អស់រយៈពេល៧០ឆ្នាំ បន្ទាប់ពីប្រទេសជប៉ុនបានចុះចាញ់កងកម្លាំងសម្ព័ន្ធមិត្តនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ ទំនាក់ទំនងរបស់ជប៉ុន និងប្រទេសជិតខាងដូចជា កូរ៉េខាងត្បូង និងចិននៅតែបន្តរងសម្ពាធ ដោយភាពទុក្ខសោកនៅអំឡុងពេលមានសង្គ្រាម។ ប៉ុន្តែ ចំពោះហ្វីលីពីន ដែលជប៉ុនបានគ្រប់គ្រងអស់រយៈពេល៣ឆ្នាំ ក្នុងអំឡុងពេលសង្គ្រាមនោះបានកំពុងបន្តទំនាក់ទំនងសេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងសន្តិសុខ។
ប្រជាជនហ្វីលីពីនមួយចំនួនមានការចងចាំដ៏ឈឺចាប់ និងយូរអង្វែងពីការកាន់កាប់របស់ជប៉ុន រវាងឆ្នាំ ១៩៤២ ដល់ឆ្នាំ១៩៤៥។ សមាជិកនៃក្រុមអ្នកនៅរស់រានពីសម័យនោះ ដែលត្រូវបានហៅថា «Lolas» ឬជាភាសាហ្វីលីពីនហៅថា «លោកយាយ» បាននិយាយថា ទាហានជប៉ុនបានបង្ខំពួកគាត់ឲ្យធ្វើជាទាសករបម្រើផ្លូវភេទឲ្យពួកគេ។
លោកយាយ Hilaria Bustamante បច្ចុប្បន្នមានអាយុ៨៩ឆ្នាំ។ គាត់បានចងចាំកាលពីពេលដែលគាត់ត្រូវបានជាប់ឃុំឃាំងរយៈពេលជាងមួយឆ្នាំ នៅភូមិកងទ័ពមួយ ក្នុងតំបន់ប្រជុំជនមួយនៅខេត្ត Bataan។
លោកយាយនិយាយថា៖ «អ្វីដែលយើងធ្វើជារៀងរាល់ថ្ងៃគឺ បោកសម្លៀកបំពាក់ ចំអិនអាហារ ហើយនៅពេលយប់មានមនុស្សប្រុសគ្រប់ប្រភេទបានរំលោភយើង ហើយយើងមិនដឹងថាពួកគេមកពីណាទេ»។
លោកយាយ Bustamante និយាយថា បន្ទាប់ពីអាមេរិកបានមកដល់ ទើបគាត់អាចចាកចេញពីភូមិកងទ័ពនោះបាន ប៉ុន្តែគាត់មិនប្រាប់អ្នកណាម្នាក់ពីអ្វីដែលបានកើតឡើងឡើយ ក្រៅពីម្តាយរបស់គាត់។ នៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ១៩៩០ គាត់បានចូលរួម ក្រុមស្រ្តីតស៊ូមតិ ឬហៅថា Lila Pilipina ដើម្បីទាមទារយុត្តិធម៌សម្រាប់ស្រ្តីរងគ្រោះដូចជារូបគាត់។
ក្រុម «Lila Pilipina» មានបំណង៣គឺ៖ ការសុំទោសជាសាធារណៈ សំណងពីរដ្ឋាភិបាលជប៉ុន និងការបញ្ចូលអំពីរឿងរ៉ាវដែលបានកើតឡើងចូលទៅក្នុងសៀវភៅប្រវត្តិសាស្រ្តហ្វីលីពីន។
ក្រុមតស៊ូមតិបានប៉ាន់ប្រមាណថា យ៉ាងតិចណាស់ក៏មានស្រ្តីហ្វីលីពីន១ម៉ឺននាក់ដែរ ដែលបានរងគ្រោះនៅក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២។ អ្នកស្រី Richilda Extremadura ប្រធានក្រុម Lila Pilipina និយាយថា បច្ចុប្បន្នមានស្រ្តី៧០នាក់នៅរស់ ហើយមានតែ៦នាក់ប៉ុណ្ណោះដែលមានរាងកាយល្អគ្រប់គ្រាន់ដែលអាចធ្វើដំណើរទៅមកបាន។
