ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នឹងប្រកួតប្រជែងធ្វើជាសមាជិកព្រឹទ្ធសភាហ្វីលីពីននៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយដោយលោកជៀសវាងការឈរឈ្មោះធ្វើជាអនុប្រធានាធិបតីហ្វីលីពីនដែលអាចជាការប្រកួតប្រជែងជាមួយកូនស្រីរបស់លោក។
លោក Bong Go ដែលជាសមាជិកព្រឹទ្ធសភាហ្វីលីពីននិងជាមនុស្សជំនិតរបស់លោក Duterte បានប្រាប់ក្រុមអ្នកសារព័ត៌មានថាលោក Duterte បានដាក់ឯកសារសម្រាប់យុទ្ធនាការឃោសនារក សំឡេងឆ្នោតជាផ្លូវការរបស់លោករួចហើយ ជាមួយគណៈកម្មការរៀបចំការបោះឆ្នោតនៅថ្ងៃចន្ទនេះ។
ការសម្រេចចិត្តរបស់លោក Duterte កើតមានឡើងជាច្រើនថ្ងៃបន្ទាប់ពីកូនស្រីរបស់លោកគឹលោកស្រី Sara Duterte-Carpio ដែលជាអភិបាលទីក្រុង Davao បានប្រកាសថាលោកស្រីនឹងស្វះស្វែងឈរឈ្មោះជាអនុប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន។ កាលពីមុន លោកស្រី Duterte-Carpio ត្រូវគេរំពឹងថានឹងឈរឈ្មោះធ្វើប្រធានាធិបតីជំនួសឪពុករបស់លោកស្រីនិងមានសំឡេងនាំមុខនៅក្នុងការស្ទង់មតិជាច្រើន។
លោក Duterte មិនអាចឈរឈ្មោះជាប្រធានាធិបតីក្នុងអណត្តិទី២បានឡើយដែលត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញរបស់ប្រទេសហ្វីលីពីន។
តុលាការព្រហ្មទណ្ឌអន្តរជាតិបានបើកការស៊ើបអង្គេតមួយទៅលើការយុទ្ធនាការនៃការបង្ក្រាបដ៏ឃោរឃៅរបស់លោក Duterte ជុំវិញបញ្ហាគ្រឿងញឿននៅក្នុងប្រទេសហ្វីលីពីនបន្ទាប់ពីលោកបានឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនកាលពីឆ្នាំ២០១៦។ ការបង្ក្រាបនោះបានសម្លាប់មនុស្សអស់ជាង៨.៦០០នាក់នៅក្នុងប្រទេសហ្វីលីពីន។នេះបើយោងទៅលើរបាយការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីដើមឆ្នាំនេះដោយការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
នៅក្នុងប្រទេសហ្វីលីពីន ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងអនុប្រធានាធិបតីធ្វើឡើងដាច់ដោយឡែកពីគ្នា។ បេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅក្នុងប្រទេសហ្វីលីពីននៅឆ្នាំក្រោយគឹមានសមាជិកព្រឹទ្ធសភាលោក Bong Go ដែលគាំទ្រដោយលោក Duterte និងលោកFerdinand Marcos, Junior ដែលជាកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការលោក Ferdinand Marcos ៕
ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press និង Reuters។