បើតាមលទ្ធផលក្រៅផ្លូវការនៃការបោះឆ្នោតជាតិកាលពីថ្ងៃចន្ទនៅក្នុងប្រទេសហ្វីលីពីនបង្ហាញថា អភិបាលក្រុងម្នាក់មកពីប៉ែកខាងត្បូងប្រទេសដែលជាអ្នកនិយាយម៉ឺងម៉ាត់ម្នាក់ បាននាំមុខគេនៅក្នុងការប្រកួតប្រជែងដើម្បីតំណែងប្រធានាធិបតីរបស់ប្រទេសនេះ។
ការរាប់សន្លឹកឆ្នោតនៅពេលថ្មីៗបំផុតបញ្ជាក់ថា លោក Rodrigo Duterte អភិបាលក្រុង Davao មានសន្លឹកឆ្នោតគាំទ្រជិតពីរដងច្រើនជាងសន្លឹកឆ្នោតដែលគាំទ្រអ្នកប្រកួតប្រជែងប្រកិតបំផុតរបស់លោកគឺលោក Mar Roxas អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក Duterte ដែលមានអាយុ៧១ឆ្នាំបានទទួលការគាំទ្រដោយសារការនិយាយបែបប្រមាថមើលងាយរបស់លោកដោយលោកបានសន្យាថា នឹងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនិងអំពើពុករលួយ ដែលមានរួមបញ្ចូលការសន្យាថានឹងប្រហារជីវិតពួកឧក្រិដ្ឋជន។ ការនិយាយដូច្នេះ ធ្វើឱ្យមានការប្រៀបធៀបលោកទៅនឹងលោក Donald Trump បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋ។
លោកស្រី Grace Poe សមាជិកាព្រឹទ្ធសភាហ្វីលីពីន ដែលបានប្រជែងជាទៀងទាត់សម្រាប់តំណែងជាន់ខ្ពស់បំផុតនេះ នៅក្នុងការស្ទង់មតិសាធារណៈពីរសប្តាហ៍មុននេះ បានទទួលស្គាល់បរាជ័យរបស់លោកស្រីកាលពីយប់ថ្ងៃចន្ទ នៅពេលដែលលោកស្រីបានធ្លាក់មកថ្នាក់ទីបីនៅក្នុងការរាប់សន្លឹកឆ្នោតក្រៅផ្លូវការនេះ។ នៅក្នុងសន្និសីទកាសែតមួយដើម្បីប្រកាសអំពីសេចក្តីសម្រេចចិត្តរបស់លោកស្រី លោកស្រីបាននិយាយថាលោកស្រីនឹងគោរពលទ្ធផលនៃការបោះឆ្នោតនេះហើយនឹងធ្វើការជាមួយលោក Duterte។
លោកស្រី Poe បានមានប្រសាសន៍ថា លោកស្រីនឹងបញ្ចប់រយៈពេលបីឆ្នាំចុងក្រោយនៃអាណត្តិព្រឹទ្ធសភារបស់លោកស្រី ហើយប្រយុទ្ធដើម្បីឱ្យសំឡេងរបស់ប្រជារាស្ត្រយើងត្រូវបានគេឮនៅទីនោះ៕