អ្នកស្រីមានប្រសាសន៍ថា៖ «ប្រសិនបើពួកគេឲ្យជនរងគ្រោះ ក៏ដូចជាអ្នកដែលនៅរស់រានទាំងនោះស្លាប់ទៅ មុនពេលដែលរដ្ឋាភិបាលសម្រេចចិត្តទទួលស្គាល់បទឧក្រិដ្ឋរបស់ពួកខ្លួន ហើយផ្តល់យុត្តិធម៌ដល់លោកយាយទាំងអស់នោះ... ខ្ញុំគិតថាវានឹងហួសពេលសម្រាប់ពួកគេ។»
នៅក្នុងឆ្នាំ១៩៩៣ រដ្ឋាភិបាលជប៉ុនបានទទួលស្គាល់ថា យោធារបស់ខ្លួនបានអនុវត្តប្រព័ន្ធនៃការធ្វើពេស្យាកម្មមួយ។ ប៉ុន្តែរដ្ឋាភិបាលទីក្រុងតូក្យូមិនបានទទួលស្គាល់ថា ការអនុវត្តនោះត្រូវបានប្រើប្រាស់ជាផ្លូវការឡើយ។ គេប៉ាន់ប្រមាណថា ទឹកដីទាំងអស់ត្រូវបានកាន់កាប់ដោយអធិរាជជប៉ុន។
មានស្រ្តីប្រមាណម្ភៃម៉ឺននាក់ត្រូវបានចាប់ធ្វើជាទាសករបម្រើផ្លូវភេទដល់ពួកកងទ័ព។ រដ្ឋាភិបាលជប៉ុនបានបង្កើតមូលនិធិសម្រាប់ផ្តល់សំណងដល់ស្រ្តីរងគ្រោះទាំងនោះ តាមរយៈការបរិច្ចាគឯកជន ហើយហ្វីលីពីនព្រមទទួលសំណងនោះ។
លោកឯកអគ្គរាជទូតជប៉ុន Kazuhide Ishikawa បានសុំទោសសម្រាប់ការឈឺចាប់ដែលជប៉ុនបានធ្វើទុក្ខបុកម្នេញនៅក្នុងសុន្ទរកថាមួយ កាលពីខែមុននៅក្នុងថ្ងៃបុណ្យហ្វីលីពីន «ថ្ងៃវីរបុរស» ដើម្បីរំលឹកដល់ទាហានក្នុងសង្គ្រាមលោកលើកទី២។
លោកបាននិយាយថា ៖ «ការចាញ់ក្នុងសង្គ្រាមលោកលើកទី២ បានធ្វើឲ្យជប៉ុនកសាងប្រទេសជាតិមួយប្រកបដោយសេរីភាព និងប្រជាធិបតេយ្យមួយ ដែលលើកកម្ពស់សិទ្ធិមនុស្ស និងគោរពនីតិរដ្ឋ» ។
លោក Ishikawa បាននិយាយទៀតថា «ជប៉ុនក៏បានចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថេរភាព និងវិបុលភាពរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងរយៈពេល៧០ឆ្នាំនេះ ក្នុងនាមជាប្រទេសជាតិមួយដែលស្រឡាញ់សន្តិភាព ជាដៃគូមួយក្នុងចំណោមដៃគូដ៏ល្អបំផុតរបស់ហ្វីលីពីន និងជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។»
ការឈឺចាប់របស់ក្រុមលោកយាយៗពិបាកក្នុងការចង្អុលបង្ហាញប្រទេស ដែលមានប្រវត្តិទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំជាមួយជប៉ុន។ លោក Ricardo Jose គឺជាអ្នកជំនាញប្រវត្តិសាស្រ្តសង្គ្រាមលោកលើកទី២នៅឯសាកលវិទ្យាល័យហ្វីលីពីន ដែលបានដាក់ទំនាក់ទំនងរវាងហ្វីលីពីន និងជប៉ុនទៅក្នុងបរិបទអាណានិគមអេស្បាញ ដែលបានគ្រប់គ្រងហ្វីលីពីនអស់ជិត៤០០ឆ្នាំ រហូតដល់ឆ្នាំ១៨៩៨។
