ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​ថ្មី​របស់​ហ្វីលីពីន​ចង់​ឲ្យ​មាន​ការកាត់ទោស​ប្រហារ​ជីវិត​ដោយ​ព្យួរក​


បេក្ខជនប្រធានាធិបតីនាំមុខលោក Rodrigo Duterte ថ្លែងក្នុងសន្នីសីទកាសែតលើកទីពីររបស់លោកបន្ទាប់ពីការបោះឆ្នោតនៅស្រុកកំណើតរបស់លោកកាលពីថ្ងៃទី៩ ឧសភា ២០១៦។ (AP Photo/Bullit Marquez)

លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ​ដែល​ទើប​តែ​ជាប់​ឆ្នោត​ថ្មី​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ស្នើ​ដល់​សភា​ឲ្យ​ត្រឡប់​មក​អនុវត្ត​ការកាត់ទោស​ប្រហារ​ជីវិត​ឡើង​វិញ ចំពោះ​‍ឧក្រិដ្ឋកម្ម​ដូច​ជា​ ការរំលោភ​សេពសន្ថវៈ ការប្លន់ ការសម្លាប់ និង​ការជួញដូរ​ថ្នាំញៀន​ជាដើម។

លោក Duterte បាន​ថ្លែង​ប្រាប់​អ្នកកាសែត​ថា លោក​ចង់​ប្រើ​វិធីសាស្រ្ត​នៃ​ការប្រហារជីវិត​ដោយ​ព្យួរកពី​ព្រោះ​លោកយល់​ថា​វា​នៅ​មាន​លក្ខណៈ​មនុស្សធម៌។

លោក​ក៏​បាន​និយាយ​ដែរ​ថា លោក​នឹង​ផ្តល់​ការអនុញ្ញាត​ឲ្យ​ប៉ូលិស​បាញ់​សម្លាប់​ជន​ដៃ​ដល់​ណា ​ដែល​តតាំង​មិន​ព្រម​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​ដោយ​សន្តិវិធី។

លោក Duterte ​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតី​កាល​ពី​សប្តាហ៍​មុន បន្ទាប់​ពី​លោក​បាន​សន្យា​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​ខ្លួន​ថា លោក​នឹង​បង្ក្រាប​អំពើ​ឧក្រិដ្ឋកម្ម​ក្នុង​អំឡុងពេល​៦​ខែ​ដំបូង​ដែល​លោក​ចូល​កាន់​តំណែង។

អង្គការ​សិទ្ធិមនុស្ស​នានា​បាន​ចោទប្រកាន់​លោក ​Duterte ថា​ជា​អ្នកគ្រប់គ្រង​ក្រុម​ប្រហារជីវិត​ដែល​បាន​សម្លាប់​មនុស្ស​អស់​ជាង​១.១០០​នាក់​ ក្នុង​អំឡុង​ពេល​ដែល​លោក​ធ្វើ​ជា​អភិបាល​ទីក្រុង ​Davao​ នោះ។​

លោកDuterte ​ក៏​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​បន្ត​ការចរចា​ជាមួយ​នឹង​ប្រទេស​ចិនដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ហើយ​លោក​ក៏​បាន​និយាយ​ថា លោក​នឹង​ពិចារណា​ផ្តល់​តំណែង​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​ដល់ក្រុមឧទ្ទាម​កុម្មុយនិស្ត៕

XS
SM
MD
LG