ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​​ហ្វីលីពីន​ដែល​ល្បី​ក្នុង​ការ​ប្រើ​កណ្ដាប់​ដៃ​ដែក​បង្ក្រាប​គ្រឿង​ញៀន​ នឹង​ធ្វើ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​កម្ពុជា


ប្រជាពលរដ្ឋម្នាក់ជិះកាត់ការតុបតែងរូបថតដើម្បីទទួលទស្សនកិច្ចផ្លូវរដ្ឋនៃប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គូ ឌើទើតេ (Rodrigo Duterte) (រូបឆ្វេង) និងព្រះមហាក្សត្រកម្ពូជាព្រះករុណាព្រះបាទនរោត្តម សីហមុនី (រូបស្ដាំ) នៅរវាងមហាវិថីសុធារស និងមហាវិថីព្រះសីហនុ នៅថ្ងៃច័ន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

ដំណើរ​ទស្សនកិច្ច​របស់​លោក​ Duterte ត្រូវ​បាន​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​យល់​ថា ជា​​ការ​ទាក់ទាញ​កម្ពុជា​ឲ្យ​ជួយ​​​សម្រប​សម្រួល​​​រវាង​ប្រទេស​ហ្វីលីពីន​ និង​ចិន​ ពាក់ព័ន្ធ​នឹង​ជម្លោះ​សមុទ្រ​ចិន​ភាគ​ខាងត្បូង។

លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតី​នៃ​ប្រទេស​ហ្វីលីពីន​ដែល​រង​ការ​រិះគន់​ពី​ការរំលោភ​សិទ្ធិ​មនុស្ស​ដោយស្ថាប័ន​សិទ្ធិ​មនុស្ស​ធំៗ ដោយ​សារភាពល្បី​ល្បាញ​នៃ​ការ​បង្ក្រាប​គ្រឿង​ញៀន​ក្នុង​ការសម្លាប់​មនុស្ស​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន ​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេលពីរ​ថ្ងៃ។

ដំណើរ​ទស្សន​កិច្ចនេះ​ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​នយោបាយ​យល់​ថា ជា​ការ​ទាក់ទាញ​កម្ពុជា ​ឲ្យ​ធ្វើ​ជា​អ្នក​សម្រប​សម្រួលរវាង​ហ្វីលីពីន​ និង​ចិន។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ចេញ​កាល​ពី​ថ្ងៃ​ទី៦ ខែ​ធ្នូ លោក Rodrigo Duterte នឹង​បំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋនៅ​កម្ពុជាពី​ថ្ងៃ​ទី​១៣-១៤ ​ខែ​ធ្នូ​ ទៅ​តាម​ការ​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ​ខ្មែរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​បន្ថែម​ថា លោក Duterte​ នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះ​ករុណាព្រះ​បាទសម្ដេច​ព្រះ​បរមនាថ​ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា​ នៅព្រះបរមរាជវាំង បន្ទាប់​មក​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

រូបឯកសារ៖ ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte (ខាង​ស្តាំ) បង្ហាញ​ផ្លូវ​ដល់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន បន្ទាប់​ពី​ពិធី​បើក​កិច្ចប្រជុំកំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ដទៃ​ទៀត​លើក​ទី​២៨ និង​២៩ កាល​ពី​ថ្ងៃ​អង្គារ ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៦ ក្នុង​ក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ។
រូបឯកសារ៖ ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte (ខាង​ស្តាំ) បង្ហាញ​ផ្លូវ​ដល់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន បន្ទាប់​ពី​ពិធី​បើក​កិច្ចប្រជុំកំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ដទៃ​ទៀត​លើក​ទី​២៨ និង​២៩ កាល​ពី​ថ្ងៃ​អង្គារ ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៦ ក្នុង​ក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ។

ក្នុង​ដំណើរ​ទស្សន​កិច្ច​នោះ​ លោក ​Duterte ​និង​លោក​ ហ៊ុន សែន ​នឹង​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ​យោគយល់​គ្នាស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ និង​អនុស្សរណៈ​នៃ​កិច្ច​ព្រមព្រៀង​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​កីឡា។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ​លោក​ ជុំ សុន្ទរី នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​បដិសេធ​មិនធ្វើ​ការ​អធិប្បាយ​លម្អិត​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន​ ដោយ​គ្រាន់តែ​បញ្ជាក់​ថា ទស្សនកិច្ច​នេះ​ជា​ការពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។​