លោកមានប្រសាសន៍ថា៖ «មុនពេលដែលអេស្បាញបានដល់ ជប៉ុនមាននៅទីនេះរួចទៅហើយ។ យើងមានទំនាក់ទំនងពាណិជ្ជកម្មល្អមួយជាមួយពួកគេ។ ដូច្នេះនៅក្នុងន័យមួយ អ្នកខ្លះអាចនិយាយថា សង្រ្គាមគឺជារឿងភ័ន្តច្រឡំមួយ»។
សង្រ្គាមបានបណ្តាលឲ្យទីក្រុងម៉ានីល និងទីក្រុងឯទៀតក្លាយជាកម្ទេចកម្ទី។ ប្រជាពលរដ្ឋហ្វីលីពីនប្រហែល មួយលាន មួយសែននាក់បានស្លាប់។ មានមនុស្សជាច្រើនបានទទួលរងអំពើឃោរឃៅដូចជា ការសម្លាប់ និងការធ្វើទារុណកម្ម។
លោក Jose និយាយថា ជំនឿលើសាសនាគ្រិស្តដែលគ្របដណ្តប់លើសលុបនៅក្នុងប្រទេសនេះ ជាមួយនឹងការសង្កត់ធ្ងន់លើការអត់ឱនទោសនោះ បានជួយឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបានត្រឡប់មករកភាពល្អប្រសើរវិញ។
លោកថា៖ «ទោះបីជាអ្នកដទៃបាននិយាយថា ព្រោះតែយើងមិនចង់ចងគំនុំនឹងមនុស្សគ្នាឯង យើងអត់ឱនទោសឲ្យដោយស្រួល ឬមួយក៏យើងមិនបានចងចាំប្រវត្តិសាស្រ្តបានល្អ។ ដូច្នេះនៅក្នុងទសវត្សរ៍ទី៦០ និង៧០ យើងបានចាប់ផ្តើមស្វាគមន៍ជប៉ុនវិញ ទោះបីជាមានសេចក្តីមិនទុកចិត្តច្រើនក៏ដោយ»។
លោក Jose និយាយថា នៅក្នុងឆ្នាំ១៩៥៦ ហ្វីលីពីន និងជប៉ុនបានព្រមព្រៀងគ្នាអំពីកញ្ចប់សំណង ដែលមានតម្លៃតិចជាង៨ពាន់លានដុល្លារអាមេរិក ដែលហ្វីលីពីនបានទាមទារពីដំបូង។ ប៉ុន្តែបើគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាផ្លូវការនោះ ប្រទេសទាំងពីរនឹងមិនអាចត្រលប់មករកគោលជំហសេដ្ឋកិច្ចដ៏រឹងមាំឡើយ។
នៅពេលដែលប្រធានាធិបតីហ្វីលីពីន Ferdinand Marcos បានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងឆ្នាំ១៩៧២ ក្រោយមកភ្លាមនោះ លោកបានផ្តល់ «សច្ចាប័នឯកតោភាគី» លើច្បាប់មួយអំពីទំនាក់ទំនងជប៉ុន ដែលបាននៅទំនេរអស់រាប់ឆ្នាំ ដោយសារតែការបង្អែរបង្អង់ក្នុងចលនាប្រឆាំងជប៉ុន។ វាបានបើកទ្វារឲ្យមានពាណិជ្ជកម្ម និងកម្ចីអភិវឌ្ឍន៍ធំៗពីជប៉ុន ដែលបានជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលបានដើរយ៉ាងរអាក់រអួលនៅក្រោមការគ្រប់គ្រងរបស់លោក Marcos ឲ្យដើរទៅមុខ។
នៅពេលបច្ចុប្បន្ន ដៃគូពាណិជ្ជកម្មធំបំផុតរបស់ហ្វីលីពីន គឺជប៉ុន ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារក្នុងការនាំចេញ និងប្រហែល៥០០លានដុល្លារអាមេរិកក្នុងការនាំចូល។ ជប៉ុនក៏គឺជាកំពូលម្ចាស់កម្ចីជំនួយអភិវឌ្ឍជាផ្លូវការ ដែលមាន៣៦ភាគរយនៃកម្ចីអភិវឌ្ឍន៍សរុប៕
បែ្រសម្រួលដោយ នូវ ពៅលក្ខិណា