខ្ញុំ​នៅ​ក្នុង​ស្នាក់​ការ​ដោយ​អត់​អាច​ចេញ​ទៅ​ណា​បាន ដោយ​សារ​ការ​គំរាម​កំហែង បំភិត​បំភ័យ ធ្វើ​ទុក​បុក​ម្នេញ គឺ​ធ្វើ​ឲ្យ​យើង​ខ្លាច ឲ្យ​យើង​នឹង​រត់​ចោល​ស្រុក​ទាំង​អស់​គ្នា ដើម្បី​ទុក​ស្រុក​ឲ្យ​គេ»។

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប ដែលបាន​ចូល​រួម​នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា​នេះ បាន​លើក​ឡើង ថាបើ​សិន​ជា​មាន​ការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា លោក​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​វិស័យ​អប់​រំ​មុន​គេ។

​លោក យិន ម៉ម សាស្ត្រាចារ្យ​ចូល​និវត្តន៍​ អាយុ ៧៨ រស់​នៅ​ក្នុង​ទីក្រុង Philadelphia បាន​និយាយ​ថា៖ «​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង វិស័យ​ដែល​សំខាន់​ជាង​គេ គឺ​វិស័យ​អប់រំ​ជាតិ។ យើង​ត្រូវ​អប់រំ​ប្រជាពលរដ្ឋ​ខ្មែរ​យើង ឲ្យ​ប្តូរ​នូវ​ផ្នត់​គំនិត​របស់​យើង ឲ្យ​បាន​ទៅជា​ពល​រដ្ឋ​ដែល យល់​ដឹង​នូវ​ប្រវត្តិ​សាស្ត្រ និង​កិច្ចការ​នយោបាយ​សំខាន់ៗ»។

លោក យិន ម៉ម កាន់​អត្ថបទ​ចម្រៀង​ ពង្សាវតាខ្មែរក្នុង​កម្មវិធី​ជួប​ជុំ​អ្នក​គាំទ្រគណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ភោជនីយដ្ឋាន Hai Tien ទីក្រុង Philadelphia រដ្ឋ​ Pennsylvania សហរដ្ឋ​អាមេរិកកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៧។ (សឿន វឌ្ឍនា/VOA)

ទោះបី​ជា​បញ្ហា​ជាច្រើន​ត្រូវ​បាន​គេ​លើកឡើង​នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា​នេះ ពុំ​មាន​នរណា​ម្នាក់​លើក​ឡើង​ពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី​ ឡើយ។ ក្រោយ​ពី​ការពី​ការ​លា​លែង​ចេញ​ពី​តំណែង​របស់​លោក​ កាល​ពី​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ​កន្លង​ទៅ​ គេ​សង្កេត​ឃើញ​ថា សន្ទុះ​នៃ​ការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង​ មិន​មាន​អ្វី​ប្រែ​ប្រួលខ្លាំង​ក្លា​ឡើយ។ នេះ​បើ​យោង​តាម​អ្នក​គាំទ្រ​គណ​បក្ស​ប្រឆាំង​នេះ។

លោក ឡុង រឿម អាយុ ៦០ឆ្នាំ ដែល​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចូល​និវត្តន៍ម្នាក់ បាន​ប្រាប់​ VOA ថា៖ «ការ​លាលែង​ចេញ​ពី​តំណែង​របស់​ លោក​សម រង្ស៊ី មិន​មែន​ជា​រឿង​អ្វី​ធំ​ដុំ ទេ​ សម្រាប់ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ឡុង រឿម បាន​និយាយ​ថា៖ «ខ្ញុំ​ថា​វា​ជា​ពេល​វេលា​មួយ ដែល​ដល់​ពេល​វេលា​មួយ​ត្រូវ​សម្រេច​ទៅ​ឯង អត់​មាន​អ្នក​ណា​អាច​កំណត់​មុន​យ៉ាង​ម៉េច​ទេ។ ប៉ុន្តែ​ហាក់​ដូច​ជា​ឱកាស​ហ្នឹង​មក​ដល់​ទាំង​អស់​គ្នា យល់​ព្រម​ទាំង​អស់​គ្នា ស្រុះ​ស្រួល​គ្នា ហើយ​ម្យ៉ាង​ទៀត​ជា​បរិយាកាស​ល្អ ដែល​ថា​ម្នាក់ៗ សុខ​ចិត្ត​លះ​បង់ សុខចិត្ត​ផ្ទេរ​តំណែង​ ហើយ​សុខ​ចិត្ត​យោគ​យល់​តាម​កាលៈទេសៈ។ ខ្ញុំ​ថា​ជា​រឿង​ល្អ»។