«ជា​រួម​អនុស្សរណៈ​ហ្នឹង​ គេ​និយាយ​អំពី​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ ក្នុង​ការ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ នេះ​ជា​បញ្ហា​មួយ​ដែល​សំខាន់​នៅ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ ក៏​ដូចជាក្នុង​ក្របខ័ណ្ឌ​នៃ​ទំនាក់ទំនង​រវាង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ដើម្បី​ទប់​ស្កាត់​ ដើម្បី​ប្រឆាំង​នឹងឧក្រិដ្ឋកម្ម​ឆ្លងដែន។ បញ្ហា​កីឡា​ និយាយ​ពី​កិច្ច​សហ​ប្រតិបត្តិការរបស់​ប្រទេស​ទាំងពីរ​លើ​ផ្នែក​កីឡា ហើយ​បើ​ព័ត៌មាន​លម្អិត​គឺ​ អាច​មាន​អ្នក​ជម្រាប​ជូន​នៅ​ក្រោយ​ពេល​ពិធី​ចុះ​ហត្ថលេខា»។

លោក​ អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត និង​ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ ប្រាប់ ​VOA​ ថា ​ដំណើរ​ទស្សន​កិច្ច​របស់​លោក ​Duterte មក​កាន់​កម្ពុជា​ដោយសារ​កម្ពុជាជា​ប្រទេស​ដែល​អាច​សម្រប​សម្រួល​រវាង​ប្រទេស​ហ្វីលីពីន​ និង​ចិន​ ពាក់ព័ន្ធ​នឹង​ជម្លោះ​សមុទ្រ​ចិន​ភាគ​ខាងត្បូង។

«ប្រធាន​បទ​ដែល​ធំ​បំផុត​គឺ​ទាក់ទង​ហ្នឹង​ចិន​ ព្រោះ​អី​ចិន​មាន​ជម្លោះ​ជាមួយ​ហ្នឹង​ហ្វីលីពីន។ លោក​ Duterte​ ហ្នឹង​ហាក់​ដូចជា​ដូរ​យុទ្ធសាស្ត្រ​ចាស់ ដែល​យុទ្ធសាស្ត្រ​រឹងមាំ​របស់​ហ្វីលីពីន​ដែលមិន​សហការ​ជាមួយ​ចិន​ ហើយ​យក​សម្ព័ន្ធ​ភាព​ជាមួយ​ហ្នឹង​សហរដ្ឋ​អាមេរិក​ជា​គោល​ហ្នឹង​ ហាក់​ដូច​ជា​ដូរ។ ​ហើយ​បើ​ដូរ​មែន​ ខ្ញុំ​មើល​ទៅ​វា​មាន​ការ​ពាក់ព័ន្ធ​នឹង​កម្ពុជា​ដែរ​ ដោយ​សារ​កម្ពុជា​មាន​ភាពជិតស្និទ្ធ​ជាមួយ​ចិន​ ហើយ​ហ្វីលីពីន​អាច​តាម​រយៈ​កម្ពុជា​អាច​មាន​ទំនាក់ទំនងជាង​មុន​ជាមួយ​ប្រទេស​ចិន»។

លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ប្រាប់​អ្នកសារព័ត៌មាន​អំពី​ស្ថានភាព​នយោបាយ​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ ០៨​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី/VOA) ​
លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ប្រាប់​អ្នកសារព័ត៌មាន​អំពី​ស្ថានភាព​នយោបាយ​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ ០៨​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី/VOA) ​

លោក​ អ៊ូ វីរៈ ​និយាយ​បន្ថែម​លើ​ការ​ចុះ​អនុស្សរណៈ​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែនថា​ ​អាច​នឹង​ជា​ការ​រឹតត្បិត​សេរីភាព ស្រប​ពេល​ដែល​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​តែងតែ​រៀប​ចំការ​ប្រជុំ​របស់​មន្ត្រី​ធំៗ​របស់​បក្ស​នៅ​ទី​នោះ​ បន្ទាប់​ពីការ​ជួបជុំ​នៅ​ក្នុង​ប្រទេស​ត្រូវ​បាន​រឹត​បន្តឹង។​

លោក​ Duterte​ វ័យ​៧១​ឆ្នាំ​ ដែល​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​កាល​ពី​ចុងខែ​មិថុនានេះ ​បាន​សន្យា ​និង​ស្បថ​ថា​នឹង​កម្ចាត់​អំពើ​ពុក​រលួយ​និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ ជាពិសេស​បញ្ហា​គ្រឿងញៀន​។

ក្នុង​អំឡុង​ពេល​នៃ​ការ​កាន់​តំណែង​ជិត៦​ខែ​របស់​លោក ​អង្គការ​សហប្រជាជាតិ​ សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​បាន​រិះគន់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​ ដោយសារ​មនុស្ស​ប្រមាណ​ជា​៦ពាន់នាក់​បានស្លាប់​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​របស់​ប្រធានាធិបតី​រូប​នេះ។

