កងនាវាមកពីប្រទេសហ្វីលីពីននិងសហរដ្ឋអាមេរិកបានធ្វើការបើកកាត់រួមគ្នាតាមផ្នែកនានានៃសមុទ្រចិនខាងត្បូងដែលលាតសន្ធឹងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការបញ្ជាក់របស់យោធារដ្ឋាភិបាលក្រុងម៉ានីលកាលពីថ្ងៃចន្ទម្សិលមិញ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
វាជាលើកទី១ ដែលហ្វីលីពីននិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានធ្វើការបើកបរនាវារួមគ្នានៅក្នុងផ្ទៃទឹកនៅភាគខាងលិចនៃកោះ Palawan។ នេះបើតាមកងកម្លាំងប្រដាប់អាវុធនៃទីបញ្ជាការខាងលិចរបស់ហ្វីលីពីន។
ការបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងហ្វីលីពីននេះកើតមានឡើងខណៈដែលមានភាពតានតឹងកើនឡើងរវាងរដ្ឋាភិបាលក្រុងម៉ានីលនិងរដ្ឋាភិបាលក្រុងប៉េកាំងដែលបានទាមទារផ្នែកភាគច្រើននៃសមុទ្រចិនខាងត្បូង។
នាវាហ្វីលីពីនបំពាក់ដោយកាំជ្រួចមីស៊ីលតម្រង់ផ្លូវ BRP Jose Rizal និងនាវាពិឃាដរបស់សហរដ្ឋអាមេរិក USS Ralph Johnson បំពាក់ដោយកាំជ្រួចមីស៊ីលតម្រង់ផ្លូវធុន Alrleigh Burke បានចូលរួមការបើកបររួមគ្នាក្នុងអំឡុងពេលដែលនាវាទាំងនោះអនុវត្តការបើកបរនាវាជិតគ្នា។
ទីបញ្ជាការខាងលិចបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «ព្រឹត្តិការណ៍នេះមានគោលបំណងផ្តល់ឱកាសសម្រាប់កងទ័ពជើងទឹកហ្វីលីពីននិងកងទ័ពជើងទឹកតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកដើម្បីសាកល្បងនិងធ្វើឱ្យប្រសើរឡើងនូវការប្រកាន់ខ្ជាប់ច្បាប់នាវាចរណ៍ដែលមានស្រាប់»។
រដ្ឋាភិបាលក្រុងម៉ានីលបានត្អូញត្អែម្តងហើយម្តងទៀតប្រឆាំងនឹងអ្វីដែលខ្លួនបានពណ៌នាថាជា«សកម្មភាពគឃ្លើន»របស់ចិននៅក្នុងសមុទ្រខាងត្បូង រួមទាំងការប្រើកាណុងបាញ់ទឹកដោយឆ្មាំការពារដែនសមុទ្ររបស់ចិនប្រឆាំងនឹងនាវាហ្វីលីពីនដែលទាក់ទិននៅក្នុងបេសកកម្មផ្គត់ផ្គង់កាលពីថ្ងៃទី៥ ខែសីហាកន្លងទៅ។
ចិនបានស្ថាបនាកោះសម្រាប់ទីតាំងយោធានៅក្នុងសមុទ្រចិនខាងត្បូង ហើយបានទាមទារបូរណភាពទឹកដីត្រួតស៊ីគ្នាជាមួយតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយណេ និងឥណ្ឌូណេស៊ី៕