លោក ឡុង រឿម អាយុ ៦០ឆ្នាំ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចូល​និវត្តន៍​ក្នុង​កម្មវិធី​ជួប​ជុំ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ភោជនីយដ្ឋាន Hai Tien ទីក្រុង Philadelphia រដ្ឋ​ Pennsylvania សហរដ្ឋ​អាមេរិក កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៧។ (សឿន វឌ្ឍនា/VOA)

ក្រៅ​ពី​គម្រោង​ជួប​ជា​មួយ​អ្នក​គាំទ្រ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ចទៅ​កាន់រដ្ឋ​ចំនួន​ ០៩ របស់សហរដ្ឋ​អាមេរិក​ លោក កឹម សុខា ក៏​គ្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​ធានី Washington ដើម្បី​ជួប​មន្ត្រី​សំខាន់ៗ​នៃ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Trump ​សមាជិក​រដ្ឋ​សភា ​ព្រឹទ្ធសភា និង​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ផង​ដែរ​។

​កញ្ញា ​កឹម មនោវិទ្យា អនុ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូន​ស្រី​លោក​ កឹម សុខា បាន​ប្រាប់​ VOA ថា​ នៅ​ក្នុង​ជំនួប​ជា​មួយ​នឹង​មន្ត្រី​សំខាន់ៗ​ទាំង​នេះ​ មិន​មាន​ការ​ពិភាក្សា​ពី​ករណី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១៦ រូប និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ទាំង ០៥ រូប​ដែល​កំពុង​ជាប់​ឃុំ​នោះ​ទេ។

កញ្ញា មនោវិទ្យា បញ្ជាក់ថា នេះ​ជា​លើក​ទី​មួយ​ហើយ​គណ​បក្ស​សង្គ្រោះ​ជាតិ មាន​ឱកាស​ជួប​ជាមួយ​នឹងសមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខជាតិ​អាមេរិក។ ហើយ​ជំនួប​លើក​នេះ គណ​បក្ស​សង្គ្រោះ​ជាតិ​ផ្ដោត​សំខាន់​លើ​រឿង​បោះ​ឆ្នោត​ប៉ុណ្ណោះ។

រូបឯកសារ៖ កញ្ញា កឹម មនោវិទ្យា អគ្គនាយករង​នៃ​នាយកដ្ឋានទំនាក់ទំនងសាធារណៈ របស់គណបក្សសង្រ្គោះ​ជាតិ​និង​ជា​កូនស្រី​ច្បង​របស់​លោក កឹម សុខា ​ថត​រូបនៅ​ការិយាល័យ​ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពីថ្ងៃ​ច័ន្ទ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (សឹង សុផាត/VOA)

អនុ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិរូបនេះ​ បាន​ឲ្យ​ដឹង​ថា៖

«គោល​បំណង​របស់​ពួក​យើង​ខ្ញុំ​ជួប​ជាមួយ​មន្ត្រី​សហរដ្ឋ​អាមេរិក​ទាំងអស់​នេះ គឺ​ដើម្បី​លើក​ឡើង​សំខាន់ ទៅលើ​បញ្ហា​បោះ​ឆ្នោត​ គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​ធ្វើឲ្យ​ការ​បោះ​ឆ្នោត អាច​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌ ដែល​ប្រជា​ពល​រដ្ឋ​អាច​ទទួល​យក​បាន ដើម្បី​ចៀស​វាង​អំពើ​ហិង្សា ចៀស​វាង​ការ​ធ្វើ​បាប​គ្នា​ទៅ​វិញ​ទៅ​មក។

កញ្ញា កឹម មនោ​វិទ្យា​ បន្ថែម​ថា៖ «ចំណុច​មួយ​ទៀត​ដែល​យើង​នឹង​ផ្ដោត​ផង​ដែរ គឺ​ទៅ​លើ​ការ​ផ្ទេរ​អំណាច ក្នុង​ករណី​ដែល​គណបក្ស​ថ្មី​អាច​ឈ្នះ​ឆ្នោត​នេះ​ឯង ពីព្រោះយើង​ដឹង​ថា​ ការ​បោះ​ឆ្នោត​លើក​នេះ​ ទាំង​ ២០១៧ ទាំង ២០១៨ គឺជា​ការ​បោះឆ្នោត​ប្រវត្តិ​សាស្រ្ត​មួយ ដែល​អន្តរ​ជាតិ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន»។

បន្ទាប់​ពី​ជួប​អ្នក​គាំទ្រ​នៅ​រដ្ឋ​ Pennsylvania លោក កឹម សុខា និង​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​ Minnesota និង​រដ្ឋ​ Massachusett។ ហើយ​បន្ទាប់​មក​ទៀត លោក​នឹង​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ធានី Washington និង​រដ្ឋ​ទាំង​ ៦ គឺ៖ រដ្ឋ Virginia Texas California Tennessee Florida និងOregon៕

XS
SM
MD
LG