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ដែរ ​ជនជាតិ​ហ្វីលីពីន​៥នាក់ បាន​តវ៉ា​ដោយ​បិទ​មុខ​មិន​បង្ហាញ​អត្តសញ្ញាណ​នៅ​ខាង​មុខ​ព្រះបរមរាជវាំង​ ដើម្បី​ផ្ញើ​សារ​ប្រឆាំង​នឹង​យុទ្ធនាការ​គ្រឿង​ញៀន​របស់​ប្រធានាធិបតី​ហ្វីលីពីន​ លោក ​Rodrigo Duterte ​ដែល​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ស្អែក​នេះ។

បន្ទាប់​ពី​ពួក​គេ​តវ៉ាតែ​ប៉ុន្មាន​នាទី ដោយ​មាន​ការ​លើក​បដាឲ្យ​លោក Duterte បញ្ឈប់​ការ​សម្លាប់​មនុស្ស​ដោយ​សារ​ការ​ជួញដូរ​ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​ និង​ទា​មទារ​ឲ្យ​លោក​គោរពសិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​ជាដើម​នោះ ពួកគេ​ក៏​បាន​ចាក​ចេញ​ពីមុខ​ព្រះបរមរាជវាំង​ភ្លាមៗ។

ប្រជាជន​ហ្វីលីពីន​៥នាក់​តវ៉ា​នៅ​ខាង​មុខ​ព្រះបរម​រាជ​វាំង ដោយ​បាន​ផ្ញើសារ​ប្រឆាំង​នឹង​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន លោក Rodrigo Duterte នៅព្រឹក​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
ប្រជាជន​ហ្វីលីពីន​៥នាក់​តវ៉ា​នៅ​ខាង​មុខ​ព្រះបរម​រាជ​វាំង ដោយ​បាន​ផ្ញើសារ​ប្រឆាំង​នឹង​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន លោក Rodrigo Duterte នៅព្រឹក​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​អ្នក​តវ៉ា​ជនជាតិ​ហ្វីលីពីន​ចំនួន​ប្រមាណ​ជា​៥នាក់​នេះ បានសរសេរ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ន័យ​យ៉ាង​ដូច្នេះ​ថា៖

«ចាប់​តាំង​ពី​ពេល​លោក​ Duterte ​ចូលកាន់​តំណែង​ មនុស្សជាង​៦ពាន់​នាក់ត្រូវ​បាន​សម្លាប់​ក្នុងសង្គ្រាម​ប្រឆាំង​គ្រឿងញៀន។ មនុស្ស​ដែល​ស្លាប់​ភាគ​ច្រើន​ជា​ប្រជាជន​ក្រីក្រ​ដែល​ជាប់​សង្ស័យ​ថា​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ និង​អ្នកលក់​គ្រឿង​ញៀន។ ពួកគេ​ភាគ​ច្រើន​បាន​ស្ម័គ្រ​ចិត្ត​ប្រគល់​ខ្លួន​ឲ្យ​អាជ្ញាធរ​ ហើយ​ពួកគេ​ត្រឹម​ទទួល​បានការ​ចាប់ខ្លួន​ និង​សម្លាប់​ក្នុង​ការបាញ់​ប្រហារតដៃ​ជាមួយ​ប៉ូលិស។ ពួកគេ​មួយ​ចំនួន​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជា​មនុស្ស​ត្រឹម​ត្រូវ»។

សេចក្ដី​ថ្លែង​ការណ៍​របស់​ពួកគេ​ដដែល​នោះ​ បានអំពាវនាវ​ដល់​រដ្ឋាភិបាល​ហ្វីលីពីនថា៖

«សកម្មភាព​ឆ្កួត​ឡប់​នេះ​ត្រូវ​បញ្ចប់។ ការ​ញៀន​ថ្នាំ​មិនមែន​ជា​បទឧក្រិដ្ឋ​ឡើយ។ ការ​សម្លាប់មនុស្សក្រៅ​ប្រព័ន្ធ​តុលាការ ​មិនមែន​ជា​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​គ្រឿងញៀន​ដែល​ចាក់​ឫស​យូរអង្វែង​ដោយសារ​បញ្ហា​ក្រីក្រ ​និង​ការ​អស់សង្ឃឹម​ឡើយ។ ត្រូវ​ប្រកាស​សង្គ្រាម​ប្រឆាំង​ភាព​ក្រីក្រ​ មិនមែន​អ្នកក្រ​នោះ​ទេ! គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ! ប្រឆាំង​ទោស​ប្រហារ​ជីវិត​ និង​ការ​កាត់ទោស​កុមារ​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ»៕

XS
SM
MD
LG