ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​រាជធានី​អំពាវនាវ​ដល់​ពលរដ្ឋ​រស់​តាម​ដងទ​ន្លេ​មេគង្គ​និង​ដង​ស្ទឹង​ព្រែក​ត្នោត ​ត្រៀម​បង្ការ​គ្រោះ​ទឹក​ជំនន់


រូបឯកសារ៖ ក្មេងស្រីម្នាក់បាំងឆ័ត្រ ក្នុងពេលភ្លៀងធ្លាក់ដ៏ធំមយយ នៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២០។
រូបឯកសារ៖ ក្មេងស្រីម្នាក់បាំងឆ័ត្រ ក្នុងពេលភ្លៀងធ្លាក់ដ៏ធំមយយ នៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២០។

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​រាជធានី​ភ្នំពេញ ​បាន​ប្រកាស​ឱ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ ​និង​ដង​ស្ទឹង​ព្រែកត្នោត ​និង​អាជ្ញាធរ​ពាក់​ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​កម្ពស់​ទឹក​ ដើម្បី​ត្រៀម​លក្ខណៈ​ទុក​ជាមុន​ ក្នុង​ការ​ទប់ទល់​គ្រោះ​ទឹក​ជំនន់។ ​នេះ​បើ​តាម​សេចក្តី​ណែ​នាំ​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ​ចុះ​ថ្ងៃ​ទី​៩ ​ខែ​តុលា។ ​

បើ​តាម​សេចក្តី​ណែនាំ​នោះ ​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​រាជធានី​ភ្នំពេញ​លោក ​ឃួង ស្រេង ​បាន​ណែនាំ​ទៅអាជ្ញាធរ​ខណ្ឌ​ទាំង ​១៤​ ជាពិសេស​ខណ្ឌ​ដង្កោ ​ខណ្ឌ​កំបូល ​ខណ្ឌ​ព្រែកព្នៅ ​ខណ្ឌ​ឫស្សីកែវ ​ខណ្ឌ​ជ្រោយចង្វារ ​ខណ្ឌ​ច្បារអំពៅ ​តៀម​លក្ខណៈ​ និង​ត្រៀម​រថយន្ត​ ចប ​បង្គី ​បាវ​ខ្សាច់​ ស្បៀង ​និង​កំណត់​ទី​ទួល​សុវត្ថិភាព​ ដើម្បី​បង្ការ​ ការ​ពារ​សុវត្ថិភាព​ និង​ជម្លៀស​ប្រជា​ពលរដ្ឋ ​នៅ​ពេល​មាន​ទឹក​ជំនន់​កើត​ឡើង។​

ក្រៅ​ពី​នេះ ​អាជ្ញាធរ​ត្រូវ​ផ្សព្វ​ផ្សាយ​តាម​គ្រប់​មធ្យោបាយ​ដល់​ប្រជា​ពលរដ្ឋ ​និង​ត្រូវ​កំណត់​ស្ថិតិ​ប្រជា​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់ ​ដើម្បី​ងាយ​ស្រួល​គាំពារ​ផ្នែក​ជីវភាព និង​ផ្តល់​ជំនួយ​សង្គម​ផ្សេងៗ​ជាដើម។​

ក្នុង​សេចក្តី​ណែនាំ​ដដែល​ អាជ្ញាធរ​ពាក់​ព័ន្ធ​ផ្សេង​ទៀត ​ដែល​រួម​មាន​ ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ ​បញ្ជា​ការដ្ឋាន​កងរាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ និង​បញ្ជា​ការដ្ឋាន​យោធភូមិ​ភាគ​ពិសេស​ ក៏​ត្រូវ​ត្រៀម​កម្លាំង​និង​មធ្យោបាយ​ ដូច​ជា​រថយន្ត​ ទូក ​កាណូត ​អូប័រ​ និង​សម្ភារៈ​ផ្សេងៗ​ផង​ដែរ។​ ចំណែក​ក្រសួង​ពាក់ព័ន្ធ​ក៏​ត្រូវ​យកចិត្ត​ទុក​ដាក់​ជាមួយ​គ្នា​ផង​ដែរ ​ដើម្បី​ចូល​រួម​បង្ការ​និង​ត្រៀម​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ និង​មាន​ហានិភ័យ​ខ្ពស់​ដោយ​គ្រោះ​ទឹក​ជំនន់​នៃ​ទន្លេ ​ស្ទឹង ​និង​ទឹក​ជំនន់​ទឹក​ភ្លៀង ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ និង​ធានា​បាន​នូវ​សុខុមាល​ភាព​ល្អ​ប្រសើរ​ជូន​ប្រជា​ពល​រដ្ឋ។ ​

អភិបាល​រាជធានី​ភ្នំពេញ​លោក​ ឃួង ស្រេង ​ក៏​បាន​ណែនាំ​ពល​រដ្ឋ​ ឱ្យ​តាម​ដាន​កម្ពស់​ទឹក​ជា​ប្រចាំ​ ជាពិសេស​អ្នក​ដែល​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ និង​ស្ទឹង​ព្រែកត្នោត។​

សេចក្តី​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​លើក​ឡើង​ថា៖ ​«ប្រជា​ពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​នៅ​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ ​និង​ដង​ស្ទឹង​ព្រែកត្នោត​ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ត​ខ្ពស់ ​តាមដាន​ព័ត៌មាន​ជាប្រចាំ​អំពី​កម្ពស់​ទឹក ​និង​ត្រូវ​ត្រៀម​លក្ខណៈ​ទុក​ជាមុន ​ដូចជា​ទ្រព្យ​សម្បត្តិ​ សម្ភារៈ​ចំបាច់​ និង​សត្វ​ពាហនៈ​ឱ្យ​បាន​រៀប​រយ​ដើម្បី​ជម្លៀស​ទៅ​ទី​ទួល​សុវត្ថិភាព»។​

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ អាជ្ញាធរ​តាម​បណ្តា​ខេត្ត​មួយ​ ចំនួន​ក៏បាន​រាយ​ការណ៍​ថា​ ទឹក​ជំនន់​បាន​ជន​លិច​ដំណាំ​ដាំដុះ​ប្រជា​ពលរដ្ឋ ​និង​បង្កការ​ខូចខាត​ផ្លូវ​ថ្នល់​មួយ​ចំនួន​ប៉ុន្តែ​មិន​ទាន់​មាន​ខេត្ត​ណាមួយ​ ប្រកាស​អាសន្ន ​ទាក់​ទង​ទឹក​ជំនន់​នៅ​ឡើយ​ទេ។​

ចំណែក​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម ​នៅ​ថ្ងៃ​ចន្ទ​នេះ ​បាន​ឱ្យ​ដឹង​ថា​ ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១១​ ខែ​តុលា ​កម្ពុជា​នឹង​បន្ត​ទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​ (ITCZ)​ អូស​បន្លាយ​លើ​ប៉ែកខាង​ក្រោម​នៃ​អាង​ទន្លេ​មេគង្គ​ប្រទេស​ថៃ ​និង​ប្រទេស​ឡាវ​ ជាមួយ​នឹង​ខ្យល់​មូសុង​និរតី​បក់​មធ្យម ​ហើយ​រាជ​ធានី​ភ្នំពេញ ​និង​បណ្តា​ខេត្ត​នានា ​អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ ​លាយ​ឡំ​ជាមួយ​នឹង​ផ្គរ​រន្ទះ ​និង​ខ្យល់​កន្ត្រាក់៕

XS
SM
MD
LG