ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា កងទ័ពហ្វីលីពីនបានរកឃើញអ្នកស្លាប់៥ នាក់ចុងក្រោយ បន្ទាប់ពីការធ្លាក់យន្តហោះនៅភាគខាងត្បូងប្រទេស ដោយធ្វើឲ្យចំនួនមនុស្សស្លាប់ឡើងដល់៥០ នាក់នៅក្នុងគ្រោះមហន្តរាយអាក្រក់បំផុតរបស់យោធាហ្វីលីពីន។ នេះ បើតាមទីភ្នាក់ងារសារព័ត៌មាន AP។
មន្រ្តីយោធានិយាយថា យន្តហោះ Lockheed C-130 Hercules បានដឹកកងទ័ព៩៦នាក់ នៅពេលដែលវាចុះហោះហួសផ្លូវនៅអាកាសយានដ្ឋាន Jolo ក្នុងខេត្ត Sulu។ វាបានបុកចម្ការដូងនៅក្រៅអាកាសយានដ្ឋាន និងបានឆេះនៅពេលថ្ងៃត្រង់។ ទាហាន និងអ្នកភូមិឃើញគ្រោះមហន្តរាយដ៏រន្ធត់នេះ។
ទាហាន ប៉ូលិស និងអ្នកពន្លត់អគ្គីភ័យ បានសង្គ្រោះបុគ្គលិកយោធាចំនួន៤៩ នាក់ ក្នុងនោះមានមួយចំនួនបានលោតចុះពីលើយន្តហោះមុនពេលវាផ្ទុះឆេះ។ មនុស្ស៧ នាក់នៅលើដី បានរងគ្រោះដោយបំណែកយន្តហោះ និងកម្ទេចកម្ទី ហើយពួកគេ៣នាក់បានស្លាប់។
វាគឺជាយន្តហោះមួយនៃយន្តហោះ Lockheed C-130 Hercules ចម្បាំងពីរគ្រឿងដែលសហរដ្ឋអាមេរិកប្រគល់ឱ្យប្រទេសហ្វីលីពីនដែលជាផ្នែកមួយនៃជំនួយយោធានៅឆ្នាំនេះ។ ប្រទេសហ្វីលីពីនជាសម្ព័ន្ធមិត្តចំណាស់ជាងគេបំផុតរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅអាស៊ី។
មុនគ្រោះថ្នាក់នេះ យន្តហោះនេះ ដឹកលោកឧត្តមសេនីយ៍ទោ Romeo Brawner Jr ភរិយា និងកូន៣ នាក់ពីទីក្រុងម៉ានីលទៅទីក្រុង Cagayan de Oro ភាគខាងត្បូងជាកន្លែងដែលលោកចូលរួមពិធីក្លាយជាមេបញ្ជាការថ្មីប្រចាំតំបន់នេះនៅថ្ងៃចន្ទ។
អ្នកជិះយន្តហោះ C-130 នេះដែលធ្វើដំណើរចេញពីទីក្រុង Cagayan de Oro ទៅកាន់ខេត្ត Sulu គឺជាកងទ័ពដែលភាគច្រើនជាទាហានដែលទើបនឹងទទួលការបណ្តុះបណ្តាលថ្មីៗហើយដែលត្រូវទៅប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធ Abu Sayyaf នៅភាគខាងត្បូង៕