ប្រទេសហ្វីលីពីន បានបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលីពីនដើម្បីប្រាប់ពីការ«មិនសប្បាយចិត្តរបស់ខ្លួន» ជុំវិញការបន្តវត្តមានរបស់នាវាចិននៅក្នុងតំបន់ជម្លោះថ្មប៉ប្រះទឹកនៃសមុទ្រចិនខាងត្បូងនោះ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងការបរទេសហ្វីលីពីន បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលី ពីនលោក Huang Xilian ត្រូវបានកោះហៅកាលពីថ្ងៃចន្ទហើយបានប្រាប់ថា ចិន ត្រូវដកនាវារបស់ខ្លួនទាំងអស់ចេញពីតំបន់ជម្លោះថ្មប៉ប្រះទឹក Whitsun និងពីតំបន់ផ្លូវនាវាចរណ៍ផ្សេងទៀតរបស់ហ្វីលីពីន។
ប្រទេសហ្វីលីពីនកាលពីខែមុន បានហៅវត្តមាននាវាចិនប្រមាណ២២០គ្រឿង ដែលត្រូវគេជឿថាបានប្រើដោយកងកម្លាំងសេនាជនរបស់ខ្លួន ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខដែលមានទំហំ៣២២គីឡូម៉ែត្ររបស់ខ្លួននោះថាជា «ចំនួនដ៏ច្រើននិងជាការគំរាមកំហែងមួយ» ស្របពេលដែលសហរដ្ឋអាមេរិក ជប៉ុន និងប្រទេសដទៃផ្សេងៗទៀត បានសម្តែងពីក្តីកង្វល់របស់ខ្លួនពីគោលបំណងរបស់ចិន ដែលបណ្តាលឲ្យរដ្ឋាភិបាលក្រុងប៉េកាំងបដិសេធភ្លាមៗនូវការចោទប្រកាន់ទាំងនោះ។
ក្រសួងការបរទេសហ្វីលីពីន បានបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញថា ខ្លួនក៏បានក្រើនរំលឹកដល់ឯកអគ្គរដ្ឋទូតចិនលោក Huang ផងដែរថា ហ្វីលីពីន បានឈ្នះក្តីក្តាំនៅឯតុលាការអន្តរជាតិជុំវិញរឿងនេះក្នុងឆ្នាំ២០១៦ ដែលបានគាំទ្រដល់អធិបតេយ្យភាពរបស់ហ្វីលីពីន បើទោះបីជាមានការទាមទារពីប្រទេសចិនយ៉ាងណាក្តី។
ក្រសួងការបរទេសហ្វីលីពីន បានបញ្ជាក់ថា ភាគីទាំងពីរ បានសន្យាប្រើប្រាស់នូវដំណោះស្រាយដោយសន្តិវិធី ជុំវិញការខ្វែងគំនិតគ្នានៅក្នុងបញ្ហាជម្លោះដែនទឹក ក្នុងតំបន់សមុទ្រចិនខាងត្បូងនេះ។
ស្ថានទូតចិនក្នុងទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗ ចំពោះការសុំបញ្ជាក់ជុំវិញរឿងនេះនោះទេ៕